(ប៊ូដាពេស)៖ ការប្រកួតរវាងក្រុម Bayern Munich ប៉ះ Sevilla ដើម្បីដណ្តើមពានបើករដូវកាល UEFA Super Cup ឆ្នាំ២០២០ ដោយមានអ្នកគាំទ្រចូលរួមផងដែរ។

តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយថា អ្នកគាំទ្រនៃក្លិបទាំងពីរខាងលើនេះ ត្រូវបាន UEFA អនុញ្ញាតឲ្យចូលរួមទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន Puskas Arena ដែលស្ថិតក្នុងទីក្រុង Budapest នៃប្រទេសហុងគ្រីនារាត្រីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

នៅលើគេហទំព័ររបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ក៏បានបង្ហោះពីកីឡដ្ឋាន Puskas Arena ដែលអាចផ្ទុកអ្នកទស្សនាសរុបបានចំនួន ៦៨,០០០នាក់ តែត្រូវអនុញ្ញាតឲ្យមានតែប្រមាណ ២០,០០០នាក់ប៉ុណ្ណោះក្នុងកីឡដ្ឋាន ដែលស្មើនឹង ៣០%នៃចំនួន ដើម្បីជាការសាកល្បងឲ្យមានអ្នកគាំទ្រចូលរួមឡើងវិញ នៅក្នុងអំឡុងជំងឺរាតត្បាត Covid-19។

គួររំលឹកផងថា Bayern Munich របស់អាល្លឹម៉ង់ជាម្ចាស់ជើងឯកពាន UEFA Champions League ឆ្នាំ២០២០ ក្រោយយកឈ្នះ PSG ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២៣ ខែសីហា គ្រាដែល Sevilla របស់អេស្ប៉ាញជាម្ចាស់ជើងឯកពាន UEFA Europa League ផងដែរ បន្ទាប់ពីផ្តួល Inter Milan ៣-២ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០៕