(ក្រុងរ៉ូម)៖ ក្លិបយក្ស FC Barcelona និង Liverpool សុទ្ធតែទទួលរងនូវការខកចិត្តដូចគ្នា នៅក្រោយពេលកីឡាករខ្សែប្រយុទ្ធ Ciro Immobile បានចុះកិច្ចសន្យារយៈពេល ៥ឆ្នាំទៀតជាមួយ Lazio។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា Live Score បានចេញផ្សាយថា ទាំងក្លិបអេស្ប៉ាញ Barcelona និង Liverpool របស់អង់គ្លេសបានតាមចែចូវកីឡាករវ័យ ៣០ឆ្នាំ Immobile ជាយូរមកហើយ ដោយហ៊ានឲ្យថ្លៃនឿយហត់ ៣លានអឺរ៉ូ ដែលស្មើនឹង ៣.៥៧លានដុល្លារក្នុង ១រដូវកាលថែមទៀតផងដល់អតីតកីឡាករ Sevilla ខាងលើនេះ។
កិច្ចសន្យាថ្មីដែលមានសុពលភាពដល់ឆ្នាំ២០២៥ នោះ ទំនងជាធ្វើឲ្យ Ciro Immobile បញ្ចប់អាជីពបាល់ទាត់ជាមួយក្លិបដែលស្ថិតក្នុងទីក្រុង Rome នៃលីគកំពូលអ៉ីតាលីមួយនេះ បន្ថែមលើកិច្ចសន្យាចាស់ដែលផុតកំណត់នៅឆ្នាំ២០២០។
ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិអាសូរីអ៉ីតាលីបច្ចុប្បន្ន ទើបតែឈ្នះស្បែកជើងមាសនៅ Serie A និងនៅអឺរ៉ុបក្នុងរដូវកាលឆ្នាំ២០១៩-២០២០ នេះ បន្ទាប់ពី Immobile រកបាន ៣៦គ្រាប់ ពីការចូលលេងបាន ៣៧ប្រកួត ព្រមទាំងជួយ Lazio បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ទទួលបានកៅអីទៅលេង UEFA Champions League រដូវកាលក្រោយវិញផងដែរ៕