(ហ្គាស្គូ)៖ Celtic ដែលជាក្រុមជើងឯកនៃលីគកំពូលរបស់ប្រទេសស្កុតឡេន បានហាលអាវពីព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Champions League ត្រឹមវគ្គជម្រុះជុំទី២ ក្រោមថ្វីជើងរបស់ក្រុមហុងគ្រី Ferencvaros TC ក្នុងលទ្ធផល ២-១ នារាត្រីថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
បើយោងតាមការចេញផ្សាយដោយព័ត៌មាន BBC បានឲ្យដឹងថា នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលផងដែរ នៅពេលដែលក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ ខកខានឡើងទៅវគ្គចែកពូលនៃ UCL បានក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ បន្ទាប់ពីធ្លាក់ក្រោមថ្វីជើងរបស់ក្រុម Artmedia Bratislava កាលពីឆ្នាំ២០០៥ មក។
កីឡាករ Christie ជាអ្នករកគ្រាប់តាមស្មើ ១-១ វិញនៅនាទីទី៥៣ ក្រោយពេល Siger បានស៊ុតគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ Ferencrvaros តាំងពីនាទីទី៧ និងគ្រាប់ជ័យជម្នះធ្វើបានសម្រេចដោយមិត្តរួមក្រុម Chol Nguen នៅនាទី៧៥ ក្នុងការប្រកួតតែ ១ជើងប៉ុណ្ណោះក្នុងកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Glasgow នៃប្រទេសស្កុតឡេន។
ការបរាជ័យនេះបានធ្វើឲ្យ Celtic ធ្លាក់ទៅលេងវគ្គជម្រុះក្នុងជុំទី៣ នៃពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ជាបន្តទៀត ដែលត្រូវចាប់គូប្រកួតនាថ្ងៃអង្គារសប្តាហ៍ក្រោយ៕