(តូក្យូ)៖ ទីបំផុតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ នៅថ្ងៃសុក្រនេះ បានប្រកាសពីការសម្រេចចិត្តលាលែងចេញតំណែង ដោយសារបញ្ហាសុខភាព បន្ទាប់ពីមានការសង្ស័យប៉ុន្មានថ្ងៃមកនេះពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់លោក ក្រោយមានដំណឹងថារូបលោកបានចូលមន្ទីរពេទ្យពីរលើកកាលពីពេលថ្មីៗនេះ។ ខាងក្រោមជាជីវប្រវត្តិសង្ខេបខ្លះៗរបស់ លោក អាបេ៖

* ប្រវត្តិគ្រួសារ-ការអប់រំ

លោក អាបេ ស៉ីនហ្សូ ដែលបច្ចុប្បន្នមានវ័យ៦៥ឆ្នាំ បានកើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ នៅទីក្រុងតូក្យូ។ ជីតាខាងម្តាយរបស់លោក គឺលោក គីស៉ិ ណូប៊ូស៊ូកិ (Kishi Nobusuke) ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន ឆ្នាំ១៩៥៧-១៩៦០។ ចំណែកជីតាខាងឪពុករបស់លោកវិញ គឺលោក អាបេ កាន (Abe Kan) ជាអតីតសមាជិកសភាជប៉ុន ឆ្នាំ១៩៣៧-១៩៤៦ ខណៈឪពុកលោកផ្ទាល់គឺលោក អាបេ ស៉ីនតារ៉ូ (Abe Shintaro) គឺជាអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន។

លោក អាបេ បានចូលសិក្សានៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យសេកេ (Seikei)។ បន្ទាប់មក លោកបានចូលសិក្សាផ្នែករដ្ឋបាលសាធារណៈ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសកលវិទ្យាល័យសេកេក្នុងឆ្នាំ១៩៧៧។ ក្រោយមក លោក អាបេ បានផ្លាស់ទៅសហរដ្ឋអាមេរិក ហើយបន្តការសិក្សាផ្នែកគោលយោបាយសាធារណៈ នៅសកលវិទ្យាល័យកាលីហ្វញ៉ាខាងត្បូងរយៈពេលបីឆមាស។

នៅក្នុងខែមេសា ឆ្នាំ១៩៧៩ លោកបានចាប់ផ្តើមការងារនៅក្រុមហ៊ុន Kobe Steel ក្នុងប្រទេសជប៉ុនវិញ។ លោកបានចាកចេញពីក្រុមហ៊ុននេះនៅឆ្នាំ១៩៨២ ហើយងាកទៅស្វែងរកការងារក្នុងជួររដ្ឋាភិបាលជប៉ុន រួមមានតំណែងជាជំនួយការរដ្ឋមន្ត្រីការបរទេស និងតំណែងជាលេខាក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ជាដើម។

* ក្លាយជាសមាជិកសភាជប៉ុន

លោក អាបេ បានជាប់ជាសមាជិកនៃសភាតំណាងរាស្រ្តជប៉ុនជាលើកដំបូងកាលពីឆ្នាំ១៩៩៣ ក្រោយពីឪពុកលោកទទួលមរណភាពនៅឆ្នាំ១៩៩១។ នៅឆ្នាំ១៩៩៩ លោកបានឡើងជានាយកផ្នែកសង្គមកិច្ចនៃគណបក្ស LDP។ ចន្លោះឆ្នាំ២០០០-២០០៣ លោកជាអនុរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីរបស់អតីតនាយករដ្ឋមន្រ្តី ម៉ូរី យ៉ូស៉ីរ៉ូ (Mori Yoshiro) និងអតីតនាយករដ្ឋមន្រ្តី កយហ្ស៊ូមី ជូនីឈីរ៉ូ (Koizumi Junichiro)។

ក្នុងឆ្នាំ២០០៣ លោក អាបេ ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្ស LDP ហើយនៅឆ្នាំ២០០៥ លោកក៏បានឡើងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីរបស់លោក Koizumi តែម្តង។ មកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០០៦ លោក អាបេ ត្រូវបានគេបោះឆ្នោតឲ្យឡើងជាប្រធានគណបក្សកាន់អំណាច LDP ជំនួសលោក Koizumi ដោយយកឈ្នះលោក តានីហ្គាគី សាដាកាហ្ស៊ូ (Tanigaki Sadakazu) និងលោក អាសូ តារ៉ូ (Aso Taro) ខណៈលោក ហ៊្វូគូដា យ៉ាសួ (Yasuo Fukuda) បានសម្រេចចិត្តដកខ្លួនពីការប្រកួតប្រជែង។

* ក្លាយជានាយករដ្ឋមន្រ្តី

បន្ទាប់ពីក្លាយជាប្រធានគណបក្សកាន់អំណាច លោក អាបេ បានក្លាយជានាយករដ្ឋមន្រ្តីនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០០៦ ដែលវាគឺជាអាណត្តិនាយករដ្ឋមន្រ្តីដំបូងបំផុតរបស់លោក ពេលនោះដែរ លោក អាបេ មានអាយុ៥២ឆ្នាំ គឺជានាយករដ្ឋមន្រ្តីជប៉ុនវ័យតិចជាងគេបំផុត គិតចាប់តាំងពីក្រោយសម័យសង្រ្គាមលោកលើកទីពីរ។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០០៧ លោក អាបេ ក៏បានលាលែងពីតំណែង ក្រោមហេតុផលជំងឺរលាកពោះវៀនធ្ងន់ធ្ងរ និងបន្ទាប់ពីគណបក្ស LDP បានបាត់បង់ប្រជាប្រិយភាព ហើយរដ្ឋាភិបាលលោកបានប្រឈមនឹងរឿងអាស្រូវថែមទៀត។ ក្រោយលោក អាបេ លាលែង លោក Fukuda បានឡើងបន្តជានាយករដ្ឋមន្រ្តី។

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២ បន្ទាប់ពីលោកបានធូរស្រាលពីជំងឺ លោក អាបេ បានជាប់ជាប្រធានបក្ស LDP ជាថ្មីម្តងទៀត ដែលបានក្លាយជាគណបក្សប្រឆាំង ក្រោយបាត់បង់ឥទ្ធិពលទៅកាន់គណបក្សប្រជាធិបតេយ្យជប៉ុន (DPJ) ក្នុងការបោះឆ្នោតសកលឆ្នាំ២០០៩។ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១២ គណបក្ស LDP ក៏បានដណ្តើមយកជ័យជម្នះមកវិញ ហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំដដែល លោក អាបេ បានក្លាយជា នាយករដ្ឋមន្រ្តីជប៉ុនជាថ្មីម្តងទៀត ដែលជាអាណត្តិទីពីររបស់លោក។

លោក អាបេ បានបន្តជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទីបី នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ក្រោយការបោះឆ្នោតសកលមុនពេលកំណត់ត្រូវបានរៀបចំឡើង។ នៅខែកញ្ញា ឆ្នាំ២០១៥ លោក អាបេ បានបន្តជាប់ជាប្រធានគណបក្ស LDP ដោយពុំមានគូប្រជែងឡើយ។ នៅខែតុលា ឆ្នាំ២០១៧ ការបោះឆ្នោតសកលមុនពេលកំណត់ត្រូវបានរៀបចំឡើង ហើយគណបក្សលោក អាបេ នៅតែរក្សាបានអាសនៈភាគច្រើនក្នុងសភាតាមការរំពឹងទុក។

នៅខែកញ្ញា ឆ្នាំ២០១៨ លោក អាបេ បានបន្តជាប់ជាប្រធានគណបក្ស LDP។ មកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អាបេ បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុន ដែលកាន់អំណាចបានយូរជាងគេបង្អស់ ដោយគិតទាំងអាណត្តិដំបូងរបស់លោក (២០០៦-២០០៧) គឺបំបែកកំណត់ត្រារបស់ លោក តារ៉ូ កាត់ស៊ូរ៉ា (Taro Katsura) ដែលមានរយៈពេល២,៨៨៣ថ្ងៃ។ បន្តមកដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោក អាបេ បានជាប់នាយករដ្ឋមន្រ្តីជប៉ុនដែលកាន់អំណាចបានយូរថ្ងៃជាប់គ្នាបំផុត ដោយគិតត្រឹម៣អាណត្តិចុងក្រោយរបស់លោក ដែលជាអាណត្តិជាប់ៗគ្នា គឺបំបែកកំណត់ត្រារបស់លោក សាតូ អ៉ីសាគុ (Sato Eisaku) ដែលមានរយៈពេល២,៧៩៨ថ្ងៃ។

គួរជម្រាបថា សម្រាប់អាណត្តិដឹកនាំទីបួននេះ គឺលោក អាបេ នឹងត្រូវផុតនៅកញ្ញា ឆ្នាំ២០២១ ឯណោះទេ ប៉ុន្តែលោកបានសម្រេចចិត្តលាលែងពីតំណែងនៅពេលនេះ គឺដោយសារជំងឺរលាកពោះវៀនធ្ងន់ធ្ងររបស់លោកបានរើឡើងមកវិញ។ យ៉ាងណាក្តីលោកនឹងបន្តនៅជានាយករដ្ឋមន្រ្តីសិន រហូតទាល់តែអ្នកបន្តវេនត្រូវបានជ្រើសរើសដោយគណបក្ស LDP។

* ជីវិតឯកជន

លោក អាបេ បានរៀបការជាមួយភរិយាឈ្មោះ ម៉ាតស៊ូហ្សាគី អាគី (Matsuzaki Akie) ជាបុគ្គលក្នុង វណ្ណៈខ្ពង់ខ្ពស់ម្នាក់។ លោកស្រីជាកូនស្រីប្រធានក្រុមហ៊ុនផលិតស្ករសូកូឡា Morinaga។ ស្ត្រីរូបនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាមនុស្សមានទស្សនៈវិស័យដោយចំហ ដែលជាទូទៅមានលក្ខណៈផ្ទុយពីទស្សនៈរបស់ស្វាមីលោកស្រីផ្ទាល់។ លោក អាបេ និងភរិយាពុំមានកូនឡើយ។

ដោយឡែកលោក អាបេ មានបងប្រុសបង្កើតម្នាក់ឈ្មោះ អាបេ ហ៉ីរ៉ូណូប៊ូ (Abe Hironobu) ដែលជាអ្នកជំនួញ និងប្អូនប្រុសម្នាក់ឈ្មោះ គីស៉ិ ណូប៊ូអូ (Kishi Nobuo) ដែលត្រូវបានឪពុកម្តាយលោក អាបេ ស៉ីនហ្សូ យកមកចិញ្ចឹម៕