(ក្រុងឡុងដ៍)៖ ក្រុមតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Kai Havertz ពីក្លិបអាល្លឺម៉ង់ Bayer Leverkusen ក្នុងកិច្ចសន្យា ៥ឆ្នាំដែលមានតម្លៃផ្ទេរប្រហែល ៧១លានផោន។ នេះបេីយោងតាមព័ត៌មានពី BBC ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។
កីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះរកបាន ៣៦គ្រាប់ និងបានបញ្ជូនបាល់ ២៥ដងក្នុងការបង្ហាញខ្លួនចំនួន ១១៨ប្រកួតក្នុងក្លិបលេងនៅលីគកំពូល Bundesliga។
Havertz គឺជាកីឡាករដែលមានតម្លៃថ្លៃជាងគេទី២ របស់តោខៀវ បន្ទាប់ពីកីឡាករចាំទី Kepa Arrizabalaga បានចូលរួមពី Athletic Bilbao (៧១.៦លានផោន) ក្នុងឆ្នាំ២០១៨។
Havertz បាននិយាយថា ខ្ញុំពិតជារីករាយនិងមានមោទនភាពណាស់ដែលបានមកទីនេះ។ វាគឺជាក្តីសុបិន្តក្លាយជាការពិតក្នុងការលេងនៅក្នុងក្លិបដ៏ធំមួយដូចជា Chelsea នេះ។
Havertz ដែលអាយុទេីបតែ ២១ឆ្នាំគឺជាកីឡាករទី៧ របស់អ្នកចាត់ការទូទៅ Frank Lampard ដែលទិញបាននៅរដូវក្តៅនេះ ក្រោយការមកដល់របស់ Timo Werner, ខ្សែបម្រើ Hakim Ziyech និងខ្សែការពារ Xavier Mbuyamba, Malang Sarr, Ben Chilwell និង Thiago Silva នៅកីឡដ្ឋាន Stamford Bridge។
Chelsea នឹងចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេនៅឯផ្ទះ Brighton នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០៕