(កណ្តាល)៖ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនវើលដ៏ប្រ៊ីដ បានថ្លែងថា បណ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster) នឹងជួយទាំងផ្នែកធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដល់សហគ្រិនទាំងឡាយណា ដែលចូលទៅក្នុងតំបន់នេះ។
ថ្លែងនៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសលោក មាន សុភា រដ្ឋលេខាធិការ តំណាងកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះបំពេញទស្សនកិច្ចពិនិត្យទីតាំងដំបូង របស់គម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម, លោកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ថា សម្រាប់សហគ្រិនដែលចង់ចូលក្នុង SME Cluster មិនតម្រូវឲ្យមានលក្ខខណ្ឌអ្វីទេ គឺលោកស្វាគមន៍ទាំងអស់។
លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនមានលក្ខខណ្ឌទេ ហើយយើងជួយគាត់បន្ថែមទៀត។ បើសិនជាគាត់ផលិតនៅខាងក្រៅ ហើយគាត់ចូលមកខាងក្នុងតំបន់យើង យើងនឹងជួយគាត់រកធនធាន ទាំងធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដើម្បីជួយគាត់បង្កើនចង្វាក់ផលិតកម្មគាត់»។
SME Cluster គឺជាគម្រោងដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ២១ ភូមិកោះគ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅជាប់គម្រោងលំនៅឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល ជិតគម្រោងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានចាត់ទុកថា ជាគម្រោងបណ្ដុំសហគ្រាស ធុនតូច និងមធ្យម ដែលជាដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។
បើតាមឧកញ៉ា សៀ ឫទ្ធី, គម្រោងនេះត្រូវបានចំណាយប្រហែល២៨ទៅ ៣០លានដុល្លារអាមេរិក ហើយសកម្មភាពបង្កើតនេះ គឺជាការព្យាយាមកសាងប្រព័ន្ធអេកូមួយ ដើម្បីជួយគាំទ្រទៅលើវិស័យ SME នៅកម្ពុជាទាំងមូលតែម្តង។ ផ្ទៃដីដែលត្រូវបានរៀបចំជាបឋមនេះ មានទំហំជាង ៦ហិកតា ប៉ុន្តែគេគ្រោងនឹងពង្រីកបន្ថែមទៀត បើសិនជាក្នុងករណីវាមានការរីកចម្រើន។
«យើងព្យាយាមធ្វើយ៉ាងម៉េចកសាងតំបន់មួយ ដើម្បីឲ្យអ្នកដែលកំពុងតែបាន និងផលិត SME ចាស់ៗ អាចរកទីតាំងណាមួយ ដែលគាត់គិតថា គាត់អាចបង្កើនផលិតកម្មរបស់គាត់។ និយាយដោយឡែក យើងឲ្យគាត់មកនៅទីនេះ នៅពេលដែលមានអ្នកផលិតផ្សេងទៀត ដែលមកពីក្រៅស្រុកមកនៅក្បែរគាត់ គាត់អាចសិក្សាពីគេ រៀនពីគេ ហើយគាត់នឹងពង្រីកចង្វាក់ផលិតកម្មគាត់ ឲ្យកាន់តែមានការរីកចម្រើនថែមទៀត»។ នេះជាការបញ្ជាក់បន្ថែម របស់លោកឧកញ៉ា សៀ ឫទ្ធី។
ជាមួយគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគាំទ្រចំពោះគម្រោង SME Cluster ហើយលោកចាត់ទុកថា នេះជាការចាប់ផ្តើមមួយដ៏ល្អផងដែរ។ ជាការចាប់ផ្តើមដ៏ល្អដោយសារនៅពេលគេមានតំបន់ SME ជាក់លាក់មួយ ធ្វើឲ្យពួកសហគ្រិន នឹងចូលមកនៅកន្លែងតែមួយ មិនធ្វើឲ្យពួកគេផលិតតាមផ្ទះ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសង្គម។
លោកបញ្ជាក់ថា៖ «បើសព្វថ្ងៃ គាត់ទៅធ្វើនៅតាមផ្ទះ ធ្វើឲ្យប៉ះពាល់បរិស្ថានច្រើនណាស់ ហើយណាមួយការសាងសង់ ការផ្តល់វត្ថុធាតុដើម និងបទបញ្ញត្តិផ្សេងៗ ដែលរាជរដ្ឋាភិបាលដាក់ចេញ គឺយើងអត់បានទទួលអត្ថប្រយោជន៍ទេ ដោយសារអត្ថប្រយោជន៍ ដែលគេផ្តល់ឲ្យវានៅក្នុង SME Cluster»។
SME Cluster នេះផងដែរ ថែមទាំងជួយឲ្យខាងបច្ចេកទេស និងអង្គការផ្សេងៗ ដែលគេចង់ជួយផ្នែក SME កាន់តែមានភាពងាយស្រួល ខណៈកាលពីមុន ពួកគេពិបាករកទីតាំងរៀបចំ SME ណាស់។ លោកឧកញ៉ា តែ តាំងប៉ ថែមទាំងមានឆន្ទៈ ចង់កៀរគរដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមទាំងអស់ ចូលមកក្នុងតំបន់ SME Cluster ដែរ បើសិនជាតម្លៃសមរម្យ។
លោកបញ្ជាក់បន្ថែមថា «ឲ្យតែតម្លៃមួយសមស្រប យើងអាចកៀរគរគាត់មកបាន ព្រោះគាត់អត់ចង់ធ្វើនៅផ្ទះទេ។ នរណាចង់ធ្វើនៅភ្នំពេញនោះ បើដីថ្លៃយ៉ាងនេះ។ នៅទីនេះ ដីនៅមានតម្លៃថោក ដាច់ខាតគាត់ត្រូវមកកន្លែងនេះហើយ»។
មានការរំពឹងថា ការបង្កើតឡើងឲ្យមានបរិយាកាសអំណោយផលដូច SME Cluster នេះ ធ្វើឲ្យប្រទេសកម្ពុជា នឹងអាចបណ្តុះបណ្តាលបន្ថែម និងប្រើប្រាស់កម្លាំងពលកម្មវ័យក្មេងដ៏ច្រើន បានកាន់តែប្រសើរឡើង ក៏ដូចជាការធ្វើសមាហរនកម្មវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងទំនាក់ទំនង ប្រកបដោយទេព្យកោសល្យ និងលើកកម្ពស់ជំហាននៃសហគ្រិនភាពរបស់ខ្លួន ក្នុងការអភិវឌ្ឍផលិតផលថ្មី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង ធនធានកសិកម្ម និងធនធានធម្មជាតិរបស់ខ្លួនទៀតផង។
លោក Charles Esterhoy នាយកប្រតិបត្តិនៃក្រុមហ៊ុន Worldbridge Industrial Developments Co., Ltd ដែលជាស្ថាបនិក និងជាអ្នកបង្កើតគម្រោងនេះ បានឲ្យដឹងថា ដំណើរការសាងសង់នៃបណ្ដុំសហគ្រាសធុនតូច និងមធ្យមកម្ពុជាលើកដំបូងនេះ នឹងចាប់ផ្ដើមឡើងនៅក្នុងខែតុលា ឆ្នាំ២០២០ ហើយគ្រោងនឹងចាប់ដំណើរការជាផ្លូវការ នៅក្នុងខែមេសា ឆ្នាំ២០២១ខាងមុខ៕