(សាគ្រីប)៖ Ivan Rakitic និងប្រធានក្រុម Luka Modric មិនត្រូវបានក្រូអាតកោះហៅចូលជម្រើសជាតិឡើយ ក្នុងជំនួបទល់នឹងក្រុមមាន់គកបារាំង និងព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកលីគអឺរ៉ុប UEFA Nations League 2020-2021 ដែលនឹងចាប់ផ្តើមឡើងនាដើមខែក្រោយនេះ។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា All Football ក៏បានចេញផ្សាយថា ភាគីទាំងពីរដែលពុំជាប់ជម្រើសជាតិនាពេលនេះ ក៏ទទួលបានការឯកភាពពីអ្នកចាត់ការទូទៅក្រូអាត លោក Zlatko Dalic ផងដែរ ដោយប្រភពខាងលើនេះពុំបានបញ្ជាក់មូលហេតុនោះទេ។
កីឡាករខ្សែបម្រើ-ប្រយុទ្ធដូចគ្នា Ivan Rakitic របស់ក្លិប FC Barcelona និង Luka Modric របស់ Real Madrid ជាសមាជិកជួយក្រូអាតឡើងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បន្ទាប់ពីចាញ់បារាំង ៤-២ ក្នុងវគ្គដណ្តើមពានជាប្រវត្តិសាស្រ្ត។
នេះជាលើកដំបូងក្នុងរយៈពេល ១០ខែមកនេះ ដែលក្រូអាតចាប់ផ្តើមកោះហៅកីឡាករ ដើម្បីប្រមូលផ្តុំហ្វឹកហាត់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រោយជួបវិបត្តិជំងឺ Covid-19 ដែលត្រៀមលេង ២ប្រកួតនៅទឹកដីក្រៅផ្តះ ពោលគឺប៉ះព័រទុយហ្គាល់ នៅទីក្រុង Porto នៅថ្ងៃទី០៥ ខែកញ្ញា មុន ៣ថ្ងៃបន្ទាប់ប៉ះសត្រូវចាស់បារាំង នៅទីក្រុង Saint Denis៕