(ភ្នំពេញ)៖ បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ នឹងបើកទ្វារទទួលសិស្សចូលរៀនឡើងវិញ នៅដើមខែកញ្ញា ឆ្នាំ២០២០ខាងនេះ ដោយអនុវត្តតាមគោលការណ៍ ប្រតិបត្តិស្តង់ដារសុវត្ថិភាព របស់ក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ពីការដាក់អនុវត្តវិស្សកាលតូចមុនកាលកំណត់ និងដាក់ឲ្យបន្តវិស្សកាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចាប់តាំងពីពាក់កណ្តាលខែមីនា។ នេះជាការលើកឡើងរបស់ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ក្នុងពិធីណែនាំពីសាលារៀនវ៉េស្ទឡាញន៍ សាខាចំការសំរោង ខេត្តបាត់ដំបង។

ឧកញ៉ា ប៉ិច បូឡែន បានថ្លែងថា បណ្តាញគ្រឹះស្ថានអប់រំរបស់វេសឡាញ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបើកដំណើរសាលារៀនឡើងវិញ ដោយអនុវត្តតាមគោលការណ៍ និងសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។

លោកឧកញ៉ាបន្ថែមទៀតថា សិស្សកម្មវិធីមត្តេយ្យចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ និងកម្មវិធីភាសាអង់គ្លេស នឹងចូលរៀនដើមខែកញ្ញា ដោយរក្សាគម្លាតសុវត្ថិភាព និងចំនួនសិស្សតាមការណែនាំរបស់ក្រសួង ហើយសិស្សត្រូវពាក់ម៉ាស ឬរបាំងមុខ។ សិស្សត្រូវសិក្សានៅថ្នាក់រៀន២ ឬ៣ថ្ងៃ តាមកម្រិត ហើយសិស្សក៏ត្រូវសិក្សាតាម ប្រព័ន្ធអនឡាញ និងពីចម្ងាយ ក្រោមការជួយគាំទ្ររបស់អ្នកអាណាព្យាបាល និងគ្រូបង្រៀនផងដែរ។

បណ្តាញគ្រឹះស្ថានអប់រំវេសឡាញ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ រួមមាន៖ សាលារៀនវ៉េស្ទឡាញន៍ ៩សាខា, សាលារៀនណត្សឡាញន៍ ១សាខា, សាលាអន្តរជាតិ អេបផលទ្រី ១សាខា, សាលាអន្តរជាតិ ហ្វរ៉េសហ៊ាល ១សាខា, សាលាភាសាអង់គ្លេស លីឌឺលែន ១សាខា, និងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា។ នៅខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ សាលារៀនវ៉េស្ទឡាញន៍ សាខាទី១១ ខេត្តបាត់ដំបងនឹងចាប់ផ្តើមដំណើរការ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនមានសិស្សសរុបជាង ១៣០០០នាក់ និងបុគ្គលិកមានជាង ១៣០០នាក់។

ម្ចាស់គ្រឹះស្ថានអប់រំខាងលើបានបន្ថែមទៀតថា ក្នុងអំឡុងពេលទប់ស្កាត់ជំងឺកូវីដ-១៩ សិស្សគ្រប់កម្មវិធីបាន សិក្សាតាមប្រព័ន្ធអនឡាញ និងពីចម្ងាយ ហើយសាលារៀនបានផលិតវីដេអូមេរៀន ដាក់បញ្ចូលកម្មវិធីទូរទស្សន៍ អប់រំអនឡាញ (WEG Education TV) និងកម្មវិធីយូធូប (WEG Education Youtube Channel) ព្រមទាំងបានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើតវេទិកាអប់រំ (App) ផ្សេងៗ សម្រាប់ជំនួយដល់ការសិក្សារបស់សិស្ស ប្រព័ន្ធទំនាក់ទំនងជាមួយអ្នកអាណាព្យាបាល ប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធបង់ប្រាក់ (App) តាមធានាគារដៃគូ ដើម្បីកាត់បន្ថយពេលវេលារងចាំរបស់អ្នកអាណាព្យាបាល នៅពេលខាងមុខ។

សម្រាប់បវេសនកាលឆ្នាំសិក្សាខាងមុខនេះ សាលារៀននឹងផ្តល់ជូនអាហារូបករណ៍រហូតដល់៤០% និងធានារ៉ាប់រងគ្រោះថ្នាក់ ព្រមទាំងការពារការសិក្សារបស់សិស្សានុសិស្សរហូតដល់ ៥ឆ្នាំ។

សូមជម្រាបថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ដំណាក់កាលទី២ នឹងចាប់ផ្តើម ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសិក្សាសាធារណ:ខ្លះ និងគ្រឹះស្ថានសិក្សាឯកជនខ្លះ ដោយត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវបច្ចេកទេសនៃការសិក្សា និងការបង្រៀនដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិធីសាស្រ្តនៃការសិក្សាតាមបែបចម្រុះ (រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ អមដោយសន្លឹកកិច្ចការជំនួយខ្លះ និងសៀវភៅសិក្សាគោលខ្លះតាមតម្រូវការជាក់ស្តែង) និងត្រូវអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ៕