(ភ្នំពេញ)៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានកីឡាប្រដាល់សកល ឆ្នាំ២០២០ ដែលបង្រៀនដោយគ្រូឧទ្ទេសជនជាតិអង់គ្លេស លោក Russell Stutely បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃសុក្រនេះ ក្រោយដំណើរការរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី០១-០៤ ខែកញ្ញា ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមសរុប ២៩នាក់មកពីក្លិបរាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តមណ្ឌលគិរី។
ក្រោយបិទវគ្គលោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធបានជំរុញសិក្ខាកាមទាំងអស់ បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាល ត្រូវយកចំណេះដឹងទៅចែករំលែក និងខិតខំផលិតធនធានកីឡាករឲ្យបានច្រើន ស្របពេលសហព័ន្ធនឹងជំរុញការបង្កើតក្លិបឲ្យបានច្រើន ដើម្បីពង្រឹងការអភិវឌ្ឍន៍ប្រភេទកីឡាអូឡាំពិកនេះឲ្យកាន់តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ទន្ទឹមជាមួយគ្នាគ្រូបង្វឹកកម្រិតអន្ដរជាតិលោក Russell Stutely បានវាយតម្លៃខ្ពស់ ចំពោះការខិតខំ និងយកចិត្តទុកដាក់សិក្សារបស់សិក្ខាកាម ហើយលោកជឿជាក់ថា សិក្ខាកាមទាំង ២៩រូប នឹងក្លាយជាធនធានដ៏សំខាន់ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាប្រដាល់សកលកម្ពុជា។ លើសពីនេះ លោកក៏បង្ហាញនូវក្ដីរីករាយ បើសិនសហព័ន្ធផ្ដល់ឱកាសឲ្យលោកចូលរួមជួយផ្នែកណាមួយ នៃវិស័យកីឡានេះផងដែរ។
ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលខាងលើ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ឆ្លងកាត់ការសិក្សាដោយយកចិត្តទុកដាក់រយៈពេល ៤ថ្ងៃ សមិទ្ធផលទទួលបាន គឺមានសិក្ខាកាម ៤នាក់ទទួលបាននិទ្ទេសល្អ សិក្ខាកាម ២០នាក់ ទទួលបាននិទ្ទេសមធ្យម និងសិក្ខាកាម ៥នាក់ ទទួលបាននិទ្ទេសខ្សោយ៕