(ភ្នំពេញ)៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា បានប្រកាសអំពីការទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់ ប្រព័ន្ធគ្រប់គ្រងគុណភាព QMS កម្រិតស្តង់ដារអន្តរជាតិ ISO 9001:2015 ពីទីភ្នាក់ងារអន្តរជាតិ BM Trada ដែលជាទីភ្នាក់ងារឈានមុខគេមួយលើកិច្ចការវាយតម្លៃ និងចេញវិញ្ញាបនប័ត្រផ្លូវការ។

ក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេ ដែលបានការទទួលស្គាល់ជាផ្លូវការ សម្រាប់ស្តង់ដារ ISO មួយនេះ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនបានការទទួលស្គាល់គុណភាព កម្រិតស្តង់ដារអន្តរជាតិប្រភេទ ISO 9001។ ជាក់ស្តែង កាលពីខែមិថុនា ឆ្នាំ២០១១ ក្រុមហ៊ុន EZECOM ក៏ជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេ ដែលបានការទទួលស្គាល់គុណភាពកម្រិតស្តង់ដារ ISO 9001:2008 ដែលចំណុចនេះ ធ្វើឲ្យក្រុមហ៊ុន EZECOM ក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតតែមួយគត់នៅកម្ពុជា ដែលបានការទទួលស្គាល់គុណភាពកម្រិតស្តង់ដារ ISO 9001 ដំបូងគេពីរដងផ្ទួនគ្នា។

លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM បានថ្លែងថា «យើងពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលទទួលបានវិញ្ញាបនប័ត្រស្តង់ដារ ISO 9001 លើប្រព័ន្ធគ្រប់គ្រងគុណភាពម្តងទៀត។ ស្ថាប័ន ISO បានវាយតម្លៃ និងទទួលស្គាល់គុណភាព ដល់ទៅជាង១លានក្រុមហ៊ុន នៅ១៧០ប្រទេសជាងទូទាំងពិភពលោក»

លោកស្រីបន្ដថា ស្ថាប័នអន្តរជាតិមួយនេះ មានជំនាញ និងបទពិសោធន៍ លើសលុបទាក់ទងនឹងការគ្រប់គ្រងគុណភាពសេវាកម្ម ដូច្នេះ នេះជាប្រភពនៃព័ត៌មាន និងចំណេះដឹងដ៏ល្អបំផុត ដែលយើងអាចរៀនសូត្រនិងយកមកអនុវត្ត ដើម្បីធ្វើឲ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ជាងមុន។
លោកស្រី Yuni Lee Heathcote បានបន្ថែមទៀតថា «យើងមិនចាំបាច់ខំស្វែងរកអ្វី ដែលគេបានរកឃើញហើយនោះទេ យើងគ្រាន់តែត្រូវរៀនសូត្រពីគេ នូវអ្វីដែលជាបច្ចេកទេស ក្នុងការធ្វើការងារឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យក្រុមហ៊ុនរបស់យើង មានផលិតភាពកាន់តែខ្ពស់ជាងមុន»

នៅក្នុងការទទួលបានវិញ្ញាបនប័ត្រទទួលស្គាល់គុណភាពនេះ ក្រុមហ៊ុន EZECOM ត្រូវឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹង ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាព ស្របតាមបទដ្ឋានកំណត់ថ្មី ចុងក្រោយបំផុតរបស់ ISO 9001:2015។

ប្រព័ន្ធគ្រប់គ្រងគុណភាពនេះ ត្រូវបានអនុវត្តន៍នៅក្នុងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ របស់ក្រុមហ៊ុន រួមទាំងផ្នែកសេវាអតិថិជនផងដែរ។ នេះគឺជាការសបង្ហាញ កាន់តែច្បាស់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះគុណភាពសេវាកម្ម និងការបម្រើអតិថិជន ឲ្យស្របតាមកិត្តិស័ព្ទរបស់ខ្លួន ជាក្រុមហ៊ុនអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា។

លោកស្រី Yuni Lee Heathcote បានបន្ថែមទៀតថា «ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ ISO បានដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ការបំពេញកិច្ចការផ្សេងៗ នៅក្នុងក្រុមហ៊ុន EZECOM ។ ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះ យើងនឹងលើកកម្ពស់គុណភាពនៃគ្រប់សកម្មភាពដែលយើងធ្វើ រាប់តាំងពីកិច្ចការគ្រប់គ្រង ធនធានមនុស្ស និងថែរក្សាបុគ្គលិក រហូតទៅដល់ការបង្កើតផលិតផល ការផ្តល់សេវាកម្មប្រកបដោយគុណភាពជូនអតិថិជន ការរៀបចំបណ្តាញ កិច្ចការវិស្វកម្ម និងសូម្បីសកម្មភាពលក់របស់យើង»

លោកស្រីថា «វាពិតជាមានសារសំខាន់ណាស់ ដែលយើងត្រូវធានាគុណភាពសេវាកម្ម នៅគ្រប់ដំណាក់កាលនៃការប្រាស្រ័យទាក់ទងជាមួយអតិថិជន។ បើយើងធ្វើកិច្ចការនេះបានល្អ នោះអតិថិជននឹងទទួលបានសេវាកម្ម និងបទពិសោធន៍ប្រកបដោយគុណភាពខ្ពស់ជាក់ជាមិនខាន»

លោក កាំង តាំង នាយកប្រតិបត្តិបទពិសោធន៍និយោជិក បានបញ្ជាក់បន្ថែមថា តាមធម្មតា ស្តង់ដារគុណភាព ISO ត្រូវបានវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពជាប្រចាំ ដើម្បីធានាថាលក្ខខណ្ឌតម្រូវនានា ឆ្លុះបញ្ចាំងពីការអនុវត្តល្អបំផុត ក៏ដូចជាស្របតាមតម្រូវការអតិថិជន និងទីផ្សារដែលបន្តវិវដ្តទៅមុខជានិច្ចជាកាល។

សម្រាប់ស្តង់ដារគុណភាពប្រភេទ ISO 9001 វាត្រូវបានគេធ្វើបច្ចុប្បន្នភាពនៅក្នុងឆ្នាំ១៩៨៧ ឆ្នាំ១៩៩៤ ឆ្នាំ២០០០ ឆ្នាំ២០០៨ និងចុងក្រោយគឺ ឆ្នាំ២០១៥។ ដូច្នេះ យើងពិតជាមោទនភាពខ្លាំងណាស់ ដែលក្រុមហ៊ុន EZECOM បានអនុវត្តតាមបទដ្ឋានអន្តរជាតិ និងមានការទទួលស្គាល់ជាច្រើនឆ្នាំកន្លងមកនេះ។

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ដែលក្រុមហ៊ុន EZECOM បាននិងកំពុងផ្តល់សេវាអ៊ិនធឺណិតប្រកបដោយគុណភាពខ្ពស់ ដល់អតិថិជននៅកម្ពុជា។ សម្រាប់ទសវត្សរ៍ខាងមុខ ក្រុមហ៊ុន EZECOM មានទស្សនវិស័យអភិវឌ្ឍខ្លួនឈានឡើង ឲ្យក្លាយទៅជាតួអង្គសំខាន់មួយ ក្នុងការជំរុញកំណើន នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

យោងតាមក្រុមហ៊ុន EZECOM ការទទួលស្គាល់គុណភាពកម្រិតស្តង់ដារ ISO នេះ គឺគ្រាន់តែជាជោគជ័យមួយ ក្នុងចំណោមជោគជ័យជាច្រើនបន្តបន្ទាប់ទៀត ក្នុងដំណើរឆ្ពោះទៅមុខរបស់ក្រុមហ៊ុនតែប៉ុណ្ណោះ៕