(ភ្នំពេញ)៖ ផលិតកម្ម Galaxy Navatra នឹងបើកព្រឹត្តិការណ៍ប្រណាំងទូក តាមដងព្រែកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះតារាចម្រៀង ខេម ក៏ជាកីឡាករប្រណាំងទូកមួយរូបផងដែរ។ តើនរណាខ្លះចង់ប្រណាំងទូកជាមួយ ខេម ដែលជាអ្នកអុំទូកដ៏ល្បីមកពីខេត្តកំពង់ឆ្នាំង?
បើតាមលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ Fresh News Plus នៅថ្ងៃទី០២ ខែកញ្ញា នេះថា នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ នឹងមានការប្រគំតន្ត្រីដ៏ធំមួយ ដែលស្ថិតនៅរីស៊ត កុងតឺន័រ និងផ្សារលើទឹកដំបូងគេបង្អស់ នៅជិតទីក្រុងប៉ោយប៉ែត ខណៈកម្មវិធីនេះ ប្រមូលផ្តុំដោយតារាចម្រៀងទាំងអស់ប្រចាំផលិតកម្ម Galaxy Navatra ចូលរួម ជាពិសេសគឺមានការប្រណាំងទូកតាមដងព្រែក ដើម្បីបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយ ពុំធ្លាប់មាន។
លោកបន្តថា ការប្រណាំងទូកនេះ នឹងមានការចូលរួមយ៉ាងពិសេសដោយតារាចម្រៀងបុរសរបស់ Galaxy Navatra ដូចជាលោក ខេម និងតារាចម្រៀងដទៃទៀត ដែលនេះហាក់បីដូចជាចំណីចក្ខុមួយប្លែក សម្រាប់ទស្សនិកជន ព្រោះកន្លងទៅធ្លាប់តែឃើញលោក ខេម បកស្រាយចម្រៀងយ៉ាងពីរោះ ជាមួយទឹកដមសំឡេងស្អក តែពេលនេះបែរមកជាកីឡាករប្រណាំងទូកវិញម្តង។
គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍លើកទី១ហើយ ដែលផលតិកម្ម Galaxy Navatra បានបង្កើតឡើងនៅតំបន់ទេសចរណ៍របស់ខ្លួន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈកន្លងមកដូចជាពិធីបុណ្យចូលឆ្នាំថ្មី ឬភ្ជុំបិណ្ឌ ជាដើម គេមិនធ្លាប់ឃើញមានបង្កើតកម្មវិធីបែបនេះឡើយ។ គេរំពឹងថាក្នុងកម្មវិធីនេះ នឹងមានបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ចូលរួមច្រើនកុះករ ដើម្បីប្រឡងប្រណាំងទូក ឈ្នះប្រាក់រង្វាន់ចំនួន ៣០លានរៀល និងថវិកាមួយចំនួនផងដែរ៕