(ប៉េកាំង)៖ សមាគមកីឡាបាល់ទាត់របស់ចិន បានប្រកាសនៅថ្ងៃពុធនេះថា រដូវកាលលីគបាល់ទាត់ China League One ឆ្នាំ២០២០ ដែលត្រូវបានគេពន្យារពេល ដោយដំបូងឡើយគ្រោងនឹងចាប់ផ្តើមធ្វើឡើង នៅខែកុម្ភៈ នោះ នឹងចាប់ផ្តើម នៅថ្ងៃទី១២ ខែកញ្ញាខាងមុខ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ។
ទីក្រុង Chengdu, Meizhou និងទីក្រុង Changzhou ត្រូវបានជ្រើសរើសជាទីក្រុងចំនួន៣ ដែលធ្វើជាម្ចាស់ផ្ទះដំណាក់កាលដំបូង នៃរដូវកាល ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា។
លីគបាល់ទាត់លំដាប់ទី២របស់ចិននេះ នឹងធ្វើការប្រកួត នៅពីក្រោយការបិទទ្វារ។ ក្រុមកីឡាបាល់ទាត់ចំនួន១៨ក្រុម នឹងបែកចែកចេញជា៣ពូល។
យោងតាមសមាគមបាល់ទាត់របស់ចិន, ដំណាក់កាលទី២ នៃរដូវកាលនេះ រួមមាន ក្រុម Final A និងក្រុម Final B ដែលនឹងចាប់ផ្តើមប្រកួត នៅថ្ងៃទី២៤ ខែតុលាខាងមុខ។
គួររំលឹកថា លីគបាល់ទាត់លំដាប់កំពូលរបស់ចិន «Chinese Super League» បានចាប់ផ្តើម កាលពីថ្ងៃទី២៥ ខែកក្កដា ខណៈលីគបាល់ទាត់លំដាប់កំពូលផ្នែកស្រ្តីរបស់ចិន បានចាប់ផ្តើមឡើងវិញ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន៕