(ភ្នំពេញ)៖ លោក ឆន សុវណ្ណរាជ ជាតារាចម្រៀងលំដាប់ជួរមុខល្បីមួយរូប នៅក្នុងប្រទេសកម្ពុជា។ លោកជាតារាមានរូបសង្ហា និងមានចរិតស្លូតបូតដែលមានអ្នកនិយមគាំទ្រស្រឡាញ់គ្រប់ៗគ្នា។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោកមិនដែលលេចឮរឿងមានស្នេហាជាមួយនរណា​ឡើយ ដែលធ្វើឲ្យអ្នកគាំទ្រយល់ថា ប្រហែលជាលោកមានលក្ខខណ្ឌតឹងតែងខ្លាំង ចំពោះអនាគតភរិយារបស់លោក ឬក៏យ៉ាងណានោះទេ។ អ្វីដែលសំខាន់ពេលនេះ Fresh News Plus ស្វែងរកនូវព័ត៌មានដែលទាក់ទងនិងប្រវត្តិ ជីវិតគ្រួសារ ស្នេហា និងទម្លាប់រស់នៅរបស់លោកមកចែកជូនលោកអ្នក ជាអ្នកគាំទ្រលោកឲ្យមានដឹងកាន់តែច្បាស់។

* អំពីប្រវត្តិសង្ខេប គ្រួសារ និងការសិក្សា៖
លោក ឆន សុវណ្ណរាជ ( Chhorn SovannaReach) កើតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៨៥ នៅខេត្តកំពង់ស្ពឺ។ លោកជាកូនទី៣ក្នុងចំណោមបងប្អូន៨នាក់ ​ប្រុស២នាក់ និងស្រី៦នាក់ ក្នុងគ្រួសារ​ដែលមាន​កំរិត​ជីវភាពមធ្យម។ ឆន សុវណ្ណារាជ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ​ផ្នែកគណនេយ្យ នៅសាកលវិទ្យាល័យបៀលប្រាយ (BBU) ។ លោក ឆន សុវណ្ណរាជ បច្ចុប្បន្នមានអាយុ៣៥ឆ្នាំ (ឆ្នាំ២០២០) និងមាន​កំពស់ ១៧៥ សង់ទីម៉ែត្រ។

* អំពីស្នាដៃក្នុងវិស័យសិល្បៈ៖
លោក ឆន សុវណ្ណរាជ ចូលចិត្ត​​ចម្រៀងតាំងតែ​ពី​កុមារភាព​មកម្ល៉េះ លោក​តែងតែ​ស្រមៃ​ថា ថ្ងៃ​ណាមួយ​លោកនឹង​ក្លាយជា​តារាចម្រៀង​មួយរូប​ ប្រចាំ​ប្រទេស​ហើយព្យាយាម ដើម្បី​សំរេចសេចក្ដី​ប៉ងប្រាថ្នានេះ។​ លោក​មិនដែល​ធ្លាប់បាន​ប្រឡង​ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ណាមួយឡើយ​ ដោយហេតុថា លោកខ្វះ​ភាពជឿជាក់​ តែលោកមិនដែលបោះបង់ក្តីប្រាថ្នានោះឡើយ។ គ្រប់កម្មវិធី​ជប់លៀង​ឬមង្គលការ​របស់​មិត្តភក្តិ ឬរបស់បងប្អូន លោកតែងតែឡើងច្រៀងជានិច្ច។

ក្នុងឆ្នាំ២០០៥ ដោយមានការជំរុញ និងលើកទឹកចិត្តពីមិត្តភក្តិ និងបងប្អូន លោកបានដាក់ពាក្យ និងចូលធ្វើតេស្តសំឡេងនៅផលិតកម្ម​ U2 និងផលិតកម្ម​ចេនឡាប្រាដឺដែលជាបុត្រសម្ព័ន្ធនឹងគ្នា បានចំនួន២បទគឺបទ «ពេលណាអូនស្មោះ» និងបទ «ចាំទាំងត្រដរ» ហើយ​បានរង់ចាំមួយរយៈ តែមិនឃើញការឆ្លើយតបពីផលិតកម្ម​ខាងលើនេះទេ។ តែលោកក៏មិនបានបាក់ទឹកចិត្តឡើយ លោកបន្តដាក់ពាក្យចូលផលិតកម្មរស្មីហង្សមាសបន្តទៀត និងបន្ទាប់មកត្រូវបាន​ថ្នាក់ដឹកនាំហង្សមាស អនុញ្ញាតឲ្យចូលច្រៀងក្នុងផលិតកម្ម ក្រោយពីបានធ្វើតេស្តសំឡេងតាំងពីពេលនោះមក។ លោកក៏ក្លាយជាអ្នកចម្រៀងប្រចាំផលិតកម្ម ហង្សមាស ចាប់ពីពេលនោះមក។ បទដំបូងៗដែលលោកបានធ្វើឲ្យអ្នកគាំទ្រស្គាល់​នោះគឺបទ «យំប្រាប់មេឃ» «​១ខែ១០ថ្ងៃ» «ឲ្យបងចាំអូនដល់ពេលណា» «រឿងនិទានមុនចូលគេង» ជាដើម។ ក្នុងផលិតកម្មរស្មីហង្សមាស លោកច្រៀងឆ្លងឆ្លើយជាមូយ សុគន្ធ និសា, ឱក សុគន្ធកញ្ញា បានយ៉ាងល្អនិងស៊ីសង្វាក់គ្នា។ ក្រោយពីសាងភាពល្បីល្បាញក្នុងផលិតកម្មរស្មីហង្សមាសហើយ​នោះ លោកក៏បានបង្ហាញខ្លួនលើឆាកតន្រ្តីលំដាប់អន្តរជាតិ ក្នុងប្រទេសកម្ពុជា៤ឆ្នាំជាប់គ្នា ក្នុងកម្មវិធី ​«Best of the Best»​ ដែលត្រូវបានចាប់អារម្មណ៍ជាខ្លាំងពីមហាជន។

បទចម្រៀងដែលមានការទទួលស្គាល់ខ្លាំង គឺបទ​ «ទីក្រុងគ្មានមេឃ» និងបទ «នឹក A ស្រឡាញ់ B» សុទ្ធសឹងជាបទដែលបានអង្រួនដួងចិត្តយុវវ័យនាសម័យ​ឆ្នាំ២០១២។ ភាពល្បីឈ្មោះនេះ លោក ឆន សុវណ្ណរាជ ត្រូវបានអញ្ជើញចេញទៅសម្តែងក្រៅប្រទេសជាច្រើនដង ដូចជា​នៅប្រទេសកូរ៉េ បារាំង អូស្ត្រាលី និងអាមេរិកជាដើម។

លោក ឆន សុវណ្ណរាជ គឺជាតារាចម្រៀងប្រុសតែម្នាក់គត់ប្រចាំផលិតកម្មហង្សមាស ដែលមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយនៅប្រទេសចិន មានឈ្មោះថា «មហោស្រពតន្រ្តីចម្រៀងអាស៊ាន»។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងរឹតបន្តឹងមិត្តភាពរវាងចិន និងអាស៊ាន ដោយក្នុងនោះលោក ឆន សុវណ្ណារាជ ត្រូវបានកម្មវិធីអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមសម្ដែង នៅព្រឹត្តិការណ៍នោះ។

និងស្នាដៃមួយទៀតដែលលោក ឆន សុវណ្ណរាជ ទទួលបានគឺពានរង្វាន់របស់ប្រទេសចិន (Cultural Ambassador of ZhengZhou) ដែលជាមោទនភាពដោយបានបង្ហាញពីសិល្បៈវប្បធម៌ចម្រៀង និងវប្បធម៌ផ្សេងៗរបស់កម្ពុជាទៅកាន់មនុស្សជាតិ លើពិភពលោកបានស្គាល់។

ក្រៅពីវិស័យចម្រៀង និងបទពិសោធន៍ក្នុងការសម្តែង MV លោកក៏ត្រូវបានផលិតកម្មជ្រើសរើស​ឲ្យធ្វើជាតួសម្តែងក្នុងរឿងភាពយន្តរបស់ផលិតកម្ម​ គឺក្នុងរឿងភាគ «សិសិររដូវ​ក្នុងបេះដូង»​ តួឯកជាមួយ សុគន្ធ និសា ផងដែរ ហើយក៏ជារឿងទទួលបានការសរសើ ពីអ្នកគាំទ្រយ៉ាងខ្លាំងនាពេលនោះ។

ក្រៅពីសមិទ្ធផលនិងស្នាដៃខាងលើ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបាន​ជ្រើរើសជា​ «COACH» ក្នុងកម្មវិធី «The Voice Cambodia» និង «Cambodian Idol» ​ដែលជាកម្មវិធីដ៏ល្បីលើពិភពលោក ដែលត្រូវបង្កើតឡើងនៅកម្ពុជា។ ​បេក្ខជន ប៊ុត សីហា ជាកូនក្រុមរបស់លោកក្នុងកម្មវិធី The Voice Cambodia ទទួលបានជោគជ័យនារដូវកាលទី១នេះ។

* អំពីជីវិតស្នេហា៖
បើនិយាយពីរឿងស្នេហាវិញ ដូចជារឿងចំឡែកបន្តិច ព្រោះថា​គិតមកដល់ពេលនេះ​ (ឆ្នាំ២០២០) លោក ឆន សុវណ្ណរាជ មានអាយុ៣៥ឆ្នាំហើយ តែតារាប្រុសល្បីលំដាប់ជួរមុខនៃប្រទេស និងមានរូបរាងសង្ហារូបនេះ ហាក់បីដូចជាមាន «បេះដូងស្ងប់ស្ងាត់» ក្នុងរឿងស្នេហាមិនដែលលេចឮម្ដងណាឡើយថា លោកមានស្នេហាឬមានអ្នកតាមស្រឡាញ់​ ឬមួយតារារូបនេះ មានលក្ខខណ្ឌតឹងតែងខ្លាំងចំពោះ «ម្ចាស់ក្សត្រី» ក្នុងដួងចិត្តរបស់លោក ឬក៏មិនទាន់ដល់ពេលលោកបើកបេះដូងទទួល​រឿងស្នេហា។ ចំពោះរឿងនេះ Fresh News Plus ទុកពេលវេលាជូនលោក ព្រោះជារឿងផ្ទាល់ខ្លួននិងគ្រួសារ និងជារឿងអនាគតរបស់លោកផ្ទាល់ខ្លួន។

* អំពីជំនួញក្រៅពីសិល្បៈ៖​
ក្រៅពីអាជីពជាអ្នកសិល្បៈ តើលោក ឆន សុវណ្ណរាជ មានមុខជំនួញអ្វីខ្លះនោះ? នៅឆ្នាំ​២០០៧ យើងនៅចាំថា លោកបានបើកហាងកាត់ដេរសម្លៀកបំពាក់ ព្រមទាំងហាងថតរូបមួយកន្លែងមានទីតាំងតាមបណ្តោយផ្លូវទេពផន តែបច្ចុប្បន្ននេះពុំឃើញមានដំណើការទេ នេះអាចថាលោក​រវល់នឹងការងារសិល្បៈ ធ្វើឲ្យលោកពុំមានពេលគ្រប់គ្រាន់សម្រាប់ការងារជំនួញ ទើបហាងនេះមិនបានដំណើរការបន្តទៀត។

ក្រៅពីភាពល្បីល្បាញបានពីសំឡេង​ដ៏ពីរោះ រូបសម្បត្តិដ៏សង្ហាហើយនោះ បានទាក់ទាញដល់ម្ចាស់ផលិតផលមួយចំនួន ​មិនអាចខ្វះរូបលោកបាន ដោយបានអញ្ជើញលោកជាតំណាងផលិតផលរបស់ក្រុមហ៊ុន​ មានដូចជា​ផលិតផល VASELINE ខោទ្រនាប់ HEROPOWER ជាដើម។

* អំពីរឿងចចាមអារ៉ាម ​និងផ្សាយក្នុងសារព័ត៌មាន៖

រឿងរ៉ាវជុំវិញខ្លួន លោក ឆន សុវណ្ណរាជ ក្នុងសារព័ត៌មានតែងតែរងនូវព័ត៌មាន​ខ្លះៗ ដោយគេចមិនផុតឡើយ ព្រោះលោកជាមនុស្សដែលមហាជនចាប់អារម្មណ៍ ដូចជាកន្លងទៅលេចឮថា លោកជាមនុស្សស្រឡាញ់ភេទដូចគ្នាម្តងជាពីរដង ត្រូវបានចុះផ្សាយលើទំព័រសារព័ត៌មានអេឡិចត្រូនិចនាពេលនោះ តែចំពោះរឿងចចាមអារ៉ាមនោះ ក៏ស្ងប់ស្ងាត់ទៅវិញដោយមានការបកស្រាយពីលោក​ ព្រោះជាព័ត៌មានមិនពិត គឺជាព័ត៌មានដើម្បីជាការទាក់ទាញឲ្យមានការចាប់អារម្មណ៍ ពីអ្នកអានរបស់ខ្លួន។ ​មានរឿងដូចជា ថាលោកមានស្នេហាជាមួយ ឱក សុគន្ធកញ្ញា ក្រោយពីលេចរូបភាពស្និទ្ធស្នាលគ្នា និងបាត់ស្ងាត់ទៅវិញក្រោយការចេញបកស្រាយពីម្ចាស់ខ្លួនទាំងសងខាង​ និងរឹតតែស្ងាត់ក្រោយ​ ឱក សុគន្ធកញ្ញា រៀបការហើយ។​​​ មានការផ្សាយកោតសរសើរ ពីទង្វើ​​​កតញ្ញូរបស់លោកចំពោះឪពុកម្តាយ ដូចជារឿយៗលោក ឆន សុវណ្ណរាជ តែងតែ​ទិញវត្ថុមានតម្លៃដូចជា មាស ពេជ្រ ជូនឪពុកម្តាយក្នុងពេលខួបកំណើត ឬពេលចូលឆ្នាំជាដើម។

* អំពីទ្រព្យសម្បត្តិ៖

ដោយឈរជាលំដាប់ជួរមុខលើវិស័យសិល្បៈចម្រៀងក្នុងប្រទេស ពិតជាមហាជនចង់ដឹងណាស់ថា តារារូបនេះមានទ្រព្យសម្បត្តិអ្វីខ្លះ ក្នុងរូបភាពលល្បីល្បាញអស់រយៈពេល១៥ឆ្នាំមក​។ តាមការស្វែងរកព័ត៌មានឃើញថាលោក ឆន សុវណ្ណរាជ មានយានជំនិៈផ្ទាល់ខ្លួន រថយន្តតូយ៉ាតាម៉ាក «SIENNA» ដែលមានតម្លៃប្រហែល១០ម៉ឺនដុល្លារ។ ​មានផ្ទះវីឡានៅក្នុងបុរីមួយក្នុងតំបន់ទួលគោក ដែលជាតំបន់សក្តានុពលខ្ពស់ និងផ្ទះវីឡាមួយកន្លែងទៀតនៅតំបន់ទួលសង្កែ និងមានអចលនទ្រព្យ​ផ្សេងៗទៀត ជាមួយគ្រឿងអលង្ការ​មួយចំនួន។

* អំពីទម្លាប់ និងចំណង់ចំណូលចិត្ត៖

ជាទម្លាប់ក្នុងបណ្តាញសង្គម លោក ឆន សុវណ្ណរាជ និយមលេងទាំង Feabook និង Instagram ដែល​ Feabook មានអ្នក Follow 815K និង Instagram មានអ្នក Follow 633K​។ យូរៗម្តងលោកចេញដើរកំសាន្តជាក្រុមគ្រួសារ នៅតំបន់ទេសចរណ៍នានាក្នុងប្រទេស និងពេលបុណ្យទានលោកក៏និយមទៅជាក្រុមគ្រួសារ មានឪពុម្ដាយបងប្អូនជាមិនដែលខាន​​។ ទម្លាប់មួយទៀត​លោកចូលចិត្តអានសៀវភៅ។ ពេលធ្វើដំណើរតាមរថយន្តទៅតាមខេត្តដើម្បីសម្តែងម្តងៗ​ លោកតែងតែអានសៀវភៅជានិច្ច និងពេលនៅផ្ទះទំនេរពីការងារច្រៀង លោកតែងឆ្លៀតតែងនិពន្ធនូវបទចម្រៀង។

លោក ឆន សុវណ្ណរាជ មានទម្លាប់ពិសេសមួយទៀត​ គឺលោកមានចំណូលចិត្តសន្សំគ្រឿង​អលង្ការមាស និងពេជ្រ​។​ លោកកម្រចេញក្រៅណាស់លោកទម្លាប់នៅផ្ទះពេលទំនេរ។​ លោកហាត់ប្រាណនៅផ្ទះពេលព្រឹក និងហាត់រាំនៅក្រុមហ៊ុនពេលមានបទថ្មី។​​ លោកទទួលទានស្រា និងស្រាបៀរកំរិតតិចបំផុត និងទម្លាប់ញ៉ាំទឹកប្រហែល៣លីត្រក្នុងមួយថ្ងៃ។ ចំណែកសម្លៀកបំពាក់វិញលោកទិញតិចតួច លោកនិយមកាត់ដេរដោយមានជាងផ្ទាល់ខ្លួន និងចេញម៉ូដដោយខ្លួនលោកផ្ទាល់ និងមានការប្រឹក្សាពីជំនួយការលោកផ្ទាល់។ លោកនិយមពាក់គ្រឿងអលង្ការមាស និងពេជ្រធំៗក្នុងកម្មវិធីសង្គមផ្សេងៗរួមទាំងការសម្តែងម្តងៗផងដែរ៕