(អាមេរិក)៖ ស្របពេលដែលពិភពលោកកំពុងតាមដានព័ត៌មានរបស់ TikTok ស្រាប់តែនៅពេលនេះ សារព័ត៌មាន Business Insider បានចេញផ្សាយនៅព័ត៌មានមួយទាក់ទងនឹងលោក Jack Dorsey និងលោក Mark Zuckerberg។
លោក Jack Dorsey បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់បណ្ដាញសង្គម Twitter ហើយក៏ជានាយកប្រតិបត្តិ Square ផងដែរ ខណៈដែលលោក Mark Zuckerberg គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook រួមទាំងជាម្ចាស់បណ្ដាញសង្គម Instagram។
តាមការសង្កេតកន្លងមក បុគ្គលល្បីឈ្មោះទាំងពីរនាក់នេះ ហាក់ដូចជាមិនមានទំនាក់ទំនងល្អជាមួយគ្នានោះទេ ហេតុដូច្នេះហើយទើបលោក Rich Kleiman ដែលជាមិត្តជិតស្និទ្ធបំផុតរបស់លោក Jack Dorsey បានសួរសំណួរចាក់ដោតមួយនៅក្នុងកម្មវិធី «The Boardroom: Out of Office»។
ដំបូងឡើយលោក Kleiman បានសួរដល់ជំនួយការរបស់ខ្លួនអំពីបណ្ដាញសង្គមបីដែលរូបគេនិយមប្រើ ហើយជំនួយការបានឆ្លើយថា គេប្រើ Instagram, Snapchat និង Twitter ស្របពេលជាមួយគ្នានោះ លោក Kleiman ក៏បានបកទៅសួរលោក Jack វិញនូវសំណួរដដែល រំពេចនោះលោកបានឆ្លើយថា «ខ្ញុំគឺផ្ទុយពីហ្នឹងវិញ»។
លោក Jack និយាយថា «ខ្ញុំមិនប្រើ Instagram នោះទេ។ ខ្ញុំស្រឡាញ់ Snapchat ព្រោះវាមានភាពច្នៃប្រឌិត ខ្ញុំគិតថាវាអស្ចារ្យ។ ខ្ញុំមិនប្រើប្រាស់ផលិតផល Facebook ច្រើននោះទេ...និយាយរួមគឺអត់ប្រើតែម្ដង»។
លឺដូចនេះលោក Kleiman បានសួរនូវសំណួរចាក់ដោតថា លោក Jack Dorsey និង Mark Zuckerberg មានទំនាស់នឹងគ្នា ឬមួយយ៉ាងណា? ពេលនោះ លោក Jack Dorsey បានឆ្លើយតបថា «ពួកយើងមានគំនិតខុសគ្នា»។
គេនៅចាំបានថា លោក Jack Dorsey និង លោក Kevin Systrom សហស្ថាបនិក និងជានាយកប្រតិបត្តិ Instagram គឺមនុស្សមានការរាប់អានគ្នាខ្លាំង ប៉ុន្តែទំនាក់ទំនងរវាងអ្នកទាំងពីរបានកាត់បន្ថយក្រោយពេល Facebook ទិញ Instagram ហើយក៏ជាពេលដែលលោក Jack Dorsey ឈប់ប្រើ Instagram ពីពេលនោះមកផងដែរ៕