(ក្រុងឡុងដ៍)៖ អ្នកគាំទ្របាល់ទាត់នៅអង់គ្លេសត្រូវបានអនុញ្ញាតឲ្យចូលកីឡដ្ឋានជាលើកដំបូងក្នុងរយៈពេលជិត ៦ខែខណៈមានប្រមាណ ២៥០០នាក់បានទស្សនាការប្រកួតមិត្តភាពកាលពីរាត្រីថ្ងៃសៅរ៍រវាងក្រុម Brighton និង Chelsea។

តាមរយ:ព័ត៌មានពី BBC បានចេញផ្សាយថា អ្នកគាំទ្រមួយចំនួនបានចូលរួមទស្សនាការប្រកួតនៅពហុកីឡដ្ឋាន Amex ដែលជាផ្នែកមួយនៃការសាកល្បងរបស់រដ្ឋាភិបាលសម្រាប់ការវិលត្រឡប់អ្នកគាំទ្រទៅកាន់ពហុកីឡដ្ឋានសម្រាប់ការប្រកួតនានាឡេីងវិញ។

បាល់ទាត់ត្រូវបានផ្អាកទាំងស្រុងនៅខែមីនា ឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត Covid-19 ជាសកលជាមួយរដូវកាលលីគកំពូលអង់គ្លេសឆ្នាំ២០១៩-២០ ចាប់ផ្តើមដំណើរការឡើងវិញដោយលេងបិទទ្វារកាលខែមិថុនា។

ការប្រកួតកាលពីថ្ងៃសៅរ៍បានបញ្ចប់ក្នុងលទ្ធផល ១-១ ដោយកីឡាករ Pascal Gross បានរកគ្រាប់បាល់តាមស្មើវិញ បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីរបស់ខ្សែប្រយុទ្ធ Timo Werner ជនជាតិអាល្លឺម៉ង់បានជួយឲ្យ Chelsea នាំមុខ។

នៅសប្តាហ៍នេះកីឡាករមួយចំនួនរបស់ក្រុមតោខៀវត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែកពីគេ បន្ទាប់ពីវិលត្រឡប់ពីការសម្រាកនៅរដូវក្តៅរបស់ពួកគេ និងមួយចំនួនទៀតបានឆ្លងជំងឺផ្លូវដង្ហេីម៕