(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៤ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតជើងទី១ នៃវគ្គ ៨ក្រុមចុងក្រោយ (១/៤) ល្ងាចនេះ ដោយមានគូជក់ចិត្ត ២ប្រកួត គឺក្រុមណាហ្គាវើលដ៏ ប៉ះក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមភ្នំពេញក្រោន ជួបក្រុមគិរីវង់សុខសែនជ័យ។
នេះគឺជាការប្រកួតជើងទី១ រវាងក្រុមទាំង៤ ដែលនឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៦ល្ងាចថ្ងៃទី២៩ ខែសីហានេះដំណាលគ្នា ក្នុងនោះណាហ្គាវើលដ៏ ត្រូវជួបក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់ និងក្រុមភ្នំពេញក្រោន បើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមភ្ញៀវមកពីខេត្តតាកែវ គឺក្រុមគិរីវង់។
គួរដឹងថា ក្រោយបញ្ចប់ការប្រកួតល្ងាចនេះ ក្រុមនីមួយៗត្រូវរង់ចាំការប្រកួតជើងទី២ ជាង ១ខែកន្លះ ដ្បិតជើងទី២ គ្រោងប្រកួតនាថ្ងៃទី២១-២២ ខែតុលា ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ រីឯការប្រកួតជើងទី១ មួយប្រកួតទៀត គឺបឹងកេត ត្រូវជួបវិសាខានារសៀលថ្ងៃអាទិត្យស្អែក បន្ទាប់ពីក្រុមកងយោធពលខេមរភូមិន្ទ បានយកឈ្នះខេត្តព្រៃវេង ១-០ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ៕