(បរទេស)៖ ហ្គាំ (Guam) ដែលជាកូនកោះតូចមួយនៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក បានក្លាយជាដែនដីរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ហើយវាត្រូវគេចាត់ទុកជាចំណុចតភ្ជាប់ ដែលផ្តល់លក្ខណៈយុទ្ធសាស្រ្តយ៉ាងសំខាន់រវាងអាមេរិកនិងអាស៉ី។

ហេតុផលតែមួយគត់ដែលអាមេរិកមកដណ្តើមយកកោះហ្គាំ ដែលនៅចម្ងាយជិត១ម៉ឺនគីឡូម៉ែត្រពីប្រទេសរបស់ខ្លួន គឺដោយសារកាលនោះ អាមេរិកស្ថិតក្នុងសង្រ្គាមជាមួយអេស៉្បាញ។ នៅពេលសង្រ្គាមអាមេរិក-អេស៉្បាញផ្ទុះឡើងកាលពីខែមេសា ឆ្នាំ១៨៩៨ កោះហ្គាំស្ថិតក្រោមការត្រួតត្រារបស់អេស៉្បាញ គឺចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៦០០ មកម្ល៉េះ។

តាមពិតទៅអាមេរិកចង់បានហ្វីលីពីនរបស់អេស៉្បាញឯណោះទេ ប៉ុន្តែអាមេរិកយល់ថា ខ្លួនត្រូវតែកាន់កាប់កោះហ្គាំជាមុនសិន ដើម្បីអាចបន្តទៅឈោងចាប់ហ្វីលីពីន។ ចម្ងាយរវាងហ្វីលីពីននិងហ្គាំគឺត្រឹមជាង២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ។ នៅខែមិថុនា ឆ្នាំ១៨៩៨ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងឈ្មោះ USS Charleston ឲ្យទៅដណ្តើមយកកោះហ្គាំ។

ពេលដែលនាវា Charleston ទៅដល់កោះហ្គាំ កងទ័ពអាមេរិកនៅលើនាវា បានបញ្ជូនសញ្ញាដើម្បីឲ្យខាងអេស៉្បាញដឹងអំពីវត្តមានពួកគេ។ ខាងអាមេរិករំពឹងថាពួកអេស៉្បាញនឹងឆ្លើយតបមកវិញ តាមរយៈការចេញមកការពារកោះរបស់ពួកគេ ពីការឈ្លានពានរបស់ខ្លួន។ ប៉ុន្តែពេលនោះមិនមានការឆ្លើយតបអ្វីទាំងអស់។

ប៉ុន្មានម៉ោងកន្លងផុតទៅ អាជ្ញាធរអេស៉្បាញក៏បានជិះទូកមួយមករកនាវា Charleston ដើម្បីជជែកជាមួយកងទ័ពអាមេរិកទៅវិញ។ ការពិតអេស៉្បាញយល់ច្រឡំថា សញ្ញារបស់នាវាអាមេរិកគឺជាការគោរពរាក់ទាក់ ឬការស្វាគមន៍។ និយាយរួមគឺ អាជ្ញាធរអេស៉្បាញដែលស្ថិតនៅលើកោះហ្គាំ មិនបានដឹងថាអេស៉្បាញនិងអាមេរិកបានផ្ទុះសង្រ្គាមជាមួយគ្នាអស់ពីរខែមកហើយទេ។

ទីបំផុតនៅពេលភាគីទាំងសងខាងច្បាស់ហើយថា ពួកគេជាសត្រូវនឹងគ្នានោះ ខាងអាមេរិកបានស្នើឲ្យអភិបាលអេស៉្បាញប្រចាំកោះហ្គាំ ប្រកាសចុះចាញ់ដោយទុកពេលឲ្យ៣០នាទី។ អភិបាលអេស៉្បាញក៏បានយល់ព្រម ហើយហ្គាំបានក្លាយជាកម្មសិទ្ធិរបស់អាមេរិក។ កងទ័ពអាមេរិកបានស្ថិតនៅទីនោះតែជាងមួយថ្ងៃប៉ុណ្ណោះ ហើយពួកគេមិនបានទុកនរណាម្នាក់ឲ្យនៅមើលខុសត្រូវលើកោះហ្គាំឡើយ និងថែមទាំងបានយកទង់ជាតិត្រឡប់ទៅវិញទៀត។

វាគឺជាព្រឹត្តិការណ៍ដំបូងនិងចុងក្រោយបំផុតរវាងភាគីទាំងពីរក្នុងអំឡុងសង្រ្គាមអាមេរិក-អេស៉្បាញ ដែលបានកើតឡើងនៅលើកោះហ្គាំ ហើយមិនមានការបង្ហូរឈាមគ្នាអ្វីទាំងអស់។ នៅពេលឈ្នះសង្រ្គាម អាមេរិកបានប្រែក្លាយហ្គាំទៅជាដែនដីផ្លូវការរបស់ខ្លួន ហើយជនជាតិនៅលើកោះនេះ ដែល រដ្ឋាភិបាលអាមេរិកហៅថា ហ្គាំម៉ានៀន ឥឡូវគឺជាពលរដ្ឋអាមេរិកតាំងពីកំណើតតែម្តង។

យ៉ាងណាក្តី មិនដូចពលរដ្ឋអាមេរិកនៅរដ្ឋទាំង៥០របស់សហរដ្ឋអាមេរិកទៀតឡើយ គឺអ្នករស់នៅលើកោះហ្គាំពុំមានសិទ្ធិបោះឆ្នោតប្រធានាធិបតីទេ។ ហើយដូចទៅនឹងពលរដ្ឋអាមេរិក ដែលនៅរដ្ឋធានីវ៉ាស៉ីនតោន និងដែនដីរដ្ឋបាលអាមេរិកដទៃៗទៀត រួមមាន ផឺតូរីកូ (Puerto Rico), ប្រជុំកោះម៉ារីយ៉ាណាខាងជើង (Northern Mariana Islands) ដែលនៅក្បែរកោះហ្គាំ, ប្រជុំកោះវើជីនអាមេរិក (US Virgin Islands) និងកោះសាម៉ូអាមេរិក (American Samoa) គឺប្រជាជនប្រមាណជាង ១៦០,០០០នាក់នៅលើកោះហ្គាំ ពុំមានតំណាងបោះឆ្នោតនៅក្នុងសភាជាតិអាមេរិកឡើយ៕