(ភ្នំពេញ)៖ លោក ហោ សុខហេង គ្រូបង្វឹកក្លិបកងយោធពលខេមរភូមិន្ទ (ទ័ព) បានសម្ដែងនូវក្ដីបារម្ភមួយចំនួន មុនជួបក្រុមជម្រើសខេត្តព្រៃវែងនាម៉ោង ៦ល្ងាចនេះ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយជើងទី១ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន - Hun Sen Cup ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ ដ្បិតលោកចាត់ទុកក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ-ថ្នាក់ខេត្តនេះ មិនមែនជាក្រុមធម្មតាឡើយ ទោះបីប្រើប្រាស់យុវជនច្រើនក៏ដោយ។
លោកថា «ពួកយើងគិតទៅ ក្រុមដែលត្រូវលេងជាមួយយើង គាត់មិនមែនធម្មតាទេ ព្រោះការរៀបចំរបស់គាត់ល្អ គាត់ជាក្រុមក្មេង មានកម្លាំង ហើយកីឡាករម្នាក់ៗសុទ្ធតែមានសក្ដានុពល មានបទពិសោធន៍លេងច្រើនជាមួយការប្រកួតក្នុងស្រុក និងក្រៅស្រុក ព្រោះពួកគាត់ភាគច្រើនចេញពីបាទី។ ចឹងអ្វីដែលពួកគាត់ធ្វើបានជោគជ័យលើកពានថ្នាក់ខេត្ត និងឈ្នះអង្គរថាយហ្គឺរ វាជារឿងមួយដែលធ្វើឲ្យពួកយើងបារម្ភខ្លះដែរ»។
ប៉ុន្ដែយ៉ាងណាគ្រូបង្វឹកកាន់សញ្ញាបត្រ A-License បានព្យាយាមកាត់បន្ថយការបារម្ភនោះ ហើយតាំងចិត្តខ្ពស់ ក្នុងការស្វែងរកលទ្ធផលល្អឲ្យបានដាច់ខាតនៅក្នុងជំនួបជើងទី១ ដែលធ្វើឡើងក្នុងដីខ្លួនល្ងាចនេះ។ លោកថា «វាមានក្ដីបារម្ភខ្លះ តែអ្វីដែលយើងបានធ្វើ យើងព្យាយាមកាត់បន្ថយការបារម្ភហ្នឹង ហើយនឹងរៀបចំអ្វីដែលខ្វះខាតឲ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមការប្រកួតខាងមុខនេះឲ្យបានលទ្ធផលគាប់ប្រសើរ»។
សូមបញ្ជាក់ថា មុនឡើងវគ្គ ៨ក្រុមចុងក្រោយ ទ័ពគឺបានទម្លាក់ខេត្តកែប ដោយលទ្ធផល ១៤-៣ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ ស្របពេលខេត្តព្រៃវែងបានទម្លាក់ក្រុមលីគកំពូលកម្ពុជា គឺក្លិបអង្គរថាយហ្គឺរ ដោយលទ្ធផល ៥-៤ ក្រោយគ្រងតំណែងជើងឯកពានសម្ដេចតេជោ-ថ្នាក់ខេត្ត។ ប្រការនេះហើយ ដែលបង្កក្ដីបារម្ភដល់ក្រុមទ័ព ក្នុងការប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមថ្នាក់ខេត្តមួយនេះ៕