(ភ្នំពេញ)៖ ក្រុមខ្លាំងបឹងកេត និងវិសាខា នឹងត្រូវប្រឈមមុខដាក់គ្នាចំនួន ២ប្រកួតក្នុងរយៈពេលតែ ១សប្ដាហ៍ប៉ុណ្ណោះក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៤ និងលីគកំពូលកម្ពុជា គ្រាដែលអគ្គលេខាធិកក្លិបបឹងកេតលោក បែ មករា អ្នកចាត់ទុកការជួបគ្នាញឹកបែបនេះ ប្រៀបដូចជាគូព្រេងអញ្ចឹង។
ថ្លែងក្រោយចាប់ឆ្នោតនៃកម្មវិធីប្រកួតជុំទី២ សម្រាប់បេក្ខភាពប្រជែងជើងឯក Top-6 នៅពហុកីឡដ្ឋានជាតិម្សិលមិញ លោក បែ មករា បានសម្ដែងការភ្ញាក់ផ្អើល ដែលចាប់ឆ្នោតប៉ះក្រុមវិសាខាក្នុងសប្ដាហ៍ដំបូង នៃវគ្គ Top-6 ខណៈមុនជួបគ្នាក្នុងលីគ ១សប្ដាហ៍ ក្រុមទាំងពីរត្រូវជួបគ្នាក្នុងជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៤ វគ្គ ៨ក្រុមចុងក្រោយថែមទៀត ។
លោកនិយាយលាយឡំនឹងសំណើចថា «យើងដូចថាគូព្រេងចឹង! យើងជួបគ្នាក្នុងពានសម្ដេចតេជោជើងទី១ ថ្ងៃទី៣០-សីហា ហើយថ្ងៃទី០៦-កញ្ញា រំលងតែ ១សប្ដាហ៍ យើងជួបគ្នាក្នុងលីគទៀត...។ គ្រាន់តែថា មានលក្ខណៈខុសគ្នាត្រង់ក្នុងពានសម្ដេច ជួបលក្ខណៈកីឡាករក្នុងស្រុក ហើយជួបគ្នាក្នុងលីគ មានកីឡាករបរទេស។ អញ្ចឹងខ្ញុំជឿថា ក្រុមទាំងពីរមានគំនាបតិចតួច យើងមានសម្ពាធផ្លូវចិត្ត តែយ៉ាងណាកីឡាជួបនរណា លេងជាមួយអ្នកហ្នឹង យើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព»។
ទោះបីត្រូវប៉ះក្រុមខ្លាំងដែលសុទ្ធសឹងជាបេក្ខភាពប្រជែងជើងឯកបែបនេះក្ដី តែលោកថា ការប្រកួតទាំងពីរសុទ្ធតែសំខាន់ដូចគ្នា។ លោកមិនអាចមើលរំលងការប្រកួតណាមួយឡើយ ពោលគឺផ្ដោតសំខាន់ការប្រកួតទាំងពីរ ដោយមិនផ្ដោតការប្រកួតណាសំខាន់ជាងប្រកួតណានោះទេ។
ចំពោះលទ្ធផលចាប់ឆ្នោតប្រកួតជុំទី២ វិញ សម្រាប់វគ្គ ៦ក្រុមកំពូលតារាង (Top-6) សប្ដាហ៍ដំបូង ក្រៅពីបឹងកេត ជួបវិសាខា គឺមានក្រុមកងយោធពលខេមរភូមិន្ទ ជួបក្រុមណាហ្គាវើលដ៏ និងក្រុមភ្នំពេញក្រោន ប៉ះក្រុមព្រះខ័នរាជស្វាយរៀង។ រីឯការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែកញ្ញាខាងមុខ ពោលគឺក្រោយសម្រាករយៈពេល ១សប្ដាហ៍ បន្ទាប់ពីបញ្ចប់ការប្រកួតជើងទី១៕