(ភ្នំពេញ)៖ គម្រោង Urban Village បានឈ្នះពានរង្វាន់ធំជាងគេ ដែលជាពាននៃការអភិវឌ្ឍខុនដូល្អបំផុតនៅកម្ពុជា។
គម្រោង Urban Village ជាគម្រោងតែមួយគត់នៅកម្ពុជាដែលមានឱកាសឈានជើងបន្តទៅប្រកួតតំណាងឲ្យកម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ធំ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ក្នុងទីក្រុងបាងកក ប្រទេសថៃ។
បើតាមតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ Urban Village បានឱ្យ ដឹងថា គម្រោង Urban Village បានឈ្នះពានរង្វាន់ធំជាងគេ ដែលជាពាននៃការអភិវឌ្ឍខុនដូល្អ បំផុតនៅកម្ពុជា បានន័យថាគម្រោង Urban Village គឺជាគម្រោងតែមួយគត់ពីកម្ពុជា ដែលមានឱកាសឈានជើងបន្តទៅប្រកួតតំណាងឱ្យ ប្រទេសកម្ពុជាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ធំ ដែលនឹងធ្វើឡើងនៅដើមខែ ធ្នូ២០២០នាទី ក្រុងបាងកកប្រទេសថៃ ។
លោក Ben Li អគ្គនាយកក្រុមហ៊ុន Urban Hub Cambodia បានថ្លែងនៅក្នុងពិធីទទួលពានរង្វាន់ជាច្រើនពីកម្មវិធី PropertyGuru Award កាលពីល្ងាចថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ថា៖ នៅក្នុងពិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យនៅកម្ពុជានាពេលនេះ វាជាកិត្តិយសណាស់ដោយសារតែបណ្ដាក្រុមហ៊ុនធំៗ និងអ្នកវិនិយោគជាច្រើនចូលរួម ហើយនៅពេលក្រុមហ៊ុនឬគម្រោងណាមួយទទួលបានពានរង្វាន់នោះ វារឹតតែធ្វើឱ្យ អ្នកអភិវឌ្ឍន៍កាន់តែមានមោទនភាពបន្ថែមទៀត ។
លោកបន្តថា សម្រាប់ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជាក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ គឺនៅតែមានភាពរលូនហើយក៏ មានក្រុមហ៊ុនខ្លះទទួលបាននូវឱកាសការលក់គម្រោងក៏ដូចជាឱកាសក្នុងការវិនិយោគផងដែរ។
លោកបានលើកឡើងថា «នៅក្នុងដំណាក់កូវីដ១៩នេះ ចាប់តាំងពីខែកុម្ភៈដល់ខែឧសភា ការលក់ទូទៅនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា គឺពិតជាមានការធ្លាក់ចុះមែន ក៏ប៉ុន្តែចាប់តាំងពីមិថុនារហូតដល់បច្ចុប្បន្ននេះ ទីផ្សារខុនដូ ហាក់កំណើនឡើងវិញ»។
លោកបន្ថែមថា ការលក់មានការកើនឡើងពីខែមិថុនារហូតដល់ខែកញ្ញានេះ ដោយសារតែវិនិយោគិន ដែលចង់ទៅទិញខុនដូ នៅខាងក្រៅ គឺមិនអាចចេញទៅបានឡើយដោយសារតែប្រទេសមួយចំនួនត្រូវបានបិទ ដូច្នេះ ហើយវិនិយោគិនក៏ត្រូវបង្វែរការវិនិយោគរបស់ខ្លួនមកទិញខុនដូ នៅកម្ពុជាវិញ ។
លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេត បានឱ្យដឹងថា នៅក្នុងវិបត្តិនៃជំងឺសកលនេះដែរ វាក៏ជាឱកាសនៃការទិញអចលនទ្រព្យ និងទទួលបានតម្លៃល្អសម្រាប់អ្នកដែលវិនិយោគលើគម្រោងអចលនទ្រព្យ ហើយក៏នឹងទទួលបានផលចំណេញនៅពេលអនាគតផងដែរ ។
ក្រៅពីបានឈ្នះពានរង្វាន់ពានរង្វាន់នៃការអភិវឌ្ឍខុនដូល្អបំផុតនៅកម្ពុជា ក្រុមហ៊ុន Urban Village បានឈ្នះអភិវឌ្ឍន៍ឈានមុខល្អបំផុត ហើយក្រុមហ៊ុនអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត,ពានរង្វាន់ការអភិវឌ្ឍការិយាល័យល្អបំផុត,ពានការិយាល័យរួមល្អបំផុត,ពានរចនាម៉ូដស្ថាបត្យកម្មការិយាល័យល្អបំផុត។
គួររម្លឹកថាកាលពីខែឧសភា ឆ្នាំ២០១៩ គម្រោង Urban Village បានឈ្នះពានរង្វាន់ចំនួនប្រាំពីកម្មវិធីប្រគួតពាន រង្វាន់ដែលរៀបចំដោយក្រុមហ៊ុនរៀបចំការប្រគួតពានរង្វាន់អចលនទ្រព្យមកពីប្រទេសសិង្ហបុរី៕