(ភ្នំពេញ)៖ ស្រីស្អាត ម៉ា នីកា មានឈ្មោះពិតថា សុខ វិច្ឆិកា ជាតារាសម្តែង និងជាតារាបង្ហាញម៉ូតមួយរូប ដែលបានចូលប្រឡូកក្នុងវិស័យសិល្បៈនេះជាយូរមកហើយ។ ទោះតារាជំនាន់ក្រោយបានរះឡើងជាបន្តបន្ទាប់ក្តី តែសម្រាប់តារាចាស់វស្សារូបនេះ នៅតែមិនរំលងពីត្រសែភ្នែកផលិតករបានឡើយ ខណៈបច្ចុប្បន្ននាង ហាក់មានភាពមមាញឹកខ្លាំងក្នុងការសម្តែងភាពយន្ត។ ម៉ា នីកា អះអាងថា ក្នុងចំណោមតួអង្គដែលធ្លាប់សម្តែងទាំងអស់ នាពេលកន្លងមក តួទឹកភ្នែកគឺនាងចូលចិត្តសម្តែងបំផុត ព្រោះតែជិវិតពិតជួបរឿងកំសត់ច្រើន ដូច្នេះងាយស្រួលក្នុងការបញ្ចូលអារម្មណ៍ឲ្យត្រូវនឹងសាច់រឿង ដែលផលិតករចង់បាន។

ការអះអាងបែបនេះពីសំណាក់កញ្ញា ម៉ា នីកា គឺតាមរយៈចូលរួមជាតារាកិតិ្តយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នាពេលថ្មីៗនេះ។ ម៉ា នីកា បានបង្ហើបទៅកាន់ទស្សនិកជនថា ការប្រឡូកក្នុងពិភពសិល្បៈ រហូតមកដល់ឆ្នាំ២០២០នេះ គឺមានរយៈពេលវែងគួរសមហើយ ខណៈអាជីពដែលនាងរកចំណូលបានពីសិល្បៈ គឺការដើរបង្ហាញម៉ូត ថតពាណិជ្ជកម្ម និងសម្តែងភាពយន្ត។

ម៉ា នីកា ថាមួយរយៈចុងក្រោយនេះ ការងារបង្ហាញម៉ូតហាក់រយាលដៃជាងមុន ត្បិតមិនសូវមានកម្មវិធីដើរម៉ូតច្រើន បើប្រៀបធៀបនឹងការងារសម្តែងភាពយន្ត គឺមានភាពមមាញឹកខ្លាំង ព្រោះមានផលិតករទាក់ទងមកជាបន្តបន្ទាប់។ បច្ចុប្បន្នខ្សែភាពយន្តដែលនាងចូលរួមសម្តែង គឺរឿង «សព្វសិទ្ធ» ទើបតែបញ្ចប់ការដាក់បញ្ចាំង ខណៈរឿងមួយផ្សេងទៀត មានចំណងជើងថា «ផ្កាព្រៃ» កំពុងដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍។

និយាយដល់ចំណុចនេះ ម៉ា នីកា បញ្ជាក់ថា សម្រាប់រូបនាងផ្ទាល់ គឺសម្តែងបានច្រើនប្រភេទតួអង្គណាស់ ជាក់ស្តែងក្នុងរឿង «ផ្កាព្រៃ» ដែលកំពុងចាក់បញ្ចាំងនាពេលបច្ចុប្បន្ននេះ នាងដើរតួប្រភេទកាចឆ្នាស់ និងពិសពុលជាទីបំផុត។ ទោះជាបែបនេះក្តី ម៉ា នីកា សង្កត់ធ្ងន់ថា តួទឹកភ្នែកក៏ជាប្រភេទតួអង្គមួយ ដែលនាងចូលចិត្តសម្តែងបំផុត ក្នុងចំណោមតួអង្គដែលនាងធ្លាប់សម្តែងទាំងអស់ផងដែរ ត្បិតអីទឹកមុខខាងក្រៅរបស់នាងមើលទៅកាច ព្រោះនាងមានហេតុផលថា ការដែលចូលចិត្តតួកម្សត់ ព្រោះតែជីវិតពិតរបស់នាងក្រៅពីសិល្បៈជួបរឿងកំសត់ច្រើន ដូច្នេះពេលដើរតួកម្សត់ គឺងាយនឹងចូលតួ ទៅតាមសាច់រឿង។

ទោះជាបានបង្ហើបប្រាប់បែបនេះក្តី តែតារាស្រីរាងខ្ពស់ស្រឡះ ម៉ា នីកា មិនបានបញ្ជក់បន្ថែមនោះឡើយថា តើជីវិតពិតរបស់នាង បានជួបរឿងកម្សត់អ្វីខ្លះនោះ។

គួរជម្រាបថា ម៉ា នីកា គឺជាតារាសម្តែង និងជាតារាបង្ហាញម៉ូតដ៏ស្រស់សោភាមួយរូប ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។ តារាស្រីរូបនេះបានបង្ហើបថា បន្ទាប់ពីបែកបាក់ស្នេហ៍ចាស់ បច្ចុប្បន្នកំពុងមើលចិត្តថ្លើមគ្នាជាមួយបុរសម្នាក់ វ័យខ្ទង់៣០ឆ្នាំក្រាស់។ នាងថា មនុស្សដែលនាងស្រឡាញ់ គឺជាបុរសដែលម៉ឺងម៉ាត់ និងមិនចេះនិយាយច្រើន៕