(ភ្នំពេញ)៖ ព្រះនាងតូច នរោត្តម ជេនណា ជាតារាចម្រៀងវ័យក្មេង មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងប្រទេសកម្ពុជា ទ្រង់នឹងយាងទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីជួបក្រុមតារាចម្រៀង K-Pop របស់កូរ៉េ «Momoland» ក្នុងគម្រោងផលិតបទចម្រៀងរួមគ្នា ដែលសកម្មភាពនេះមានបំណងរឹតចំណងមិត្តភាព រវាងប្រទេសទាំងពីរលើវិស័យសិល្បៈ កម្ពុជា-កូរ៉េ ឲ្យកាន់តែស្អិតល្មួតថែមមួយកម្រិតទៀត។
បើតាមកញ្ញា ហ៊ុយ ជេន្នី ក្រុមការងាររៀបចំដំណើរទស្សនកិច្ចនេះ បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា ក្រោមការរៀបចំរួមគ្នារវាងភាគីកម្ពុជា និងកូរ៉េខាងត្បូងដ៏ពិសេសនេះ ក្រៅពីមានជំនួបជាមួយក្រុម Momoland ព្រះនាងតូច ជេននា ក៏នឹងគ្រោងជួបជាមួយនឹងតារាសម្តែងដ៏ល្បី ប្រចាំប្រទេសកូរ៉េខាងត្បូង គឺលោក Lee Min Ho ដកស្រង់បទពិសោធន៍ ពាក់ព័ន្ធនឹងការសម្តែងខ្សែភាពយន្ត។ ម្យ៉ាងទៀត ទ្រង់ថែមទាំងមានគម្រោងជួបជាមួយក្រុម Twice និងក្រុមតារាកូរ៉េខាងត្បូងជាច្រើនទៀត ដើម្បីរៀបចំពីគម្រោងការងារផ្នែកសិល្បៈ ថាតើនឹងធ្វើអ្វីបន្ថែមទៀតនាពេលខាងមុខ។
សូមបញ្ជាក់ថា Seoul International Drama Awards របស់កូរ៉េខាងត្បូង បានផ្តល់សិទ្ធិឲ្យ Natural Magic Beauty Health Care របស់កម្ពុជា រៀបចំដំណើរទស្សនកិច្ច របស់ព្រះនាងតូច ជេនណា។ ភាគីទាំង២ បានសហការក្នុងការរៀបចំធ្វើការប្រគំតន្រ្តី ផលិតខ្សែភាពយន្ត និងផលិតបទចម្រៀងរួមគ្នា ដើម្បីលើកកម្ពស់វិស័យសិល្បៈរវាងកម្ពុជា និងកូរ៉េខាងត្បូង ក៏ដូចជាពង្រឹងចំណងមិត្តភាព រវាងប្រទេសទាំងពីរផងដែរ។
«ព្រះនាងតូច ជេនណា គឺជាកូនខ្មែរទី១ហើយ ដែលនឹងផលិតចម្រៀងជាមួយក្រុម K-Pop របស់កូរ៉េខាងត្បូង និងត្រៀមខ្លួនប្រគំតន្ត្រីជាមួយពួកគេ។ ឥឡូវនេះ ទ្រង់កំពុងតែប្រឹងប្រែងហ្វឹកហាត់ ដើម្បីឲ្យការផលិតបទចម្រៀង ដំណើរការទៅមុខបានរលូន»។ នេះជាការបញ្ជាក់បន្ថែមពី កញ្ញា ហ៊ុយ ជេន្នី៕