(ភ្នំពេញ)៖ បើទោះបីជាហេតុការណ៍នេះ បានកន្លងផុតទៅអស់រយៈកាលជាង៤ឆ្នាំទៅហើយក្ដី ប៉ុន្តែការស្លាប់របស់អតីតតារាចម្រៀង និងសម្ដែង ហួត សារ៉ាវឌី និងស្វាមី នៅតែក្លាយជារឿងមន្ទិលសង្ស័យដ៏រសើបមួយ សម្រាប់មហាជន ក៏ដូចជាសាច់ញាតិផ្ទាល់ ខណៈដែលថ្មីៗនេះ កូនស្រីរបស់តារាចម្រៀងរូបនេះ គឺអ្នកនាង ជុង សារ៉ាច័ន្ទ ហាក់នៅតែមិនអស់ចិត្ត និងចង់ឲ្យសមត្ថកិច្ចនៅមូលដ្ឋានផ្ទាល់នៃខេត្តព្រៃវែង បន្តសើរើស្រាវជ្រាវ វែករកមុខឃាតករពិតប្រាកដ ដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់។
កូនស្រីតារាចម្រៀង ហួត សារ៉ាវឌី គឺអ្នកនាង ជុង សារ៉ាច័ន្ទ បានថ្លែងប្រាប់ Fresh News Plus ថា រហូតមកដល់ពេលនេះ ដោយសារតែអ្នកនាងមិនទាន់មានសំណាងណាមួយ នឹងចាប់ផ្ដើមសើរើស្រាវជ្រាវលើសំណុំរឿង ដែលសង្ស័យថា ជាករណីឃាតកម្មលើម្ដាយរបស់នាង កាលពីជាង៤ឆ្នាំមុននោះ ទើបចេះតែមិនចង់រំឭក និងចង់បំភ្លេចការឈឺចាប់នេះចោលឲ្យអស់។ ប៉ុន្តែបើមានឱកាសអាចឲ្យនាង មានលទ្ធភាពនៅក្នុងការបន្តដំណើរបើកការស្រាវជ្រាវ ស៊ើបអង្កេតលើរឿងនេះឡើងវិញ នាងនឹងពិភាក្សាជាមួយស្វាមី ដើម្បីស្វះស្វែងរកការពិត និងផ្ដល់យុត្តិធម៌ជូនដល់វិញ្ញាណក្ខន្ធសពម្ដាយរបស់នាង។
អតីតតារាបង្ហាញម៉ូដ អ្នកនាង ជុង សារ៉ាច័ន្ទ និយាយថា «កន្លងមកបួនឆ្នាំហើយ ដែលខ្ញុំមិនសូវចង់រំឭក និងសើរើ ដោយសារចង់បំភ្លេច និងមិនចង់នឹកឃើញការឈឺចាប់។ វាហាក់បីដូចជាធម្មតា តែបើសិនជាខ្ញុំមានបុណ្យ ខ្ញុំអាចមានសមត្ថភាព ខ្ញុំនឹងស្រាវជ្រាវ ចង់ដឹងការពិតពីរឿងនេះ»។
អ្នកនាងបន្តថា «ជនល្មើសវាអាចនឹងទទួលកម្មហើយផងក៏មិនដឹង ព្រោះមនុស្សដែលធ្លាប់ខុស ចាប់មិនបាន វានៅតែបន្តខុស បើគិតតាមផលកម្ម។ ពេលខ្លះដោយសារការគិតបែបនេះទើបខ្ញុំ បន្ធូរចិត្តបានច្រើន»។
សូមបញ្ជាក់ថា តារាសម្តែង ហួត សារ៉ាវឌី និងស្វាមី ត្រូវបានគេសង្ស័យថា ត្រូវឃាតករវាយសម្លាប់គួរឲ្យអនិច្ចា កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នៅតាមដងផ្លូវជាតិលេខ១ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក (ចំណុចកអណ្ដើក) ពេលនាង និងប្ដីចេញទៅស្រុកកំណើត នៅខេត្តព្រៃវែង។ ប្រភពបានដាក់ការសង្ស័យថា នេះជាករណីរំលោភសម្លាប់ ព្រោះសពតារា ហួត សារ៉ាវឌី គ្មានសម្លៀកបំពាក់ត្រឹមចង្កេះចុះក្រោម។
ជាងនេះទៀត អំឡុងពេលកើតហេតុ និងមុនពេលស្លាប់ អ្នកនាង ហួត សារ៉ាវី បានទូរសព្ទ័ប្រាប់សាច់ញាតិម្នាក់ថា ឲ្យជួយនាងផង ព្រោះមានមនុស្ស៥នាក់កំពុងធ្វើបាបនាង និងប្តី។ ប៉ុន្តែក្រោយកើតហេតុដ៏រន្ធត់នេះ ត្រូវបានសមត្ថកិច្ចខេត្តព្រៃវែង អះអាងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍៕