(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានប្ដេជ្ញានឹងខិតខំជំរុញការអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន ពិសេសផ្នែកធនធានកីឡាករ និងមន្ដ្រីបច្ចេកទេស ដើម្បីឆ្ពោះទៅសម្រេចផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលតម្រូវឲ្យសហព័ន្ធដណ្ដើមបានមេដាយមាសយ៉ាងតិច១ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ដ្រ នៅកម្ពុជា។
ការថ្លែងបែបនេះបានធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៦-២០២០ និងបន្ដអាណត្ដទី៧ ឆ្នាំ២០២០-២០២៤ ស្របពេលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងតំណាងក្លិបជាសមាជិក បានបោះឆ្នោតគាំទ្រលោកបន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី នៅអគា NOCC នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ដោយមានការចូលរួមធ្វើជាសាក្សីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និង NOCC ផងដែរ។
ប្រធានសហព័ន្ធខាងលើបានគូសបញ្ជាក់ថា ទោះបីក្នុងអាណត្តិទី៦ សហព័ន្ធបានសម្រេចលទ្ធផលល្អប្រសើរ តាមរយៈការចូលរួមប្រកួតលើឆាកអន្ដរជាតិ និងដណ្ដើមបានមេដាយជាបន្ដបន្ទាប់ តែចំពោះមុខ សហព័ន្ធត្រូវពង្រឹងការអភិវឌ្ឍន៍កាន់តែខ្លាំង ពិសេសផ្នែកធនធានមនុស្ស ទាំងកីឡាករ-កីឡាការិនី និងមន្ដ្រីបច្ចេកទេស រួមមានអាជ្ញាកណ្ដាលជាដើម ដែលត្រូវបណ្ដុះបណ្ដាលឲ្យក្លាយជាអាជ្ញាកណ្ដាលអន្ដរជាតិ។
លោកសង្កត់ធ្ងន់ថា «ធម្មតាគេធ្វើម្ចាស់ផ្ទះ គេត្រូវរៀបចំអ្វីខ្លះ? តែពេលយើងធ្វើម្ចាស់ផ្ទះ បន្ទុកកាន់តែធ្ងន់ ទី១-កីឡាករត្រូវតែខ្លាំង ដើម្បីប្រជែងមេដាយមាស ទី២-រឿងអាជ្ញាកណ្ដាល-ចៅក្រម ត្រូវមានចំណេះជំនាញច្បាស់លាស់ ដែលសហព័ន្ធនឹងអញ្ជើញគ្រូអន្ដរជាតិ មកបើកវគ្គបណ្ដុះបណ្ដាលដល់អាជ្ញាកណ្ដាល-ចៅក្រមកម្ពុជាឲ្យស្របតាមនិយាមអន្ដរជាតិ ពិសេសផ្នែកភាសាបរទេស ដើម្បីចូលរួមកាត់សេចក្ដីប្រកបដោយសេចក្ដីថ្លៃថ្នូរ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម»។
បន្ថែមលើនេះ លោកបានអះអាងថា អាណត្តិទី៧ សហព័ន្ធគឺមានបេសកកម្មដ៏ធំ ដែលសមាជិកប្រតិបត្តិ តំណាងក្លិប និងកីឡាករ-កីឡាការិនី គ្រប់រាជធានី-ខេត្ត ត្រូវពួតដៃគ្នា ខំប្រឹង និងត្រៀមខ្លួនឲ្យបានល្អប្រសើរបំផុត ដើម្បីចូលរួមប្រកួតប្រជែង និងដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពិសេសគឺការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម មុនដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
គួរបញ្ជាក់ថា ចំពោះសមាសភាពក្បាលម៉ាស៊ីនសហព័ន្ធក្នុងអាណត្តិទី៧ ក្រៅពីលោកឧត្តមសេនីយ៍ឯក លី កុសល បន្ដធ្វើជាប្រធាន គឺមានលោក មាស សារិន និងលោក កុសល សុវណ្ណវិសាល ជាអនុប្រធាន, លោក ជាម សុភា ជាអគ្គលេខាធិការ, លោក កែវ រស់ និងកញ្ញា គីម សំណាង ជាអគ្គលេខាធិការរង និងលោក ធិន សៅ ជាអគ្គហេរញិក។ ចំណែកសមាជិក គឺមានលោក សុខ ប៉ាង និងលោក ម៉ុង សារឿន៕