(កូរ៉េ)៖ អតីតអ្នកគ្រប់គ្រង YG Entertainment លោក Yang Hyun Suk នៅថ្ងៃទី០៩ ខែកញ្ញា វេលាម៉ោង ២រសៀល (ម៉ោងនៅកូរ៉េ) បានបង្ហាញខ្លួនក្នុងតុលាការទីក្រុងសេអ៊ូល ក្នុងនាមជាជនជាប់ចោទចំពោះរឿងក្តី លេងល្បែងស៊ីសងខុសច្បាប់នៅក្រៅប្រទេស។ អំឡុងពេលឡើងសវនាការ អតីតអ្នកគ្រប់គ្រងផលិតកម្ម YG រូបនេះ បានសារភាព និងទទួលស្គាល់បទចោទប្រកាន់ទាំងអស់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន all kpop នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងសវនាការ Yang Hyun Suk ប្រឈមមុខនឹងបទចោទប្រកាន់ ចំពោះការលេងល្បែងខុសច្បាប់នៅក្រៅប្រទេស ដែលបានកើតឡើងចំនួន៧លើក គិតចាប់ពីខែកក្កដា ឆ្នាំ២០១៥ រហូតដល់ខែមករា ឆ្នាំ២០១៩ ក្នុងរដ្ឋ Las Vegas និង Nevada។ Yang Hyun Suk និងដៃគូពីរនាក់ផ្សេងទៀត ដែលលេងល្បែងខុសច្បាប់នោះ គឺបានចំណាយប្រាក់សរុបចំនួន ៣៣៥,៤៦០ ដុល្លារអាមេរិក ក្នុងអំឡុងពេល៤ឆ្នាំ។
តាមរយៈបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លោក Yang Hyun Suk បានទទួលស្គាល់បទចោទប្រកាន់របស់ដើមបណ្តឹង ខណៈដៃគូពីរនាក់ផ្សេងទៀតរបស់លោក ក៏ប្រឈមនឹងទោសនេះដូចគ្នាដែរ។
យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា លោក Yang Hyun Suk ត្រូវជាប់ទោសប៉ុន្មានឆ្នាំ និងត្រូវបង់ប្រាក់ពិន័យប៉ុន្មាននោះ ព្រោះតុលាការមិនទាន់ចេញសេចក្តីសម្រេចចំពោះរឿងក្តីនេះ ខណៈសវនាការលើកទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះ៕