(ហុងកុង)៖ ទស្សនិកជនដែលចូលចិត្តទស្សនារឿងហុងកុងភាគច្រើន ច្បាស់ណាស់គឺស្គាល់តែតារាសម្តែង បង្ហាញវត្តមានក្នុងភាពយន្តប៉ុណ្ណោះ ខណៈអ្នកនិពន្ធ និងអ្នកដឹកនាំភាគតិចណាស់ មានមហាជនស្គាល់ និងចាប់អារម្មណ៍។ យ៉ាងណាមិញ វិស័យឧស្សាហ៍កម្មភាពយន្តនៅហុងកុង បានបាត់បង់មនុស្សឆ្នើមមួយរូប គឺអ្នកនិពន្ធរឿងល្បីឈ្មោះ លោក Benny Chan ជាអ្នកដឹកនាំរឿងក្នុងទូរទស្សន៍ TVB បានទទួលមរណភាពកាលពីថ្ងៃអាទិត្យថ្មីៗនេះ ក្នុងវ័យ ៥៨ឆ្នាំ ដោយសារជំងឺមហារីក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។
អ្នកដឹកនាំរឿងល្បីឈ្មោះ ធ្លាប់ទទួលបានរង្វាន់ «អ្នកដឹកនាំឆ្នើម» ចំនួន៥លើក លោក Benny Chan ត្រូវបានគេស្គាល់ជាអន្តរជាតិថា បានដឹកនាំសម្តែងរឿងល្បីជាច្រើន ជាពិសេសរឿង «Who Am I?» ឆ្នាំ១៩៩៨ ដែលមានវត្តមានកំពូលតារាក្បាច់គុន ឈិន ឡុង ចូលរួមសម្តែងផងដែរ។ ក្រៅពីនោះមានភាពយន្តច្រើនទៀត ដែលលោកបានដឹកនាំសម្តែង ក្នុងនោះមានដូចជារឿង «New Police Story» ឆ្នាំ ២០០៤, រឿង «A Moment of Romance» ឆ្នាំ១៩៩០, រឿង «Rob-B-Hood» ឆ្នាំ២០០៦ ខណៈរឿងចុងក្រោយដែលលោកដឹកនាំសម្តែង គឺមានចំណងជើងថា «Raging Fire» ទើបតែបញ្ចប់ការផលិត និងគ្រោងចាក់ផ្សាយនាពេលខាងមុខ។
ការទទួលមរណភាពរបស់អ្នកដឹកនាំរឿងល្បីឈ្មោះ Benny Chan បានធ្វើឲ្យសិល្បករហុងកុងជាច្រើនរូបសម្តែងការសោកស្តាយ ជាពិសេសនេះជាការបាត់បង់ធនធានមនុស្ស ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងដ៏ឆ្នើមមួយរូប ជាផ្នែកមួយធ្វើឲ្យភាពយន្តហុងកុង មានការគាំទ្រច្រើន។
គួរជម្រាបថា លោក Chan បានចូលបម្រើការងារក្នុងស្ថានីយទូរទស្សន៍ TVB ក្នុងឆ្នាំ១៩៨២ ក្នុងនាមជាជំនួនការអ្នកដឹកនាំល្បីឈ្មោះ Johnnei To ផងដែរ។ Chan បានក្លាយជាអ្នកដឹកនាំរឿងទូរទស្សន៍ក្នុងឆ្នាំ ១៩៨៥ ចាប់ពីពេលនោះមកលោកបានកសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ រហូតទទួលបានពានរង្វាន់ជាច្រើន ក្នុងកម្មវិធី «Hong Kong Film Awards for Big Bullet» ឆ្នាំ១៩៩៦៕