(ភ្នំពេញ)៖ មិនធ្វើឲ្យទស្សនិកជនរងចាំយូរឡើយ MV ចម្រៀងថ្មីរបស់តារាចម្រៀងប្រុសល្បី ឈ្មោះប្រចាំផលិតកម្ម សាន់ដេគឺ លោកខាត់ ជេមស៍ បានចេញជាផ្លូវការហើយ ក្រោមចំណងជើងថា «កុំក្រយូរពេក» ខណៈ MV ចម្រៀងមួយនេះ ត្រូវបានគេដឹងថា ទំរាំបានបញ្ចេញជាផ្លូវការ គឺឆ្លងការឧបសគ្គជាច្រើន ពោលត្រូវទៅផ្តិតយកទិដ្ឋភាពពិតនៅកោះរ៉ុង។ តែអ្វីដែលនឹកស្មានមិនដល់ គឺលោក ខាត់ ជែមស៍ និងក្រុមការងារបានជាប់នៅទីនោះរយៈពេល៣ថ្ងៃឯណោះ ដោយសារបញ្ហាអាកាសធាតុមិនអាចវិលត្រឡប់មកដីគោកវិញ។

ពិតណាស់ក្នុង MV ចម្រៀងមួយនេះ ក្រៅពីមានសាច់ភ្លេចពិរោះបែបមនោសញ្ចេតនាហើយនោះ ថែមទាំងបានបង្កប់នូវអត្ថន័យ ផ្តល់ជាគំនិតមួយចំនួនដល់អ្នកទស្សនាផងដែរ ខណៈពីដំបូងឡើយ លោក ខាត់ ជែមស៍ មានរបរចិញ្ចឹមជីវិតជាអ្នកនេសាទនៅតំបន់សមុទ្រ ដោយសារទឹកដមសំឡេងពីរោះក៏បានទៅរស់នៅទីក្រុង ដើម្បីផ្លាស់ប្តូរជីវិតរបស់ក្លាយជាអ្នកចម្រៀងល្បី តែដោយសារការមិនចេះគិតគ្រប់ជ្រុងជ្រោយ អាងខ្លួនល្បីធ្វើខ្លួនហឺរហារ ក៏បានធ្លាក់ខ្លួនជាអ្នកក្រវិញ។ យ៉ាងណាមិញ ដោយសារការដឹងកំហុស លោកក៏បានកសាងខ្លួនជាថ្មី និងមានជីវភាពសមរម្យ មានទស្សនិកជនគាំទ្រដូចគ្រាដើម។

អាចនិយាយបានថា ជាចំណីអារម្មណ៍ថ្មីមួយសម្រាប់អ្នកគាំទ្រ ក្នុងការទស្សនានិងស្តាប់ចម្រៀងថ្មីរបស់ ខាត់ ជេមស៍ មួយបទនេះហើយ ព្រោះក្រៅពីបង្កប់គំនិតអប់រំ ចម្រៀងពីរោះ ថែមទាំងបានផ្តិតយកនូវសម្រស់តំបន់សមុទ្រដ៏ស្រស់ត្រកាលរបស់កម្ពុជាឲ្យមហាជនបានទស្សនាទៀតផង ពោលគឺនៅកោះរ៉ុងនេះឯង។

បើគេនៅចាំមិនភ្លេច ដោយសារការទៅថត MV ចម្រៀងមួយនេះ ខាត់ ជែមស៍ និងក្រុមការងារ បានជាប់ខ្លួននៅកោះរុងរយៈពេល៣ថ្ងៃឯណោះ ដោយសារតែអាកាសធាតុមិនអំណោយផល ក្នុងការធ្វើដំណើរតាមទូកត្រឡប់មកវិញ។

ដើម្បីដឹងថាចម្រៀងមួយបទនេះពីរោះកម្រិតណាស់នោះ សូមទស្សនាវីដេអូខាងក្រោម៖