(ខាឌីស)៖ កីឡាករខ្សែប្រយុទ្ធ Gareth Bale ត្រូវបានអ្នកចាត់ការទូទៅក្រុមជម្រើសជាតិវ៉េល លោក Ryan Giggs បន្តកោះហៅចូលជម្រើសជាតិ បើទោះបីជាអង្គុយកៅអីបម្រុងស្ទើរ ២រដូវកាលចុងក្រោយនៅក្នុងក្លិប Real Madrid ក៏ដោយ។
កីឡាករវ័យ ៣១ឆ្នាំ Bale ត្រូវបានលោក Zinedine Zidane ដាក់ឲ្យចូលលេងបានតែ ១១០នាទីប៉ុណ្ណោះ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ នេះ ហើយក៏មិនត្រូវបានរួមដំណើរជាមួយមិត្តរួមទៅអង់គ្លេស ដើម្បីប៉ះ Manchester City នៅ Champions League ដែលជា ១ប្រកួតចុងក្រោយក្នុងរដូវកាលនេះផងដែរ។
វ៉េល ត្រូវប៉ះក្រុមជម្រើសជាតិហ្វាំងឡង់ និងបុលហ្គារី ក្នុងយុទ្ធនាការ UEFA Nations League នាដើមខែក្រោយនេះ។
តែយ៉ាងណា លោក Ryan Giggs ដែលជាអ្នកចាត់ការទូទៅនៃក្រុមបាល់ទាត់ជម្រើសជាតិវ៉េលបានថ្លែងប្រាប់ FAWTV ថា «ខ្ញុំតែងតែនិយាយថា ខ្ញុំចង់បានកីឡាករលេង នោះមានន័យថា កីឡាករដែលលេងក្នុងក្លិបជាទៀតទាត់ តែករណីខ្លះ ខ្ញុំក៏ត្រូវបង្វំចិត្តជ្រើសរើសកីឡាករដែលធ្លាប់លេងក្នុងទម្រង់ដែលយើងធ្វើបានល្អនាពេលកន្លងមកដែរ»។
លោកបន្តថា Bale ត្រូវបានដាក់ឲ្យចូលលេងគ្រប់ការប្រកួតជម្រុះ Euro 2020 ក៏ប៉ុន្តែមិនត្រូវបានលោក Zidane ប្រើប្រាស់ញឹកញាប់លេងក្នុងក្លិប Real Madrid នោះទេ នោះជាយុទ្ធសាស្រ្តរបស់គ្រូបង្វឹកផ្សេងៗគ្នា៕