(តូរីន)៖ បណ្តាក្រុមធំៗដែលលេងនៅពានអឺរ៉ុប Champions និង Europa League បានឯកភាពគ្នាក្នុងការ lobby សហព័ន្ធ UEFA ឲ្យបន្តប្រើប្រាស់ច្បាប់ផ្លាស់ប្តូរកីឡាករ ៥នាក់ដដែលសម្រាប់រដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ។
តាមរយៈព័ត៌មានពីគេហទំព័រកីឡា BBC បានចេញផ្សាយនៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ នេះបានឲ្យដឹង សំណើដំបូងនឹងត្រូវធ្វើឡើងត្រឹមវគ្គសន្សំពិន្ទុក្នុងពូល និងអាចឈានបន្តទៅវគ្គផ្សេងៗទៀតក៏ថាបាន។
ដូចគ្នានោះដែរ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិ FIFA ក៏បានផ្តល់ភ្លើងខៀវដល់លីគដទៃឲ្យបន្តប្រើប្រាស់ច្បាប់ ដោះដូរកីឡាករ ៥នាក់ក្នុង ១ប្រកួតដដែលផងដែរ ដោយសារតែផលប៉ះពាល់នៃជំងឺ Covid-19។
តែយ៉ាងណា បណ្តាក្លិបទាំងឡាយដែលលេងនៅ Premier League របស់អង់គ្លេសបានបោះឆ្នោតគាំទ្ររួចទៅហើយ ក្នុងការដោះដូរកីឡាករតែ ៣នាក់ប៉ុណ្ណោះក្នុង ១ប្រកួតសម្រាប់រដូវកាលថ្មីឆ្នាំ២០២០-២០២១ នេះ ដែលចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១២ ខែកញ្ញាចុងសប្តាហ៍នេះតទៅហើយ។
ថ្មីៗនេះដែរ ប្រធាន UEFA លោក Aleksander Ceferin ក៏ធ្លាប់បានថ្លែងដោយវិជ្ជមានចំពោះរឿងនេះដែរថា «យើងមិនទាន់អាចថា អ្វីៗបានត្រឡប់មករកភាពដើមវិញនៅឡើយទេ ក៏ប៉ុន្តែវាមិនជាយូរណាស់ណាទេ។ លើសពីនេះទៀត យើងនៅតែសញ្ជឹងគិតថាតើអ្នកគាំទ្រអាចវិលចូលទីលានបាន ៤០-៥០% ឬអត់»៕