(ភ្នំពេញ)៖ លោក ស៊ុំ ស៊ីថែន ប្រធានផ្នែក Marketing ក្រុមហ៊ុន «ដានស៊ីងរ៉េន» បានបញ្ជាក់ឲ្យដឹងថា បេសកកម្មរបស់ក្រុមហ៊ុន «ដានស៊ីងរ៉េន» គឺចំណេះ ជំនាញ និងបទពិសោធន៍ ដែលយើងមានកន្លងមក មកបម្រើការឱ្យផលិតកម្មក្នុងស្រុក តែងជួបប្រទះបញ្ហាសម្របសម្រួលជាមួយរោងភាពយន្តដោយផ្ទាល់ និងពុំសូវមានពេលរៀបចំយុទ្ធនាការផ្សេងៗ បន្ទាប់ពីផលិតរួច។ លោកបន្តថា មួយវិញទៀត «ដានស៊ីងរ៉េន» ក៏ព្យាយាមសម្រាំងយកភាពយន្តខ្មែរ មានគុណភាព ដើម្បីចាក់បញ្ចាំងនៅបណ្តារោងភាពយន្ត ក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោក ស៊ុំ ស៊ីថែន បានបន្ថែមឲ្យដឹងថា បច្ចុប្បន្ននេះ «ដានស៊ីងរ៉េន» បានទទួលផ្តាច់មុខក្នុងការចែកចាយភាពយន្តចំនួន៣ សម្រាប់ចាក់ផ្សាយនៅក្នុងរោងភាពយន្តនៅកម្ពុជា ក្នុងនោះរួមមាន ភាពយន្តរឿង «ពោះធំ» ភាពយន្តរឿង «ព្រលឹងល្បុក្កតោ» និងចុងក្រោយ គឺភាពយន្តរឿង «កម្ម»។

សម្រាប់រឿងទី១ ដែលក្រុមហ៊ុន «ដានស៊ីងរ៉េន» បានចែកចាយចូលក្នុងរោងភាពយន្តមុនគេ នោះគឺភាពយន្តរឿង «ពោះធំ» ដែលបានចាក់បញ្ចាំងតាំងពីថ្ងៃទី២០ សីហា។ ខណៈភាពយន្តរឿង «ពោះធំ» កំពុងចាក់បញ្ចាំងហើយនោះ លោកក៏កំពុងតែរៀបចំកាលវិភាគបញ្ចេញភាពយន្តថ្មីទី២ទៀត នោះគឺរឿង «ព្រលឹងល្បុក្កតោ» សហការដឹកនាំដោយលោកគ្រូតា សាន គឹមស៊ាន និងលោកសុង សូភក្តី នាឆ្នាំ២០២០នេះ។

 

លោក តឹក ង៉ូយ ជាផលិតកររឿង«ព្រលឹងល្បុក្កតោ» ដែលគេឯងតែហៅថា «ស្តេចនំដូណាត់» កាលពីសម័យគាត់រស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មូលហេតុដែលលោកជ្រើសរើស «ដានស៊ីងរ៉េន» ដើម្បីចែកចាយ «ព្រលឹងល្បុក្កតោ» គឺដោយសារទំនុកចិត្ត និង ការរាប់អានយូរអង្វែង។ លោកបន្តថា លោកបានស្គាល់ស៊ីថែន១០ឆ្នាំមកហើយ ហើយទទួលស្គាល់ពីភាពមោះមុតរបស់គាត់ក្នុងការងារ។ រីឯដៃគូ គាត់ទាំងពីរ សុទ្ធជាអ្នកមានទេពកោសល្យ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យភាពយន្ត។

 

ភាពយន្តរឿងទី៣ របស់ក្រុមហ៊ុនចែកចាយភាពយន្ត «ដេនស៊ីងរ៉េន» នោះគឺភាពយន្តរឿង«កម្ម» ក៏គ្រោងនឹងបញ្ចប់ការថតរបស់ខ្លួននៅភ្នំពេញ នាចុងខែសីហានេះ។

ភាពយន្តរឿង«កម្ម» ជាភាពយន្តរបស់ផលិតកម្ម «រាម» ដោយសហការជាមួយ «ដានស៊ីងរ៉េន» ក្នុងនាមជាក្រុមហ៊ុនសហផលិត និងចែកចាយផងដែរ។ បើតាមបច្ចុប្បន្នភាពចុងក្រោយ រឿងរន្ធត់មួយនេះ ចំណាយទុនផលិតដោយម្ចាស់យីហោផលិតផលរក្សាសម្ផស្ស «សម្រស់ធម្មជាតិ» ស្រីអូន និងដៃគូមួយចំនួនទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន «ដានស៊ីងរ៉េន» ដំណើរការចាប់តាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន «ដេនស៊ីងរ៉េន» (DancingRains Co., Ltd.) ផ្តោតលើសេវានានាក្នុង វិស័យភាពយន្ត ដូចជាភាពយន្តខ្នាតវែង រឿងភាគទូរទស្សន៍ ឬ តាមអ៊ីនធើណេត សេវាលក់ និងចែកចាយភាពយន្ត និង សម្ភារៈថត។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងដោយលោក ស៊ុ ស៊ីថែន និង សហស្ថាបនិក២រូបទៀត។

តាំងពីឆ្នាំ២០០៩ ពួកគាត់ម្នាក់ៗសុទ្ធតែបានប្រឡូកក្នុងការផលិតភាពយន្តខ្លី សហផលិត គម្រោង អន្តរជាតិ និងឱ្យទីភ្នាក់ងារផលិតវីដេអូពាណិជ្ជកម្ម ក្នុងស្រុក រៀបចំមហោស្រពភាពយន្តខ្លី និងធ្លាប់បម្រើការយ៉ាងសកម្មនៅរោងភាពយន្តទំនើបផងដែរ៕