(ភ្នំពេញ)៖ គម្រោងអាគារវិមានអន្តរជាតិចុងហ្វាង ត្រូវបានរៀបចំពិធីបញ្ចប់ពីចម្ងាយ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ពីរាជធានីភ្នំពេញ និងក្រុងប៉េកាំង ប្រទេសចិន ឆ្លើយឆ្លងគ្នាផ្ទាល់តាមរយៈ Video Conference។
ពិធីនេះ មានការចូលរួមពី ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ស៊ូ ហ្វឹង អគ្គលេខាធិការសមាគមសហភាព សហប្រតិបត្តិការសេដ្ឋកិច្ច «ខ្សែក្រវាត់និងផ្លូវ» និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ថ្លែងក្នុងពិធីនោះ ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានលើកឡើងថា បច្ចុប្បន្នអាគារវិមានអន្តរជាតិចុងហ្វាង ក៏បានក្លាយជាអាគារខ្ពស់ជាងគេ នៅភ្នំពេញ ដែលមានកម្ពស់រហូតដល់៥៦ជាន់។
ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធ បានបន្ថែមទៀតថា នាថ្ងៃអនាគតសង្ឃឹមថា ក្រុមហ៊ុននឹងបន្តវិនិយោគសាងសង់អាគារ កាន់តែច្រើនទៀតនៅកម្ពុជា ដើម្បីចូលរួមជាវិជ្ជមាន ក្នុងការជំរុញវឌ្ឍនភាព និងពង្រឹងសេដ្ឋកិច្ចប្រទេសកម្ពុជា។
ប្រធានចាត់ការទូទៅ ក្រុមហ៊ុនអចលនទ្រព្យ ចុងហ្វាងលោក សៀ ស៊ូតុង បានលើកឡើងថា ចាប់តាំងពីគោលការណ៍ «ខ្សែក្រវ៉ាត់ និងផ្លូវ» បានចាប់ផ្ដើមមក ក្រុមហ៊ុនចុងហ្វាង ប្រកាន់ភ្ជាប់ការដឹកនាំសហគ្រាសគុណភាពខ្ពស់ ថែរក្សាបរិស្ថានពណ៌បៃតង។
លោកថា សព្វថ្ងៃនេះក្រុមហ៊ុន សាងសង់ជាអាគារ Landmark ខ្ពស់កប់ពពកពហុមុខងារមួយ ដែលមានប្រយោជន៍ដល់រដ្ឋាភិបាល និងវឌ្ឍនភាពវិទ្យាសាស្ត្រហិរញ្ញវត្ថុ នៅកម្ពុជា ក្នុងនោះ បានរួមបញ្ចូលជាច្រើននូវបទពិសោធសាងសង់របស់ចុងហ្វាង និងបច្ចេកវិទ្យាទំនើបរបស់ប្រទេសចិន។
លោកបន្ដថា នៅខាងក្នុងវិមានអន្តរជាតិចុងហ្វាង មានតម្លើងការគាំទ្រកម្មវិធីកុំព្យូទ័រដូចជា encrypted database, ប្រព័ន្ធស្គេនមុខមនុស្សចេញចូលវ័យឆ្លាតទំនើប ប្រព័ន្ធគ្រប់គ្រងចំណតរថយន្តវ័យឆ្លាត ប្រព័ន្ធការពារសុវត្ថិភាពវ័យឆ្លាត។
លើសពីនោះទៀត បន្ថែមសម្ភារបរិក្ខារដូចជា បន្ទប់ប្រជុំបន្តផ្ទាល់ទូទាំងសកលលោក 5G ឃ្លាំងរតនសម្បត្តិហិរញ្ញវត្ថុសិល្បៈ ដែលមានសន្តិសុខ ការពារកម្រិត សកលលោក ហាងដេញថ្លៃ សន្តិសុខអន្តរជាតិហ័រវ៉ៃហុងឡាង ការិយាល័យប្រើប្រាស់រួម មនុស្សយន្តគ្រប់គ្រងវ័យឆ្លាត។
បន្ថែមពីនោះទៀត មានចំណុចទេសចរណ៍ ពិសេសពេញនិយម មួយចំនួនដូចជា ការសម្រាកលំហែថែបំប៉នសុខភាព អាងហែលទឹកខ្ពស់ បើកទូលាយមិនមានត្រើយ អាហារដ្ឋានវិលជុំ វិមានគ្រីស្ដាល់បែបក្រោមទឹកជាដើម។
លោកបានលើកឡើងទៀតថា ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសសំខាន់ដែលមានទំនាក់ទំនងមិត្តភាពស៊ីជម្រៅ ជាមួយប្រទេសចិន ក្រុមហ៊ុនចុងហ្វាង ជ្រើសរើសដំណើរការគំរោង Landmark ពីនៅទីនេះ គឺមានអត្ថន័យដ៏ពិសេស។
លោកថា នាថ្ងៃអនាគត ក្រុមហ៊ុនអន្តរជាតិ នៃក្រុមហ៊ុនចុងហ្វាង នៅលើឆាកអន្តរជាតិ នឹងបន្តបង្កើតគំរោងអភិវឌ្ឍទីក្រុង ដែលមានគុណភាពខ្ពស់ បទដ្ឋានខ្ពស់ សមស្របសម្រាប់ប្រជាជន ដើម្បីឲ្យជីវិតស្នាក់នៅ កាន់តែស្រស់បំព្រង។
ឧកញ៉ា ឆិន ជ័រអ៊ី ម្ចាស់ភាគហ៊ុនវិមានអន្តរជាតិចុងហ្វាង បានថ្លែងថា គម្រោងនេះ គឺជាគម្រោងវិនិយោគទីមួយ ស្ថិតនៅខណ្ឌទួលគោក, គម្រោងទី២៖ ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, គម្រោងទី៣៖ ស្ថិតនៅខេត្តកោះកុង និងគម្រោងទី៤៖ ស្ថិតនៅខេត្តកំពត៕