(ភ្នំពេញ)៖ ទីបំផុតសាមណេរ ជី ដេវិត បានសម្រេចចិត្តលាចាកសិក្ខាបទហើយនៅព្រឹកនេះ បន្ទាប់ពីដាក់ចិត្តដាក់កាយសាងផ្នួសរយៈពេល១ខែ នៅវត្តល្អាងកង្កែប នាខេត្តបាត់ដំបង។ ក្នុងពិធីលាចាកសិក្ខាបទនេះ គេសង្កេតឃើញគូស្នេហ៍របស់លោក គឺកញ្ញា ទេព បូព្រឹក្ស បានធ្វើដំណើរពីភ្នំពេញ ទៅទទួលរូបលោកដល់ខេត្តបាត់ដំបង ដើម្បីត្រឡប់មកភ្នំពេញ បន្តការងារដ៏មមាញឹករបស់ពួកគេវិញ។
កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពលាចាកសិក្ខាបទរបស់លោក ជី ដេវិត ដោយបានសរសេរថា «ចាសថ្ងៃនេះត្រឡប់ទៅភ្នំពេញវិញហើយ»។ ដែលសារនេះ បានបញ្ជាក់យ៉ាងច្បាស់ថា រូបនាងពិតជាបានទៅទទួលយកលោក ជី ដេវិត ដល់ខេត្តបាត់ដំបងមែន។
ជុំវិញការលាចាកសិក្ខាបទនេះ Fresh News Plus បានទាក់ទងទៅកញ្ញា ទេព បូព្រឹក្ស ប៉ុន្តែត្រូវបានសហការីរបស់នាងទទួលទូរស័ព្ទជំនួស ដោយបានបញ្ជាក់ប្រាប់ថា តារាចម្រៀងទេព បូព្រឹក្ស កំពុងជាប់រវល់នៅឯខេត្តបាត់ដំបង ទៅចូលរួមពិធីលាចាកសិក្ខាបទរបស់លោក ជី ដេវិត ដែលធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ នេះ។
គួរជម្រាបថា កាលពីខែកក្កដាកន្លងទៅ តារារ៉េបល្បីឈ្មោះ ងួន ចា ន់ដេវីត មុនពេលទៅសាងផ្នួស បានទិញឡានដ៏ថ្មីស្រឡាង ដែលជាឡានម៉ាក Rolls-Royce ស៊េរីទំនើប មានតម្លៃថ្លៃកប់ពពក ជូនដល់គូស្នេហ៍ជាទីស្រឡាញ់ គឺកញ្ញា ទេព បូព្រឹក្ស ដែលធ្វើឲ្យហ្វេនៗជាច្រើនបានចូលរួមអបអរ ចំពោះគូស្នេហ៍អ្នកទាំងពីរផងដែរ៕