(ភ្នំពេញ)៖ លោក ភា សុភ័ក្ដ្រា អតីតគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ក្រោយមានព័ត៌មានចចាមអារ៉ាមថា ក្លិបវិសាខាបានទាក់ទងរូបលោកទៅដឹកនាំក្រុមនៅជើងទី២ នៃលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន។
អតីតគ្រូបង្គោលក្លិបកងយោធពលខេមរភូមិន្ទរូបនេះបាននិយាយបែបភ្ញាក់ផ្អើលថា «ដូចនិយាយចឹងថា ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ ហេតុអ្វីបានជាមានព័ត៌មាននេះកើតឡើង សូម្បីតែខ្ញុំខ្លួនឯងក៏មិនបានគិត ឬមានទំនាក់ទំនងណាមួយឡើយ»។
យ៉ាងណាមិញ លោកបានពន្លយថា បើសិនព័ត៌មានខាងលើជាការពិត លោកក៏រីករាយដែរ ព្រោះលោកកំពុងចង់បង្ហាញសមត្ថភាពជាថ្មីស្រាប់។ លោកថា «យ៉ាងណា បើជាការពិត ក៏ជាការល្អ ព្រោះចង់បញ្ចេញសមត្ថភាព និងបង្កើតស្នាដៃបន្ថែម តែក៏ឆ្លងកាត់ការចរចាបែបអាជីពជាមុនដែរ»។
គួរដឹងថា បច្ចុបន្នក្រោយលាឈប់ពីក្រុមជម្រើសជាតិ គ្រូបង្វឹកកាន់សញ្ញាបត្រ A-License រូបនេះ កំពុងបំពេញការងារនៅក្លិបកងយោធពលខេមរភូមិន្ទ ក្នុងនាមជាអ្នកវិភាគវីដេអូការប្រកួត។ លើសពីនេះ លោកក៏ធ្លាប់បង្ហើបដែរថា បើមានឱកាសលោកនឹងទទួលការងារជាគ្រូបង្វឹកបន្ដទៀត ប្រសិនបើមានការចរចាសមស្របណាមួយកើតឡើង៕