(បាសេឡូណា)៖ ក្លិបយក្សអេស្ប៉ាញ FC Barcelona បានកំពុងទាក់ទងទៅក្លិបអង់គ្លេស Manchester City ក្នុងការនាំយកកីឡាករអេស្ប៉ាញវ័យ ២៣ឆ្នាំ Angelino ដែលទើបតែវិលត្រឡប់មកពីការខ្ចីជើងរយៈពេល ៦ខែនៅឯក្លិប RB Leipzig របស់អាល្លឺម៉ង់ ដែលបានបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ Champions League នាពេលថ្មីៗនេះ។
តាមរយៈព័ត៌មានពី BBC បានចេញផ្សាយឲ្យដឹងនៅថ្ងៃនេះថា Angelino បានចូលរួមជាមួយ City កាលពីឆ្នាំ២០១៤ មុនពេលចាកចេញទៅក្លិប PSV Eindhoven របស់ហូឡង់ក្នុងឆ្នាំ២០១៨ ហើយបានវិលត្រឡប់ទៅកាន់ City វិញកាលពីរដូវក្តៅមុន ក្រោមលក្ខខណ្ឌទិញត្រឡប់មកវិញក្នុងតម្លៃត្រឹមតែ ៥.៣លានផោនប៉ុណ្ណោះ។
Angelino បានបង្ហាញខ្លួនជាលើកដំបូងចំនួន ១២ប្រកួតក្នុងក្រុម Man City កាលពីរដូវកាលមុន មុនពេលផ្លាស់ទៅប្រទេសអាល្លឺម៉ង់ ក្នុងក្លិប RB Leipzig។
កិច្ចព្រមព្រៀងជាមួយ Leipzig មានតម្លៃ ៣០លានអឺរ៉ូ (ស្មើនឹង ២៧លានផោន) ក្នុងការទិញផ្តាច់កិច្ចសន្យា ក្នុងកាលៈទេសៈដែល Man City បានកំពុងតែស្វែងរកប្រាក់បន្ថែម ដើម្បីរុះរើក្រុមរបស់ពួកគេឡើងវិញ ដូចទៅនឹងអ្នកចាត់ការទុទៅថ្មីលោក Ronald Koeman របស់ Barcelona ផងដែរ បន្ទាប់ពីបរាជ័យក្នុងលទ្ធផល ៨-២ នៃក្របខណ្ឌ Champions League ក្រោមកណ្តាប់ដៃរបស់ក្រុម Bayern Munich កាលសប្តាហ៍មុន។
Angelino លេងបាន ១៨ប្រកួតឲ្យ RB Leipzig កាលពីរដូវកាលមុន និងក៏ជាខ្សែការពារ១រូបដែលបានជួយក្លិបដែលទើបបង្កើតឡើងបាន ១១ឆ្នាំនេះឡើងដល់វគ្គ semi-final លើកដំបូងនៅ UCL ថែមទៀតផង មុនពេលចាញ់ក្រុម Paris Saint-Germain ក្នុងលទ្ធផល ៣-០ ក្នុងការដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រនោះ៕