(ភ្នំពេញ)៖ ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត (Nutrilatt) បានចេញលិខិតបដិសេធ នៅលទ្ធផលនៃការប្រកាស របស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលបានចេញផ្សាយ នៅលើ Facebook Page ស្តីពីកិច្ចប្រជុំ ការបង្ហាញលទ្ធផលវិភាគ ដោយមន្ទីរពិសោធន៍ ផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។
តាមលិខិតបដិសេធ របស់ក្រុមហ៊ុនម្សៅទឹកដោះនូទ្រីលេត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមហ៊ុនសូមបដិសេធទាំងស្រុង នៅលទ្ធផល នៃការប្រកាសរបស់អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ដែលចេញនៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
ក្រុមហ៊ុន Nutrilatt សង្កេតឃើញថា មានភាពមិនប្រក្រតីជាច្រើន នៅក្នុងការប្រកាសលទ្ធផល ជាឯកត្តោភាគីរបស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលលទ្ធផលនោះ មានភាពខុសគ្នាយ៉ាងខ្លាំង ពីលទ្ធផលដែលក្រុមហ៊ុន ទទួលបានពីមន្ទីរពិសោធន៍ BVAQ និងមន្ទីរពិសោធន៍ ALS នៃប្រទេសសិង្ហបុរី ដែលមានលេខកូដ៖ 537 / 562 / 563 / 568 ដែលអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ តែងតែយកទៅធ្វើពិសោធន៍ និងទទួលស្គាល់ជាផ្លូវការ។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនម្សៅទឹកដោះគោនូទ្រីលេត សូមបដិសេធមិនទទួលស្គាល់លទ្ធផលឯកត្តោភាគីដែលចេញដោយ អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ជាដាច់ខាត។ ហើយការធ្វើបែបនេះរបស់ ក.ប.ប បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស ក្រុមហ៊ុនយ៉ាងខ្លាំងជាទីបំផុត៕
ខាងក្រោមនេះ ជាលិខិតបដិសេធ របស់ក្រុមហ៊ុនម្សៅទឹកដោះ Nutrilatt៖