(កូរ៉េ)៖ ជំងឺរាតត្បាតនៅតែបន្ត គម្រោងការនានាត្រូវបានពន្យារពេល។ ជាក់ស្តែង លោក Changmin ដែលជាសមាជិកក្រុមចម្រៀងប្រុសកូរ៉េ TVXQ បានប្រកាសពីការពន្យារពេលថ្ងៃរៀបការរបស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ដោយសារតែបច្ចុប្បន្ននេះ នៅកូរ៉េខាតត្បូងកំពុងតែផ្ទុះឡើងវិញនូវរលកទី២នៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Time នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០។

ពិតណាស់ តារាចម្រៀងប្រុសល្បីឈ្មោះក្នុងវិស័យ K-POP លោក Changmin ដែលបច្ចុប្បន្នមានវ័យ៣២ ឆ្នាំ ត្រូវបានរាយការណ៍មកថា នឹងរៀបការជាមួយនារីម្នាក់ដែលមិនមែនជាអ្នកសិល្បៈ ខណៈពិធីមង្គលការរបស់ពួកគេ គឺគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍ក្រោយនេះ។ ផ្ទុយទៅវិញ កាលពីម្សិលមិញនេះ ភ្នាក់ងាររបស់ Changmin ស្រាប់តែរាយការណ៍ថា មង្គលការរបស់ពួកគេត្រូវបានសម្រេចពន្យារពេលហើយ ដោយសារបញ្ហាកូវីដ១៩។

បើតាមព័ត៌មានផ្សេងៗនៅកូរ៉េ បានឲ្យដឹងថា តារាប្រុស Changmin កំពុងតែស្វែងរកពេលវេលាថ្មីមួយ ដើម្បីកំណត់ថ្ងៃមង្គលរបស់គេ។

គួរជម្រាបថា Changmin គឺជាតារាប្រុសមួយរូបដែលមានប្រជាប្រិយភាព ព្រោះតារារូបនេះមិនត្រឹមតែមានសមត្ថភាពអាចនិពន្ធចម្រៀង និងចម្រៀងប៉ុណ្ណោះទេ ថែមទាំងអាចសម្តែងភាពយន្តបានទៀតផង។ ក្នុងនោះខ្សែភាពយន្តដែលលោកធ្លាប់ចូលរួមសម្តែងមានដូចជារឿង «Athena: Goddess of War», រឿង «Paradise Ranch» និងរឿងភាគល្បីៗជាច្រើនទៀត៕