(ភ្នំពេញ)៖ ក្រុមហ៊ុនខេអេចលែន (KH Land Co., Ltd) នៅថ្ងៃ២៥ ខែសីហា ឆ្នាំ២០២០នេះ បានរៀបចំពិធីសូត្រមន្តបើកការិយាល័យខេអេចលែនកំបូល ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ស្របពេលដែលគម្រោងក្រុងពាណិជ្ជកម្មភ្នំតូច របស់ក្រុមហ៊ុនខេអេចលែន កំពុងតែចាប់ផ្ដើមដំណើរការ លើផ្ទៃដី ១០០ហិកតា។
លោក ប៊ន សុវណ្ណ ប្រធានការិយាល័យខេអេចលែនកំបូល បានលើកឡើងថា ការរិយាល័យខេអេចលែនកំបូលនេះ មានទំហំធំទូលាយ មានអគារចំនួន៣ជាប់គ្នា និងមានកម្ពស់៣ជាន់ អាចឆ្លើយតបនឹងកំណើនអតិថិជន និងដៃគូសហការ ដោយនឹងផ្ដល់ភាពងាយស្រួល ដល់អតិថិជន ដែលអញ្ជើញមកប្រឹក្សាយោបល់សួរព័ត៌មាននានា អំពីគម្រោងរបស់ខេអេចលែន។
អ្នកជំនាញអចលនទ្រព្យជើងចាស់រូបនេះ ដែលបានចូលធ្វើការមុនគេនៅខេអេចលែន កាលពីឆ្នាំ២០១៧ បានរៀបរាប់ថា រយៈពេល៣ឆ្នាំមកនេះ ក្រុមហ៊ុនខេអេចលែនមានការអភិវឌ្ឍរីកចម្រើនលឿនរហ័សបំផុត លឿនរហូតដល់ទៅ៥០ដង ទាំងទំហំនៃការវិនិយោគ ទំហំនៃការអភិវឌ្ឍនៅក្នុងគម្រោង ចំនួនអតិថិជន ភ្នាក់ងារដៃគូសហការ និងសកម្មភាពនានាជាច្រើនទៀត។
លោក ប៊ន សុវណ្ណ បានបន្ថែមថា៖ «ការរីកចម្រើនដ៏លឿនរហ័សរបស់ខេអេចលែននេះ គឺជារឿងដ៏គួរឱ្យមានមោទភាពបំផុតសម្រាប់ខ្ញុំ ដែលបានចូលប្រលូកក្នុងវិស័យអចលនទ្រព្យ ជាមួយក្រុមហ៊ុនខេអេចលែន»។
លោក ប៊ន សុវណ្ណ បញ្ជាក់ថា ការបើកការិយាល័យខេអេចលែនកំបូលនៅពេលនេះ គឺស្របពេលដែលគម្រោង របស់ក្រុមហ៊ុនខេអេចលែនក្រុងពាណិជ្ជកម្មភ្នំតូច កំពុងតែចាប់ផ្ដើមដំណើរការលើផ្ទៃដី ១០០ហិកតា នៅជាប់ផ្លូវក្រវាត់ក្រុង ៥១នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ច បណ្ដុំទៅដោយ សួនឧហ្សាហកម្ម រោងចក្រ សហគ្រាស និងគម្រោងអភិវឌ្ឍន៍របស់រដ្ឋ និងឯកជនជាច្រើនទៀត។
លោក ង៉ឺយ ធី តំណាងក្រុមហ៊ុនខេអេចលែន បានលើកឡើងថា ការបើកការិយាល័យខេអេចលែនកំបូលនៅពេលនេះ គឺមិនត្រឹមតែផ្ដល់ភាពងាយស្រួលដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវភាពជឿជាក់ ទំនុកចិត្តខ្ពស់ និងឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ក៏ដូចជាដៃគូសហការរបស់ខេអេចលែនទាំងអស់ ខណៈដែល គម្រោងក្រុងពាណិជ្ជកម្មភ្នំតូចកំពុងលេចរូបរាងឡើង។
លោកង៉ឺយ ធី បានបង្ហើបឱ្យដឹងថា នៅក្នុងគម្រោងក្រុងពាណិជ្ជកម្មភ្នំតូច មានការអភិវឌ្ឍជាច្រើនដូចជា អាជីវកម្មទាំង១០ ( ហាងលក់គ្រឿងអេឡិចត្រូនិក ហាងលក់ទូរស័ព្ទ ផាប់ ម៉ាត សាឡន ហាងលក់សម្លៀកបំពាក់ ហាងនំ ហាងស៊ុប ហាងកាហ្វេ និងតូបអាហារ ) ផ្សារ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ ទីធ្លារសម្រាប់រៀបចំកម្មវិធីនិងការតាំងពិព័រណ៍ទំនិញ ព្រមទាំងដីឡូតិ៍ជាច្រើនហិកតា។
លោកបន្តថា ក្រុងពាណិជ្ជកម្មភ្នំតូច នឹងក្លាយជាកន្លែងបណ្ដុំអាជីវកម្ម និងពាណិជ្ជកម្ម ដែលម្ចាស់សហគ្រាសនិងវិនិយោគិនទាំងអស់ អាចតាំងបង្ហាញផ្សព្វផ្សាយទំនិញរបស់ខ្លួន។ ដូចនេះ អតិថិជនដែលទិញ ដីឡូតិ៍ វីឡាទោល វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងដីឡូតិ៍ នៅក្នុងគម្រោងក្រុងពាណិជ្ជកម្មភ្នំតូចឥលូវនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស លក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងឱកាសចំណេញច្រើន៕