(ភ្នំពេញ)៖ នៅក្នុងកម្មវិធី «កិច្ចសម្ភាសប្រចាំខែសីហា» ដែលបានធ្វើឡើងមួយថ្ងៃពេញ ក្រោមការរៀបចំរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការជាមួយក្រុមហ៊ុនធំៗចំនួន៣ ក្នុងមុខតំណែងជាច្រើន។

ជាលទ្ធផលឃើញថា មានសិស្ស\និស្សិត យុវជន អ្នកស្វែងរកការងារ បានមកដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ ចំនួន ២៥៥នាក់ (ស្រី ១៦២) ដែលក្នុងនោះ បេក្ខជនចំនួន១១៣ (ស្រី៦៧នាក់) ត្រូវបានសម្ភាសជាប់លើកទី១ ក្នុងចំណោមក្រុមហ៊ុនទាំង៣នេះ រួមមាន៖ DKSH Cambodia ៥៩នាក់, Goodhill Enterprise ៣១នាក់ និង EZECOM ២៣នាក់

សូមជម្រាបជូនផងដែរថា ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

កម្មវិធី «កិច្ចសម្ភាសប្រចាំខែ» គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង០៥៖០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ) ៕