(ភ្នំពេញ)៖ ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថលរបស់កម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការគ្នាធ្វើឲ្យមានការទូទាត់ងាយស្រួល នូវថ្លៃសេវាសាធារណៈរបស់ក្រសួងសាធារណការ តាមរយៈកម្មវិធី ABA Mobile។

banner

នៅក្នុងកិច្ចសហការនេះ ធនាគារ ABA ផ្តល់ជូនអតិថិជនរបស់ខ្លួន នូវការទូទាត់តាមទូរស័ព្ទដៃបានភ្លាមៗ គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង សម្រាប់សេវាផ្សេងៗជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖

* ការទិញលេខចុះបញ្ជីយានជំនិះ
* ការចុះបញ្ជីយានជំនិះ
* ការត្រួតពិនិត្យបច្ចេកទេសយានជំនិះ
* ការផ្តល់ និងការបន្តសុពលភាពបណ្ណបើកបរ
* ការចេញ និងការបន្តអាជ្ញាបណ្ណដឹកជញ្ជូន។

លោក ម៉ី ប៉ូលីន នាយកអភិវឌ្ឍន៍អាជីវកម្មនៃធនាគារ ABA មានលើកឡើងថា «យើងមានសេចក្តីរីករាយ ក្នុងការក្លាយជាដៃគូប្រមូលថវិកា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ យើងជឿជាក់ថា កិច្ចសហការនេះនឹងជួយលើកកម្ពស់សង្គមទំនើប ដែលមានការទូទាត់បែបឌីជីថល និងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែងាយស្រួលក្នុងការទូទាត់គ្រប់ពេលវេលា។ ប្រតិបត្តិការឌីជីថល មិនប្រើសាច់ប្រាក់ មានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើង នូវប្រសិទ្ធភាពអាជីវកម្ម និងការគ្រប់គ្រងហានិភ័យ។ ដោយសារវាជាឌីជីថលូបនីយកម្ម នោះប្រតិបត្តិការមានភាពងាយស្រួលសម្រាប់អ្នកទូទាត់ ក្នុងការបង់ប្រាក់ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នៅគ្រប់ពេលវេលា»។

លោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា «គោលបំណងនៃកិច្ចសហការនេះ គឺធ្វើឱ្យមានភាពងាយស្រួល ទៅដល់បងប្អូនប្រជាពលរដ្ឋក្នុងការមកទទួល នូវសេវាសាធារណៈដឹកជញ្ជូនផ្លូវគោក ដោយអាចធ្វើការបង់ប្រាក់កម្រៃ សេវាសាធារណៈបានគ្រប់ពេលវេលា គ្រប់ទីកន្លែង កាត់បន្ថយការជួបជាមួយមន្រ្តីផ្ទាល់ និងកាត់បន្ថយពេលវេលា។ បន្ថែមលើនេះ គឺបង្កើននូវភាពរហ័ស ជាក់លាក់ និងប្រសិទ្ធភាព តម្លាភាពនៃសេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ បច្ចុប្បន្ន យើងមានដៃគូប្រមូលថវិកាសរុបចំនួន ១១»។

ខាងក្រោមនេះ ជារបៀបទូទាត់ថ្លៃសេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូនតាមកម្មវិធី ABA Mobile៖

១៖ បើក ABA Mobile app
២៖ ចុចមីនុយ ទូទាត់ប្រាក់ អូសចុះក្រោម រួចចុច សេវាសាធារណៈ ហើយជ្រើសរើស ក្រសួងសាធារណការ និងដឹកជញ្ជូន
៣៖ បញ្ចូលព័ត៌មានចាំបាច់ ព្រមជាមួយលេខវិក្កយបត្រអេឡិកត្រូនិក ឬលេខវិក្កយបត្រទូទាត់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន
៤៖ ចុចប៊ូតុង បង់ឥឡូវ និងបញ្ជាក់ការទូទាត់ជាមួយលេខសម្ងាត់ PIN កម្មវិធី ABA Mobile របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលផ្តល់ដោយធនាគារ ABA និង ក្រសួងសាធារណការ និងដឹកជញ្ជូន សូមទាក់ទងធនាគារ ABA តាមលេខទូរស័ព្ទ 023 225 333 ឬ ក្រសួងសាធារណការ និងដឹកជញ្ជូនតាមលេខទូរស័ព្ទ 1275។ អ្នកក៏អាចចូលទៅគេហទំព័រផ្លូវការ របស់ធនាគារ ដោយចុចត្រង់នេះ [https://www.ababank.com/km/aba-news/aba-enables-mobile-payments-for-services-of-the-ministry-of-public/ ]៕