(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានសម្រេចដាក់ទណ្ឌកម្មកីឡាករ ២រូបគឺ ណៃ សារ៉ាវ័យ និងកីឡាករជម្រើសជាតិ ឡាយ ភក្ដី បន្ទាប់ពីអ្នកទាំងពីរនេះបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ផ្ទុយពីក្រមសីលធម៌ និងវិន័យរបស់សហព័ន្ធ ដែលមិនអាចលើកលែងបាន។

យោងតាមសេចក្ដីសម្រេចរបស់សហព័ន្ធ កីឡាករ ណៃ សារ៉ាវ័យ ដែលជាអតីតកីឡាករវាយកូនឃ្លីលើតុជម្រើសជាតិកម្ពុជា ត្រូវបានសហព័ន្ធសម្រេចបញ្ឈប់គ្រប់សកម្មភាពកីឡាវាយកូនឃ្លីលើតុ។ ចំណែក ឡាយ ភក្ដី ត្រូវបានព្យួរ មិនឲ្យចូលរួមប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានារយៈពេល ១ឆ្នាំ។

បន្ទាប់ពីចេញសេចក្ដីប្រកាសដាក់ទណ្ឌកម្មនេះដែរ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ដោយសារអ្នកទាំងពីរបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ មិនអាចលើកលែងបាន ទើបថ្នាក់ដឹកនាំសហព័ន្ធ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ សម្រេចដាក់ពិន័យពួកគេ ដើម្បីចៀសវាងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍វិស័យកីឡាវាយកូនឃ្លីលើតុកកម្ពុជា។

លោកបន្ដថា «ចំពោះ ឡាយ ភក្ដី អត់មានអីប៉ះពាល់ខ្លាំង គ្រាន់តែអត់វិន័យក្នុងការហ្វឹកហាត់។ កន្លងមកយើងឲ្យឈប់ជក់បារី ក៏អត់ឈប់ ឲ្យមកហាត់ទៀងម៉ោង ក៏អត់មក ហើយមិនគោរពកិច្ចសន្យាទៀត។ ចំណែក ណៃ សារ៉ាវ័យ ទី១-មិនមានវិន័យ ទី២-ដើរបោកប្រាស់គេ (ក្នុងការប្រព្រឹត្តល្បែងស៊ីសងតាម Online ច្រើន) ដែលយើងមិនអាចបន្ដក្នុងអាជីពកីឡាករទៀតបាន ហើយសមាជិកប្រតិបត្តិបានសម្រេចបញ្ឈប់តែម្ដង...»