(សៀមរាប)៖ មូលនិធិ Herbalife Nutrition (HNF) ដែលជាអង្គភាពមិនស្វែងរកប្រាក់ចំណេញដែលប្តេជ្ញាចិត្តជួយកុមារដែលខ្វះខាត បានបន្តគាំទ្រដល់ដៃគូកម្មវិធី Casa Herbalife Nutrition របស់ខ្លួនក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០នេះ។
HNF បានប្រកាសការបន្តភាពជាដៃគូជាមួយ មន្ទីរពេទ្យកុមារអង្គរ (AHC) ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន ១០០,០០០ដុល្លារ ដើម្បីគាំទ្រដល់កម្មវិធីអាហារូបត្ថម្ភសម្រាប់កុមារ ដែលមានបំណងលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់កុមារនៅទូទាំងប្រទេសកម្ពុជា។
AHC គឺជាអង្គការថែទាំសុខភាពកុមារដែលមិនស្វែងរកប្រាក់ចំណេញ និងបានកំពុងផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃចាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ AHC បានពង្រីកខ្លួនពីមន្ទីពេទ្យដ៍តូចមួយទៅជាអង្គការថែទាំសុខភាពកុមារនាំមុខគេក្នុងថ្ងៃនេះដែលមានបំណងមិនត្រឹមតែលើកកម្ពស់សេវាថែទាំសុខភាពដល់កុមារកម្ពុជានោះទេ ថែមទាំងមានការធ្វើកំណែទម្រង់ទៀតផង។
ការគាំទ្រពី HNF ក្នុងឆ្នាំ២០២០-២០២១ នឹងអនុញ្ញាតអោយមន្ទីពេទ្យកុមារអង្គរផ្តល់កញ្ចប់អាហារ និងបរិក្ខារអនាម័យសំខាន់ៗដល់អ្នកជំងឺដែលខ្វះខាតចំនួន ១,៣០០នាក់។
បន្ថែមលើនេះទៀត សរុប ១១,៦៤៥ គ្រួសារ នឹងទទួលបានការគាំទ្រក្នុងការកសាងចំណេះដឹងផ្នែកអាហារូបត្ថម្ភនៅមន្ទីពេទ្យកុមារអង្គរ តាមរយៈការអប់រំជាក្រុមស្តីអំពីអាហារូបត្ថម្ភ ការបង្រៀនចំអិន ការបង្រៀនដាំដុះបន្លែបង្ការ ការគាំទ្រមួយទល់មួយ និងការប្រឹក្សាអំពីការបំបៅដោះកូន។ នៅក្នុងសហគមន៍ដាច់ស្រយាល ដែលមានការប្រឈមខ្ពស់លើបញ្ហាកង្វះអាហារូបត្ថម្ភ មន្ទីរពេទ្យកុមារអង្គរនឹងផ្តល់ការអប់រំផ្នែកអាហារូបត្ថម្ភ និងការចំអិនអាហារដល់ ៨,០០០ គ្រួសារ។
លោកវេជ្ជបណ្ឌិត ងួន ចន្ទ័ភ័ក្ត្រា នាយកគ្រប់គ្រងមន្ទីរពេទ្យកុមារអង្គរ ក៏បានថ្លែងថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានបន្តភាពជាដៃគូជាមួយមូលនិធិ Herbalife Nutrition ដែលបានគាំទ្រដល់កម្មវិធីអាហារូបត្ថម្ភរបស់យើងចាប់តាំងពីឆ្នាំ ២០១៩មកម្ល៉េះ។ ការរួមចំណែកដ៏មានតម្លៃរបស់ HNF នឹងធ្វើអោយមានភាពខុសប្លែកដ៏គួរអោយកត់សំគាល់និងកម្មវិធីអាហារូបត្ថម្ភរបស់យើងសម្រាប់នៅក្នុងមន្ទីរពេទ្យ និងនៅក្នុងសហគមន៍ដាច់ស្រយាលដែលយើងកំពុងធ្វើការជាមួយ»។
កាលពីថ្ងៃទី២៨កន្លងទៅនេះ HNF ក៏បានប្រារព្ធពិធីចុះហត្ថលេខាបន្តភាពជាដៃគូជាមួយអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ជាមួយទឹកប្រាក់ឧបត្ថម្ភចំនួន ៤២,០៥៥ដុល្លារ ដើម្បីទ្រទ្រង់កម្មវិធីអាហារសម្រាប់កុមារនៅក្នុងមណ្ឌលសេវាសហគមន៍របស់ PSE នៅក្នុងរាជធានីភ្នំពេញ។ មានកុមារសរុបចំនួន ៣៣០នាក់ ដែលឋិតក្នុងកម្មវិធីអាហារនេះនៅក្នុងឆ្នាំនេះ។ HNF បាននឹងកំពុងទ្រទ្រង់កម្មវិធីអាហារូបត្ថម្ភរបស់ PSE ចាប់តាំងពីឆ្នាំ ២០១៤។ ក្រៅពីទទួលបានអាហារ ២ពេលក្នុងមួយថ្ងៃ កុមារនៅក្នុងកម្មវិធីការអប់រំ និងការថែទាំយ៉ាងល្អប្រសើរផង។
មូលនិធិ Herbalife Nutrition (HNF) គឺជាអង្គភាពមិនរកប្រាក់ចំណេញមួយរបស់សហរដ្ឋអាមេរិក 501 (c)(3) ដែលផ្តល់អាហារូបត្ថម្ភល្អ និងការអប់រំផ្នែកអាហារូបត្ថម្ភ ដល់កុមារនៅលើពិភពលោក។ HNF គាំទ្រដៃគូកម្មវិធី Casa Herbalife Nutrition ដែលមានមូលដ្ឋាននៅក្នុងសហគមន៍ជាង ១៤០កន្លែងនៅជុំវិញពិភពលោក ដែលជួយនាំយកអាហារូបត្ថម្ភល្អដល់កុមារ។ មូលនិធិប្តេជ្ញាចិត្តធានាថា កុមារត្រូវបានផ្តល់នូវអាហាររូបត្ថម្ភល្អសម្រាប់អនាគតកាន់តែភ្លឺស្វាង។
HNF និងក្រុមហ៊ុន Herbalife Nutrition ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ និងផ្តល់ជំនួយដល់អង្គការដែលផ្តោតលើសុខភាពទូទៅរបស់សហគមន៍ដូចជា សមាគមជំងឺមហារីកអាមេរិក និងកាកបាទក្រហមអាមេរិក។
សម្រាប់ព័ត៌មានបន្ថែមអំពី HNF និងវិធីដែលអ្នកអាចជួយដល់កុមារនៅក្នុងកម្មវិធីរបស់យើង សូមចូលទៅកាន់គេហទំព័រ www.herbalifenutritionfoundation.org (http://www.herbalifenutritionfoundation.org/)៕