(បរទេស)៖ អ៉ីស្លាម គឺជាសាសនាធំបំផុតទី២ នៅលើពិភពលោកបន្ទាប់ពីសាសនាគ្រឹស្ត ដោយមានសាសនិក (មូស្លីម) ប្រមាណ១.៨ពាន់លាននាក់គិតត្រឹម ឆ្នាំ២០១៥។ សាសនានេះត្រូវបានអ្នកខ្លះយល់ច្រឡំថាជាសាសនាក្មេងខ្ចីជាងគេ ដោយទើបតែចាប់កំណើតនៅស.វទី៧ ក្នុងទីក្រុងម៉ិចកា ប្រទេសអារ៉ាប៊ីសាឌីតសព្វថ្ងៃ ពោលគឺប្រមាណ ជាង៦០០ឆ្នាំ ក្រោយការចាប់កំណើតសាសនាគ្រឹស្ដ។ ចំណែកឯ អ្នកខ្លះទៀត ក៏មានការយល់ច្រឡំដែរថាមហាំម៉ាត់ គឺជាអ្នកបង្កើតសាសនាអ៉ីស្លាម ប៉ុន្តែការពិតសម្រាប់ អ្នកកាន់សាសនាអ៉ីស្លាមទាំងអស់ វាជាសាសនាដែលអល់ឡោះជាព្រះជាម្ចាស់ បានជ្រើសរើសសម្រាប់មនុស្សលោក និងមិនមែនជាសាសនាដែលមនុស្សលោកបង្កើតឡើង នោះទេ។

អ៉ីស្លាម មានវត្តមាននៅលើផែនដី តាំងពីតែកំណកំណើតមនុស្សដំបូងនៅលើផែនដី ឬតាំងតែសម័យកាល «អាដាំ» មកម្លេះ។ អាដំា គឺជាបិតានៃមនុស្សជាតិ និងជាមនុស្ស ដំបូងគេនៅលើផែនដីដែលអល់ឡោះជាម្ចាស់ បានបង្កើត។ រីឯមូហាំម៉ាត់វិញ គឺជាអ្នកនាំសារចុងក្រោយរបស់អល់ឡោះ ដូចអ្នកនាំសារជំនាន់មុនៗដែរ មានដូចជា នោហ៍ (នោហា) អ៉ីព្រហ៊ីម (អាប្រាហាម) និងមោសា(មោសេ)។ល។ ដោយឡែក សាសនាអ៉ីស្លាម ដែលមូហាំម៉ាត់បាននាំមកផ្សព្វផ្សាយនោះ នៅតែជាសាសនាមានគោលជំនឿ រួមតែមួយចំពោះអល់ឡោះដូចសាសនារបស់អាដាំ និងហាវវ៉ាក (ហាវវ៉ាក ឬអេវ៉ាហ៍ ជាស្ត្រីដំបូងគេនៅលើផែន ដែលអល់ឡោះបានបង្កើត) និងបណ្តាអ្នកនាំសារមុនៗ របស់អល់ឡោះដែរ។

ក៏ប៉ុន្តែ អ្វីដែលខុសគ្នា នោះគឺមែកធាងនៃច្បាប់ខ្លះប៉ុណ្ណោះ ដែលអល់ឡោះបានបញ្ចុះយ៉ាងសមស្របនឹងសម័យកាលនីមួយៗ។ ដូច្នេះហើយ បើគិតចាប់តាំងពីពេល មូហាំម៉ាត់ ត្រូវបានតែងតាំងជាអ្នកនាំសារចុងក្រោយរបស់អល់ឡោះ និងដែលបាននាំមកនូវសាសនាអ៉ីស្លាមនោះ គឺអ៉ីស្លាមមានអាយុកាលប្រមាណជាង ១៤០០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ ប្រសិនបើគិតពីគោលជំនឿរួមរបស់អ៉ីស្លាមដែលជាការគោរពសក្ការៈទៅចំពោះព្រះជាម្ចាស់តែមួយគត់ គឺអល់ឡោះ នោះសាសនានេះមានកំណកំណើតនៅលើផែនដី ចាប់តាំងពីមនុស្សដំបូង គឺអាដាំមកម្លេះ។

«អ៉ីស្លាម» ជាពាក្យមួយក្នុងភាសាអារ៉ាប់ ដែលមានន័យជាភាសាខ្មែរថា «ការប្រគល់ខ្លួន, ការយល់ព្រមអុវត្តតាមបទបញ្ជានានា»។ ហេតុនេះ អ្នកជ្រើសរើសយកអ៉ីស្លាមធ្វើជា សាសនា មានន័យថាជាអ្នកយល់ព្រមអនុវត្តតាមបទបញ្ជារបស់អល់ឡោះ ហើយដែលបទបញ្ជាទាំងនោះគឺសុទ្ធតែផ្តល់ផលល្អដល់អ្នកប្រតិបត្តិ។ ក្រៅពីនេះ ពាក្យ «អ៉ីស្លាម» ជាភាសាអារ៉ាប់ក៏មានប្រភពតែមួយមកអំពីពាក្យ «សាឡាម» ដែលមានន័យថា «សុខសន្តិភាព ឬភាពសុខសាន្ត» ផងដែរ។ ក្នុងអត្ថន័យនេះ អ៉ីស្លាមគឺជាសាសនានាំមកនូវ សុខសន្តិភាពសម្រាប់មនុស្សលោក និងជំរុញអោយមានសុខសន្តិភាព។ ចំណែកឯ ពាក្យ «មូស្លីម» វិញជាភាសាអារ៉ាប់ គឺសំដៅលើអ្នកគោរពប្រតិបតិ្តតាមសាសនាអ៉ីស្លាម ឬសាសនិកអ៉ីស្លាម។ មូស្លីមទាំងឡាយ មានជំនឿទៅលើព្រះតែមួយគត់ ដែលបានបង្កើតចក្រវាឡ និងរាល់សភាវៈទាំងឡាយ។ ពួកគេគោរពសក្ការៈទៅចំពោះទ្រង់តែ មួយគត់ ដោយគ្មានការប្រដូច ឬបញ្ចូលដៃគូណាមួយស្មើនឹងឋានៈរបស់ទ្រង់ឡើយ។ ទ្រង់គ្មានដៃគូ គ្មានកូនចៅ ព្រោះទ្រង់គឺព្រះជាម្ចាស់ដែលមានលក្ខណៈពេញលេញ មិនត្រូវការដៃគូ ឬកូនចៅ ឬពឹងពាក់ទៅចំពោះសភាវៈណាមួយនោះទេ។

អ៉ីស្លាម ផ្ញើសារទៅកាន់មនុស្សទូទៅជាសកលតាមរយៈគម្ពីដ៏ពិសិដ្ឋ គឺគម្ពីអាល់កួរអាន និងមហំាម៉ាត់ ជាអ្នកនាំសារចុងក្រោយបង្អស់របស់ទ្រង់។ មិនតែប៉ុណ្ណោះ អ្នកកាន់សាសនាអ៉ីស្លាម ក៏ជឿជាក់ផងដែរថា រឿងគ្រប់យ៉ាងនៅលើលោកកិយនេះ នឹងមិនអាចកើតឡើងឡើយ បើសិនជាព្រះជាម្ចាស់មិនចង់ឬមិនអនុញ្ញាតនោះ ប៉ុន្តែ មនុស្សគ្រប់ៗរូបមានសិទ្ធិសេរីភាពជ្រើសរើសផ្លូវដែលពួកគេចង់ដើរ និងជាអ្នកទទួលខុសត្រូវលើជម្រើសរបស់ខ្លួន។

ជាការពិតណាស់ អ្នកកាន់សាសនាអ៉ីស្លាមជឿជាក់ថា អល់ឡោះគឺជាព្រះជាម្ចាស់ពិតប្រាកដ ដែលពួកគេគោរព ហើយពួកគេក៏ជឿជាក់ដែរថា ទ្រង់ក៏ជាព្រះរបស់គ្រីស្ទាន និងជ្វីហ្វ ឬអ៉ីស្រាអែល ដោយដំណើរដើមទងនៃសាសនាទាំងបីនេះបានចាប់ផ្ដើមចេញពីប្រភពតែមួយតាំងតែពីសម័យអាដាំ (Adam), អ៉ីព្រហ៊ីម (Abraham),មូសា (Moses) រហូតដល់ អ៉ីសា (Jesus ឬព្រះយ៉េស៊ូ)។ អាដាំ, អ៉ីព្រហ៊ីម, មោសា និងអ៉ីសា ត្រូវបានមូស្លីមគ្រប់រូបចាត់ទុកថា សុទ្ធតែជាអ្នកនាំសាររបស់អល់ឡោះដូចមូហាំម៉ាត់ ដែរ ហើយអល់ឡោះទើបជាព្រះជាម្ចាស់ពិតប្រាកដ។ ម្យ៉ាងវិញទៀត តាមជំនឿសាសនាអ៉ីស្លាម ប្រជាជនអ៉ារ៉ាប់ និងជី្វហ្វ មានប្រភពពីបុព្វបុរសដើមតែម្នាក់ដូចគ្នាគឺ អ៉ីព្រហ៊ីម។

អ៉ីព្រហ៊ីម ឬអាប្រាហាំ ដែលជាបុព្វបុរសនៃពង្សាវតាជ្វីហ្វ មានប្រពន្ធពីរនាក់។ ប្រពន្ធដើមឈ្មោះសារ៉ា ជាជនជាតិជ្វីហ្វ និងប្រពន្ធទី២ ឈ្មោះហាជឺត ជាជនជាតិអេហ្ស៊ីប។ អ៉ីព្រហ៊ីម មានកូនប្រុសច្បងឈ្មោះ អ៉ីស្មាអែល ជាមួយនាងហាជឺត និងកូនប្រុសម្នាក់ទៀតឈ្មោះអ៉ីស្ហាក ជាមួយនាងសារ៉ា។ អ្នកកាន់សាសនាអ៉ីស្លាមជឿថា ប្រជាជនអារ៉ាប់ ជាកូនចៅ «អ៉ីស្មាអែល» រីឯប្រជាជនជី្វហ្វជាកូនចៅ «អ៉ីស្ហាក»

លើសពីនេះទៅទៀត អ្នកអ៉ីស្លាមមានជំនឿជារួមចំពោះគម្ពីរតាវរ៉ត របស់មោសា(មូសេ)និងអ៊ីនជេល (ប៊ីប)របស់អ៉ីសា ឬព្រះយេស៊ូថា ជាគម្ពីរដែលអល់ឡោះបានបញ្ចុះមក ដែរ។ តែគម្ពីរទាំងពីរនេះត្រូវទទួលរងនូវការកែប្រែតាមរយៈការបកស្រាយខុសអត្ថន័យពិត ឬការបញ្ចូលដែលធ្វើអោយបាត់បង់លក្ខណៈដើមរបស់វា។ ហេតុនេះហើយទើប អល់ឡោះបញ្ជូនមហាំម៉ាត់ ឱ្យមកធ្វើជាអ្នកនាំសារចុងក្រោយបង្អស់ និងគម្ពីរចុងក្រោយគឺគួរអាន ដើម្បីឱ្យមនុស្សលោកប្រតិបត្តិតាមវាវិញ។

សាសនាអ៉ីស្លាម បានរីកសុសសាយនៅក្នុងជំនាន់មហាំម៉ាត់ និងជំនាន់បន្តបន្ទាប់ក្រោយៗមក រហូតមកទល់នឹងសម័យកាលបច្ចុប្បន្ននេះ។ នៅក្នុងប្រវតិ្តសាស្ត្រអ៉ីស្លាម មហាំម៉ាត់ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា អ្នកជំនួញដ៏ស្មោះត្រង់ និងប៉ិនប្រសប់ម្នាក់ ហើយក្រៅតែពីអាជីពនេះ មហាំម៉ាត់ ក៏មានតួនាទីជាមេដឹកនាំសាសនាអ៉ីស្លាម, ជាអ្នកបង្រួបបង្រួមកុលសម្ព័ន្ធអារ៉ាប់, មេដឹកនាំនយោបាយ និងជាមេដឹកនាំកងទ័ពផងដែរ។

* មហាំម៉ាត់ (អ្នកនាំសាររបស់អល់ឡោះ)

មហាំម៉ាត់ ឬមានឈ្មោះពេញថា មហាំម៉ាត់ កូន អាប់ទុលឡោះ បានប្រសូតនៅឆ្នាំ៥៧០ នៃគ.ស ក្នុងទីក្រុងម៉ិចកា ប្រទេសអារ៉ាប៊ីសាអូឌីត សព្វថ្ងៃ។ ឪពុកមហាំម៉ាត់ បានទទួលមរណភាពមុនពេលលោកចាប់កំណើត រីឯម្ដាយបានស្លាប់នៅពេលលោកមានអាយុ៦ឆ្នាំ។ ក្រោយមរណភាពរបស់ម្ដាយ មហាំម៉ាត់ត្រូវបានចិញ្ចឹមបីបាច់ថែរក្សា ដោយជីតាម្នាក់ឈ្មោះ អាប់ទុលមុត្ត៏ឡិប ហើយក្រោយពីជីតារបស់លោកទទួលមរណភាពទៀតនោះ លោករស់នៅក្រោមការថែរក្សាពីឪពុមាម្នាក់ឈ្មោះ អាពូ តឡិប។

មហាំម៉ាត់ បានរៀបការជាមួយប្រពន្ធដំបូង ដែលជាស្ត្រីមេម៉ាយស្ដុកស្ដម្ភម្នាក់ឈ្មោះ ខទីជះ នៅពេលលោកមានអាយុ២៥ឆ្នាំ និងបានបន្តធ្វើជាអ្នកជំនួញអស់ពេល១៥ ឆ្នាំទៀត។ រហូតដល់អាយុ៤០ឆ្នាំ ពោលគឺក្នុងឆ្នាំ៦១០ នៃគ.ស ទេវតាមួយអង្គឈ្មោះជីព្រេល (Gabriel) បានមកជួបមហាំម៉ាត់ នៅក្នុងល្អាងភ្នំហ៊ីរ៉ (Hira) ស្ថិតនៅភាគជើង ទីក្រុងម៉ិចកា ដោយពំានាំពាក្យសម្ដីរបស់អល់ឡោះ មកប្រាប់មហាំម៉ាត់ថា រូបលោកត្រូវបានអល់ឡោះជ្រើសរើសឱ្យធ្វើជាអ្នកនាំសារ ដើម្បីបង្រៀនសេចក្ដីពិតនៃបន្ទូលរបស់ ទ្រង់ និងផ្សព្វផ្សាយសាសនាដ៏ត្រឹមត្រូវ គឺអ៉ីស្លាមទៅកាន់មនុស្សជាតិ។

ដំបូងឡើយ មហាំម៉ាត់មានការភិតភ័យ និងភ្ញាក់ផ្អើលជាខ្លាំង តែក្រោយមកបានយល់ច្បាស់ថារូបលោកពិតជាត្រូវបានអល់ឡោះជ្រើសរើសឱ្យធ្វើជាអ្នកនាំសារ ហើយក៏ចាប់ ផ្ដើមបង្រៀនសេចក្ដីពិតនៃបន្ទូលរបស់ទ្រង់ទៅកាន់មិត្តភក្តិ, ក្រុមគ្រួសារ និងអ្នករស់នៅក្នុងទីក្រុងម៉ិចកា ដោយប្រាប់ពួកគេអោយជឿចំពោះថ្ងៃបរលោក និងជឿថា
ព្រះជាម្ចាស់មានតែមួយគត់គឺ «អល់ឡោះ»។ ក៏ប៉ុន្តែ ជាអកុសលនាពេលនោះ ដោយសារតែអ្នកទីក្រុងម៉ិចកា មានជំនឿទៅលើពហុទេពនិយម និងគោរពសក្ការៈលើ រូបសំណាកនានាជាច្រើនរៀងៗខ្លួន ឬជាកុលសម្ព័ន្ធ មហាំម៉ាត់ ត្រូវបានអ្នកប្រឆាំងនឹងសាសនាដែលលោកបាននាំមក មានការខឹងសម្បារយ៉ាងខ្លាំង និងរិះរកគ្រប់មធ្យោបាយ ធ្វើបាប និងរារាំងលោក អំពីការផ្សព្វផ្សាយសាសនាអ៉ីស្លាម។

ស្របពេលជាមួយគ្នានោះ ក៏មានមនុស្សជាច្រើនបានទទួលអ៉ីស្លាម ធ្វើជាសាសនារបស់ខ្លួនជាបន្តបន្ទាប់ ជាហេតុធ្វើអោយសត្រូវរបស់មហាំម៉ាត់ តាមឈ្នានីស និងរិះរកវិធី សម្លាប់រូបលោក ដោយសារបារម្ភខ្លាចអ្នកនៅទីក្រុងម៉ិចកាទាំងមូល ទទួលយកសាសនាអ៉ីស្លាម និងបោះបង់ចោលសាសនាដូនតារបស់ពួកគេ។ ចំណែក ឪពុកមារបស់លោក ឈ្មោះ អាប៊ូ តឡិប នៅតែស្រលាញ់ និងការពារលោកជានិច្ច ទោះជាគាត់មិនបានយកអ៉ីស្លាមធ្វើជាសាសនា ដោយសារខ្លាចបាត់បង់កិត្តិយសរបស់គាត់ នៅចំពោះ មុខកុលសម្ព័ន្ធនានា ដោយសារតែការតាមក្មេងជំនាន់ក្រោយម្នាក់។

នៅឆ្នាំ៦២២ នៃគ.ស ដើម្បីគេចចេញពីការធ្វើបាប មហាំម៉ាត់ និងអ្នកស្មោះស្ម័គ្រនឹងរូបលោកមួយចំនួន បានរត់ភៀសខ្លួនចេញពីទីក្រុងម៉ិចកា ឆ្ពោះទៅកាន់ទីក្រុងម៉ាទីណាស់ ដែលស្ថិតចំងាយប្រមាណ៣២០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងម៉ិចកា។ ការធ្វើដំណើរពីទីក្រុងម៉ិចកា ទៅកាន់ទីក្រុងម៉ាទីណាស់នេះ ត្រូវបានអ្នកកាន់សាសនាអ៉ីស្លាម ហៅថាហិជ្ជរ៉ស់ (Hijra) និងជាការចាប់ផ្ដើមឆ្នាំទីមួយនៃប្រក្រតិទិនសាសនាអ៉ីស្លាម ឬមហាំម៉ាត់សករាជ។ នៅក្នុងទីក្រុងម៉ាទីណាស់ មហាំម៉ាត់ មានឱកាសពេញលេញក្នុង ការផ្សព្វផ្សាយសាសនាអ៉ីស្លាម, ភាពយុត្តិធម៌ និងបានផ្សះផ្សារវាងកុលសម្ព័ន្ធនានាដែលធ្លាប់មានជម្លោះ អូសបន្លាយជាយូរយារមកនោះឱ្យរួបរួមគ្នាវិញ ជាហេតុធ្វើឱ្យមាន មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ទទួលយកអ៉ីស្លាមធ្វើជាសាសនារបស់ខ្លួន ដែលធ្វើអោយទីក្រុងម៉ាទីណាស់ បានក្លាយជាមូលដ្ឋានដ៏រឹងមាំរបស់អ្នកអ៉ីស្លាម ទាំងផ្នែក នយោបាយ សេដ្ឋកិច្ច កងទ័ព និងការផ្សព្វផ្សាយបន្ទូលរបស់អល់ឡោះដ៏ត្រឹមត្រូវ។

៨ឆ្នាំក្រោយមក គឺនៅឆ្នាំ៦៣០ មហាំម៉ាត់ បានត្រឡប់ទៅកាន់ទីក្រុងម៉ិចកាវិញ ប៉ុន្តែមកជាមួយនឹងកងទ័ពជាច្រើនសន្ធឹកសន្ធាប់ ដោយបានចូលគ្រប់គ្រងទីក្រុងម៉ិចកា ជាទឹកដីកំណើតរបស់លោកវិញ ហើយនៅពេលនោះលោកបានលើកលែងទោសឱ្យអ្នកដែលធ្លាប់ធ្វើទុក្ខបុកម្នេញរូបលោក និងអ្នកអ៉ីស្លាមទាំងឡាយកាលនៅទីក្រុងម៉ិចកា ហើយក្រោយមកលោកក៏បានវិលត្រលប់ទៅទីក្រុងម៉ាទីណះវិញ និងបន្តធ្វើការផ្សព្វផ្សាយសាសនាអ៉ីស្លាមពីទីក្រុងមួយនេះ រហូតដល់ពេលទទួលមរណភាព នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ៦៣២ (ក្នុងអាយុ៦២ឆ្នាំ)។ ផ្នូររបស់មហាំម៉ាត់ ស្ថិតនៅក្នុងទីក្រុងម៉ាទីណាស់ ប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រោយ មហាំម៉ាត់ ទទួលមរណភាពមិត្តស្និទ្ធស្នាលនឹងលោកម្នាក់ឈ្មោះ អាប៊ូ បាកើត ជាអ្នកជឿជាក់លើការផ្សព្វផ្សាយរបស់លោកតាំងពីដំបូងនោះ ត្រូវបានក្រុមជំនុំមួយ ជ្រើសរើសឱ្យបន្តវេនពីលោក ក្នុងនាមជាអ្នកដឹកនាំសាសនិកអ៉ីស្លាម ឬគេហៅថា «ខលីហ្វាស់» ។ មេដឹកនាំអ៊ីស្លាមដែលគេអោយឈ្មោះថា ឃូឡាហ្វាក អាល់រ៉ស៊ីទីន (អ្នកដឹកនាំដ៏ឈ្លាសវៃ) មានបួននាក់ គឺអាប៊ូបាកើត, អ៊ូមើត, ឧស្មាន និងអាលី តាមលំដាប់លំដោយ។ ឃូឡាហ្វាកទាំងបួននាក់នេះ ហើយដែលជាអ្នកទទួលបន្ទុកធំលើ ការផ្សព្វផ្សាយភាពយុត្តិធម៌ និងសាសនាអ៉ីស្លាមដ៏ត្រឹមត្រូវ រហូតធ្វើឱ្យសាសនាដ៏ត្រឹមត្រូវនេះរីកសុសសាយពាសពេញពិភពលោករហូតដល់សម័យកាល បច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា នៅក្នុងសាសនាអ៊ីស្លាម អល់ឡោះ គឺជាព្រះជាម្ចាស់តែមួយគត់ រីឯមហាំម៉ាត់គឺជាអ្នកនាំសារចុងក្រោយបង្អស់របស់ទ្រង់។ កាក់បាស់ (Kaaba) ដែលមានទីតាំង នៅក្នុងទីក្រុងម៉ិចកា ប្រទេសអារ៉ាប៊ីសាអូឌីត ជាទីកន្លែងដែលសាសនិកអ៉ីស្លាមតែងតែ ធ្វើធម្មយាត្រាសាសនាប្រចាំឆ្នាំ ឬហៅថាហាជី និងជាទីកន្លែង ឬជាទិសដែលសាសនិក អ៉ីស្លាមពីគ្រប់ទីកន្លែងបែរតំរង់ទៅរកនៅក្នុងពេលប្រតិបត្តសឡាត(ថ្វាយបង្គុំគោរពទៅចំពោះអល់ឡោះ)ជាប្រចាំថ្ងៃ។

ទីតាំងដ៏ពិសិដ្ឋពីរផ្សេងទៀត គឺម៉ាស្ជិត ឬវិហារ របស់មហាំម៉ាត់ ក្នុងទីក្រុងម៉ាឌីណាស់ និងវិហារអាល់អឹកស (Al-Aqsa) នៅក្នុងទីក្រុងហ្សេរុយសាឡឹម។ ជនមូស្លីមគ្រប់រូប ក៏ត្រូវអនុវត្តតាមឲ្យបានម៉ឺងម៉ាត់ផងដែរ គម្ពីកួរអាន (Quran) ដែលជាបន្ទូលរបស់អល់ឡោះ និងហាឌីស ដែលជាពាក្យសម្ដី ទង្វើ និងអ្វីដែលត្រូវបានគាំទ្រ ឬទទួលស្គាល់ ដោយអ្នកនាំសារអ៉ីស្លាមគឺមូហាំម៉ាត់។ ទាំងគម្ពីរកួរអាន និងហាទីស្ហសុទ្ធតែណែនាំមនុស្សអោយទៅរកផ្លូវល្អនិងហាមឃាត់ពួកគេអំពីប្រការអាក្រក់ទាំងឡាយ៕

កែសម្រួលដោយ៖ លោក មោសា អះម៉ាត់ (អ្នកអប់រំ និងផ្សព្វផ្សាយអំពីអ៉ីស្លាម)