(កម្ពុជា-ចិន)៖ ខណៈដែលប្រទេសចិនបុរាណកំពុងកើតមានភាពវឹកវរដោយសារសង្គ្រាមសាមកុកនោះ នៅតំបន់អាស៉ីអាគ្នេយ៍ដីគោកឯណេះវិញ ក៏បានលេចឡើងនូវអាណាចក្រដ៏ធំមួយ នោះគឺអាណាចក្រភ្នំរបស់ខ្មែរ ដែលកំពុងមមាញឹកក្នុងការពង្រីកទឹកដី និងការធ្វើជំនួញពាណិជ្ជកម្មជាមួយអន្តរជាតិ ក្នុងនោះនគរភ្នំក៏មានទំនាក់ទំនងជាមួយនគរអ៊ូរបស់ ស៊ុន ឈាន (Sun Qian) ផងដែរ។

តាមរយៈកំណត់ត្រារបស់លោក ចូវ តាខ្វាន់ (Zhou Daguan) បានបង្ហាញថា ជនជាតិខ្មែរ និងជនជាតិចិន គឺធ្លាប់មានទំនាក់ទំនងការទូត និងសេដ្ឋកិច្ចពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយគ្នា ខណៈលោកបណ្ឌិត មីហ្សែល ត្រាណេ (Michel Tranet) បានអធិប្បាយក្នុងសៀវភៅរបស់លោកថា តាមរបកគំហើញថ្មី និងភស្តុតាងមួយចំនួន ដូចជាសិលាចារឹក និងរឿងព្រេងនិទានផងនោះ បានឱ្យយើងដឹងថាជនជាតិចិនមានវត្តមាននៅលើទឹកដីកម្ពុជាតាំងពីមុនគ្រិស្ដសករាជមកម្ល៉េះ។

ដូចដែលយើងបានដឹងហើយថា នាអំលុងសតវត្សរ៍ទី៣ ប្រទេសចិនបុរាណមានការបែងបាក់គ្នាជា ៣នគរ រួមមាន៖ នគរវ៉ី (Cao-Wei) នៅភាគខាងជើង នគរស៊ូហាន (Shu-Han) នៅភាគខាងលិច និងនគរអ៊ូ (Sun-Wu) នៅភាគខាងកើត (សម័យសាមកុក)។ សម្រាប់នគរអ៊ូនេះទៀតសោត ត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថាធ្លាប់មានទំនាក់ទំនងទាំងការទូត និងជំនួញពាណិជ្ជកម្មជាមួយនគរភ្នំរបស់ខ្មែរ ខណៈនគរអ៊ូក៏នៅជាប់នឹងសមុទ្រផងដែរ។ អាណាចក្រភ្នំកាលណោះ គឺសោយរាជ្យដោយព្រះបាទស្រីមារៈ ដែលភាសាចិនហៅថា ហ្វានឆាន។

ម្យ៉ាវិញទៀត បើយោងតាមសៀវភៅប្រវត្តិសាស្រ្តខ្មែរ ដែលរៀបរៀងដោយលោកសាស្ត្រាចារ្យ ត្រឹង ងា ក៏បានឱ្យដឹងដែរថា នៅគ្រិស្ដសករាជ ២៤៣ ព្រះបាទស្រីមារៈ បានបញ្ជូនរាជទូតខ្មែរទៅកាន់ប្រទេសចិនខាងត្បូង (សំដៅលើរាជាណាចក្រតុងអ៊ូ) ដើម្បីនាំព្រះរាជ្យដង្វាយជាឧបករណ៍ភ្លេង និងវត្ថុប្រណីតផ្សេងៗទៅថ្វាយស្ដេចក្រុងចិន។ ចំណែកឯស្ដេចក្រុងចិននៃនគរអ៊ូនេះក៏តែងបញ្ជូនរាជទូត និងអ្នកជំនួញរបស់ខ្លួនមកធ្វើជំនួញទិញដូរវត្ថុប្រណីតៗនៅនគរខ្មែរនេះផងដែរ។

ពាក់ព័ន្ធនឹងជំនួញអន្តរជាតិរវាងប្រទេសមិត្តទាំងពីរនេះ សៀវភៅប្រវត្តិសាស្ត្រចិនដែលសរសេរដោយជនជាតិបារាំង ហ្សាក ហ្សែណេ (Jacques Gernet) ក៏បានបញ្ជាក់ថា នគរតុងអ៊ូបានបញ្ជូនបេសកជន និងអ្នកជំនួញពីប្រទេសខ្លួនឱ្យមកកាន់នគរភ្នំលើកដំបូងនៅគ្រិស្ដសករាជ ២២៨។

លុះដល់នៅគ្រិស្ដសករាជ ២៤៥-២៥០ បេសកទូតចិនចំនួនពីររូប គឺលោក ខាង ថាយ (Kang Tai) និងលោក ជូ យីង (Zhu Ying) ព្រមទាំងពួកអភិជននគរអ៊ូមួយចំនួនបានមកធ្វើទស្សនកិច្ចរាជធានីវ្យាធបុរៈ ដែលជារាជធានីធំរបស់អាណាចក្រភ្នំ។ កំណត់ត្រារបស់បេសកទូតចិនទាំងពីររូបនេះ បានផ្ដល់ព័ត៌មានយ៉ាងច្រើនសម្រាប់ការស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ។

សូមជម្រាបថា តាំងពីសម័យអាណាចក្រភ្នំមក ប្រទេសកម្ពុជាធ្លាប់មានកំពង់ផែអន្តរជាតិធំមួយ នោះគឺកំពង់ផែអូរកែវ ដែលបច្ចុប្បន្នស្ថិតនៅដែនដីកម្ពុជាក្រោម។

តាមរយៈឯកសារទាំងនេះ អ្នកស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្តជាតិ-អន្តរជាតិមានមតិស្របគ្នាថា នគរភ្នំ និងនគរអ៊ូ គឺពិតជាធ្លាប់មានចំណងការទូត និងជំនួញពាណិជ្ជកម្មជិតស្និទ្ធជាមួយគ្នាពិតមែន៕