(ភ្នំពេញ)៖ តារាសម្តែងហូលីវូដដ៏ល្បី ដែលទស្សនិកជនគ្រប់រូបស្គាល់តាមរយៈសម្តែងជាតួអង្គ Black Panther ក្នុងខ្សែភាពយន្តល្បី «Avengers» ដែលមានឈ្មោះពិតថា Chadwick Boseman បានស្លាប់ក្នុងវ័យ៤៣ឆ្នាំ នៅផ្ទះរបស់លោក ស្ថិតក្នុងទីក្រុង Los Angeles ដោយសារជំងឺមហារីក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។
ជាការកត់សម្គាល់ នាពេលកន្លងមក Boseman មិនធ្លាប់បង្ហាញទៅកាន់សាធារណៈជនពីរោគសញ្ញា ឬជំងឺរបស់លោកឡើយ។ ការទទួលមរណភាពរបស់តារាសម្តែងប្រុសល្បីឈ្មោះរូបនេះ បានធ្វើឲ្យមហាជនសម្តែងការកត់ស្លុតគ្រប់គ្នា ជាពិសេសទស្សនិកជនដែលជាអ្នកតាមដានភាពយន្តហូលីវូដ។
គួរជម្រាបថា លោក Boseman តួអង្គ Black Panther បានជាតារាហូលីវូដល្បីឈ្មោះបោះសំឡេងមួយរូប។ លោកកើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៧៦។ តារារូបនេះបានសម្តែងជាតួអង្គសំខាន់ៗក្នុងភាពយន្តល្បីៗជាច្រើនដូចជារឿង «Get on Up» សម្តែងជាតួ James Brown, រឿង «42» សម្តែងជាតួ Jackie Robinson, រឿង «Avengers» សម្តែងជាតួ T’Challa ឬ Black Panther និងរឿងល្បីៗជាច្រើនទៀត៕