(ភ្នំពេញ)៖ ក្លិបបឹងកេត បានប្រកាសចែកផ្លូវជាមួយខ្សែប្រយុទ្ធ SANTANA PAIVA FRANC ហើយ បន្ទាប់ពីរួមរស់ជាមួយគ្នាបានពាក់កណ្ដាលរដូវកាល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ មុនអតីតក្រុមជើងឯក ៣សម័យប្រកាសចែកផ្លូវ ក៏មានព័ត៌មានលេចលឺថា ម្ដាយរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ តេស្ដវិជ្ជមានរកឃើញជំងឺកូវីដ-១៩ នៅឯស្រុកកំណើតផងដែរ។
ក្រុមកំពុងគ្រងតំណែងកំពូលតារាងក្របខណ្ឌលីគកំពូលកម្ពុជា ជើងទី១ បានបង្ហោះសារលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «សូមថ្លែងអំណរគុណចំពោះរយៈពេលកន្លងមក ដែលកីឡាករ Franc Santana Paiva ចូលរួមជាមួយក្លិបក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់ក្របខណ្ឌលីគកំពូលកម្ពុជា កាលពីជើងទី១កន្លងមក។ សូមជូនពរឲ្យ Franc ទទួលបានជោគជ័យក្នុងអាជីពរបស់ខ្លួនបន្តទៀតនាពេលអនាគត»។
Franc Santana Paiva បានចូលរួមជាមួយបឹងកេត កាលពីដើមរដូវកាលកន្លងទៅ តែហាក់ពុំសូវគាប់ប្រសើរឡើយ ទោះបីបឹងកេតបានបញ្ចប់ការប្រកួតជើងទី១ ដោយឈរកំពូលតារាងក៏ដោយ។ ជាក់ស្ដែងក្នុងជើងទី១ រូបគេរកបានត្រឹម ៤គ្រាប់ប៉ុណ្ណោះ។ ប៉ុន្ដែទន្ទឹមជាមួយការចែកផ្លូវកីឡាករបរទេសពាក់កណ្ដាលទីនេះ បឹងកេត នៅមិនទាន់បញ្ជាក់ពីការនាំចូលកីឡាករមកជំនួសតំណែង Franc នោះទេ។
ដោយឡែកពាក់ព័ន្ធករណីម្ដាយរបស់ Franc តេស្ដរកឃើញជំងឺកូវីដ-១៩ នៅស្រុកកំណើតវិញ ត្រូវបានចែករំលែងនៅលើបណ្ដាញសង្គម ដោយយោងទៅតាមស្ដីផ្ទាល់របស់អតីតកីឡាករបឹងកេតរូបនេះ។ ទន្ទឹមជាមួយគ្នាក្រុមការងារ Fresh News Plus ក៏បានព្យាយាមទាក់ទងតាមសាអេឡិចត្រូនិចផ្ទាល់ទៅ Franc ដែរ តែគ្មានការឆ្លើយតប៕