(ក្រុងឡុងដ៍)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករខ្សែបម្រើ Alex Oxlade-Chamberlain នឹងខកខានការប្រកួតរវាង Liverpool ប៉ះ Arsenal ក្នុងការដណ្តើមពានរង្វាន់បើករដូវកាលថ្មីរបស់ក្របខណ្ឌបាល់ទាត់អង់គ្លេស FA Community Shield ដោយសារបញ្ហារបួសជង្គង់ក្នុងអំឡុងពេលហ្វឹកហាត់។
អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានឲ្យដឹងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដោយបង្ហាញថា ខ្សែបម្រើ Chamberlain វ័យ២៧ឆ្នាំអាចនឹងខកខានជួយក្រុមក្នុងការប្រកួតដណ្តើមពានរង្វាន់ FA Community Shield ដែលការប្រកួតនឹងធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
លោក Klopp បានលើកឡើងថា «យើងមិនដឹងច្បាស់អំពីបញ្ហារបស់គាត់នោះទេក្នុងរយៈពេលវែងទាំងជំនួបរវាង Arsenal ក៏មិនច្បាស់ និងការប្រកួតរដូវកាលថ្មីដែលនៅសល់ពេល ២សប្តាហ៍នោះក៏នៅមិនទាន់ដឹងនៅឡើយ» ខណៈកីឡាកររូបនេះត្រូវបានក្លិបហង្សក្រហម នាំយកពីក្លិប Arsenal កាលឆ្នាំ២០១៧។
រំលឹកផងថា សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ FA Community Shield ខាងលើនេះគឺជាការប្រកួតរវាងក្រុមម្ចាស់ជើងឯកពានរង្វាន់ ក្របខណ្ឌបាល់ទាត់អង់គ្លេស ២ផ្សេងគ្នាមានក្រុមជើងឯកលីគកំពូល Premier League ក្រុមហង្សក្រហម Liverpool ទល់នឹងក្រុមឈ្នះពាន FA Cup កាំភ្លើងធំ Arsenal៕