(ភ្នំពេញ)៖ បន្ទាប់ពីបានឈប់សម្រាកថ្ងៃសងចូលឆ្នាំខ្មែរយ៉ាងសប្បាយរីករាយរួចមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ជូននូវឱកាសការងារចំនួន ១៣៣កន្លែង ក្នុងមុខតំណែងជាច្រើនពីក្រុមហ៊ុនធំៗចំនួន០៣ នឹងត្រូវផ្តល់ជូនសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ នាថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហានេះ។
ចំពោះក្រុមហ៊ុនធំៗទាំង០៣ ដែលបានចូលរួមក្នុងកិច្ចសម្ភាសប្រចាំខែសីហា ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ EZECOM, DKSH Cambodia, Goodhill Enterprise (Cambodia) Ltd ។
បើតាមលោក ឆោម សុខឿន ប្រធានស្ដីទីមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានឲ្យដឹងថា កិច្ចសម្ភាសការងារប្រចាំខែសីហានេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគត ឲ្យមានឱកាសបានជួបជាមួយអ្នកកំពុងស្វែងរកការងារធ្វើដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន និងសម្រេចផែនការរបស់ពួកគេដែលបានកំណត់។ អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្ដូរបទពិសោធន៍ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឱ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនធំៗទាំងនោះ នៅថ្ងៃកម្មវិធីតែម្ដង។
លោក សុខឿន បានរំលឹកបន្ថែមទៀតថា កម្មវិធីនេះគឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ ដូច្នេះ សម្រាប់សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ កុំភ្លេចត្រៀម និងយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕