(ញូវយ៉ក)៖ កីឡាការិនីវាយកូនបាល់ទោល Serena Williams បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ US Open 2020 បន្ទាប់ពីទម្លាក់គូប្រជែង កីឡាការិនី Tsvetana Pironkova នៅរាត្រីថ្ងៃពុធ ទី០៩ ខែកញ្ញា។

តាមរយៈព័ត៌មានពី BBC បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះថា កីឡាការិនីអាមេរិក វ័យ ៣៨ឆ្នាំ Williams បានយកឈ្នះ Pironkova វ័យ ៣២ឆ្នាំក្នុងលទ្ធផល ២-១ ដែលជាការវាយបកយកជម្នះវិញ នៅពេលដែលគូប្រជែងបានយកឈ្នះ ៦-៤ ក្នុងសិតទី១ នៅទីលាន Flushing Meadows ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក។

នេះក៏ជាលើកទី១ ផងដែរសម្រាប់ Williams ដែលបានព្យាយាមឡើងទៅវគ្គ ៤នាក់ចុងក្រោយនៅក្របខណ្ឌ Grand Slam ក្នុងរយៈពេល ៣ឆ្នាំពីការបង្ហាញខ្លួនបាន ៥លើកនៃពានលំដាប់កំពូលលំដាប់ពិភពលោកមួយនេះ ដែលធ្លាប់ឈ្នះជើងឯកបាន ៦ដងផងដែរ ដោយឈ្នះពាន US Open លើកចុងក្រោយកាលឆ្នាំ២០១៤។

យុទ្ធនាការ US Open ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី៣១ ខែសីហា និងបញ្ចប់ទៅវិញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកតែមួយគត់៕