(ភ្នំពេញ)៖ អ្នកនាង សុខ ស្រីនាង ជាតារាចម្រៀងម្នាក់ដ៏មានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាតពីធម្មជាតិ ហើយនាងក៏ត្រូវបានមហាជនសរសើរថា ជាតារាស្រីដែលមានអត្តចរិតស្លូតបូត និងសុភាពរាបសារ។
បើទោះជាអ្នកនាង សុខ ស្រីនាង ឆ្លងកាត់ការផ្លាស់ប្តូរផលិតកម្មច្រៀងច្រើនក៏ដោយ ក៏តារាស្រីរូបនេះនៅតែរក្សាបានប្រជាប្រិយភាពមិនផ្លាស់ប្តូរឬធ្លាក់ចុះឡើយ។ ក្រោយពីបាក់បែកស្នេហាជាយូរឆ្នាំហើយ អ្នកនាង សុខ ស្រីនាង រស់នៅក្នុងភាពស្ងាត់ស្ងៀម មិនសូវមានសកម្មភាពអ្វីក្រៅពីចម្រៀង ដែលជាការងារចំបងប៉ុណ្ណោះ។ ខាងក្រោមនេះ Fresh News Plus សូមស្វែងរកនូវ ព័ត៌មានខ្លះៗពីជីវិតនិងជីវភាពរស់នៅបច្ចុប្បន្នរបស់អ្នកនាង សុខ ស្រីនាង មកជូនអ្នកគាំទ្រដូចខាងក្រោមនេះ៖
* អំពីប្រវត្តិសង្ខេប អំពីជីវិតគ្រួសារ និងការសិក្សា
អ្នកនាង សុខ ស្រីនាង កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៨៧ នៅភាគពាយ័ព្យនៃប្រទេសគឺក្នុងខេត្តបន្ទាយមានជ័យ។ ធ្លាប់បានរៀបការម្តងក្នុងឆ្នាំ២០១០ និងត្រូវបានលែងលះគ្នាវិញនៅឆ្នាំបន្ទាប់។ ដោយឡែកចំពោះគ្រួសារ សុខ ស្រីនាង មានបងប្អូនប្រុសស្រីប៉ុន្មាននាក់នោះ និងឪពុកម្តាយ មានឈ្មោះអ្វី រួមទាំងការសិក្សារផង Fresh News Plus មិនទាន់អាចរកបានឲ្យច្បាស់លាស់ផ្សាយជូននៅឡើយ ប៉ុន្តែនឹងបន្តស្វែងរកឲ្យប្រាកដនិងច្បាស់លាស់ ព័ត៌មានខាងលើមកបំពេញបន្ថែមជូននាពេលក្រោយ។
* អំពីស្នាដៃក្នុងវិស័យសិល្បៈ
សុខ ស្រីនាង បានបង្ហាញខ្លួនលើវីថីសិល្បៈចម្រៀងនៅឆ្នាំ២០០៥ ក្នុងផលិតកម្ម «KH Promotion» ជាលើដំបូង។ ដោយសារនិស័្សយពីធម្មជាតិ ហើយក៏ជាតារាចម្រៀងស្រីមួយរូបដែលផ្ដើមប្រឡូកសិល្បៈភា្លមល្បីភា្លម។ បទចម្រៀដំបូងរបស់នាងដូចជា «រាត្រីនឹកបង» និងបទ «ភ្លឺឡើងបាត់ស្នេហ៍»។ នៅក្នុងឆ្នាំ២០០៧ ខ្សែភាពយន្ដដ៏ល្បីមួយរឿងគឺរឿង «កូនប្រសារស្រី» ដែលបានចាក់ផ្សាយលើទូរទស្សន៍ CTN អមដោយបទច្រៀងដែលមានចំណងជើង «កូនប្រសារស្រី»និង ច្រៀងដោយកញ្ញា សុខ ស្រីនាង នាពេលនោះ ហើយក៏ទទួលបានភាពល្បីល្បាញទូទាំងប្រទេសកម្ពុជាទៀតផង។ ក្រោយមកក៏បានចូលរួមសម្តែងជាតួឯកក្នុងខ្សែភាពយន្តរបស់ផលិតកម្ម «KH Promotion» ក្នុងរឿង «និស្ស័យស្លាប់រស់» នៅឆ្នាំ២០០៧។ យើងនៅចាំបានថាក្នុង ឆ្នាំ២០១០ ផលិតកម្ម (KH)ត្រូវបានបានបិទទ្វារដោយសារស្ថានភាពសេដ្ឋកិច្ច និងការលួចចំឡងនាពេលនោះផង ការបិទទ្វារផលិតកម្មនេះបានធ្វើអោយបាត់សម្លេង សុខ ស្រីនាង ពីវិស័យចម្រៀងមួយរយៈខ្លី។
នៅឆ្នាំ២០១១ ក្នុងផលិតកម្ម «BIGMAN» បានឮសំឡេងចម្រៀង សុខ ស្រីនាង ជាថ្មីម្ដងទៀត។ មួយឆ្នាំក្នុងផលិតកម្មនេះ សុខ ស្រីនាង បានបន្សល់បទចម្រៀងប្រហែលជាង១០បទនាពេលនោះ ដូចជាបទ «បែកគ្នាល្អជាង» ជាដើម។ ក្រោយនៅជាមួយផលិតកម្ម «BIGMAN» បានមួយឆ្នាំ សុខ ស្រីនាង ក៏បានសម្រេចចិត្តចូលច្រៀងនៅផលិតកម្ម «SUNDAY» ដោយមានកុងត្រារយៈពេល៥ឆ្នាំ។ អំឡុងពេលនោះ សុខ ស្រីនាងទទួលបានការងារយ៉ាងច្រើន ហើយ Album ដំបូង ដែលទទួលការចាប់អារម្មណ៍ខ្លាំងលើសពីការរំពឹងទុកនោះ មានដូចជាបទ «១លានហេតុផល», «ឱបអូនឱ្យយូរជាងនេះបានទេ» និង «ផ្ញើស្នាមញញឹមឱ្យអ្នកថ្មីបង» ជាដើម។ រយៈពេល៥ឆ្នាំក្នុងផលិតកម្ម «SUNDAY» សុខ ស្រីនាង បានបន្សល់ស្នាដៃភាពយន្តមួយរឿងទៀតគឺរឿង «វិញ្ញាណបិសាចជញ្ជក់ឈាម» និងមរតកសំឡេងជាច្រើនបទ ក្នុងផលិតកម្មមួយនេះ។
មកដល់ឆ្នាំ២០១៧ ដោយចប់កុងត្រាជាមួយផលិតកម្ម «SUNDAY» សុខ ស្រីនាង ក៏បានឈានជើងចូលផលិតកម្ម «ហង្សមាស» ដែលជាទ្រនំថ្មីដ៏ប្រកួតប្រជែងរបស់តារាចម្រៀងដូចគ្នាតាមរយៈបទ «ហត់ទេស្រឡាញ់គេម្នាក់ឯង», «មនុស្សមានពិស» រួមទាំងបទចម្រៀងជាច្រើនបទទៀត។ ក្រៅពីស្នាដៃចម្រៀងក្នុង ផលិតកម្ម «ហង្សមាស» សុខ ស្រីនាង ក៏ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម ជ្រើសរើសឲ្យសម្តែងជាតួក្នុងរឿង «រាជនីភូមិគ្រឹះ» ដោយសម្តែងជាមួយតួឯកប្រុស ណុប បាយ៉ារិទ្ធ ជារឿងបានចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ហង្សមាសក្នុងឆ្នាំ២០១៩ កន្លងទៅផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ អ្នកនាង សុខ ស្រីនាង មិនសូវមានបទចម្រៀង ញាក់កន្តា្រក់ដូចតារាចម្រៀង រួមទ្រនំផ្សេងទៀតឡើយ។
ចំពោះទេពកោសល្យនិងបទពិសោទន៍ ក្នុងវិស័យចម្រៀងរយៈពេលជាងដប់ឆ្នាំនេះ ត្រូវបានម្ចាស់កម្មវិធីអន្តរជាតិ «Cambodian Idol Junior» ជ្រើសរើស អ្នកនាង សុខ ស្រីនាង រួមជាមួយលោក ព្រាប សុវត្ថិ និងលោក ឆន សុវណ្ណរាជ ជាគ្រូបង្វឹកនិងជាគណៈកម្មការក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ហង្សមាសនា ឆ្នាំ២០១៩កន្លងទៅ។
* អំពីជីវិតស្នេហា
នរណាក៏បានដឹងដែរថា សុខ ស្រីនាង ជាស្ត្រីមេម៉ាយទាំងវ័យក្មេង ដែលកើតឡើងពីការមិនចុះសម្រុងគ្នារវាងអតីតសាម្វីនាង គឺលោក ស៊ីសុវត្ថិ ដែលជាអតីតអ្នកចម្រៀងរួមទ្រនំក្នុងផលិតកម្ម «KH Promotion»។ យើងនៅចាំបានថាអ្នកទាំងពីរ បានចូលរោងការកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១០។ ក្រោយពីមង្គលការហើយ អ្នកទាំងពីរហាក់មានសុភមង្គលណាស់ដោយរស់នៅក្នុងភាពហ៊ឺហារ ជាមួយការលេចឮថា ឪពុកក្មេកចង់ចែកដើមទន់ឲ្យធ្វើជំនួញទៀតផង។ តែអ្វីទាំងនោះបានតែរយៈពេលខ្លី ក៏ស្រាប់តែកើតមានជម្លោះ ដោយការរស់នៅមិនចុះសម្រុងគ្នាព្រោះរឿងប្រច័ណ្ឌក្លាយជារឿង «ស្វាមីប្រកាន់ភរិយាប្រកែក» ព្រោះតែការថា មានអ្នកទីបីជាអ្នកមានដោយបោះលុយជានុយ ធ្វើឲ្យគ្រួសារដ៏ថ្មីថ្មោងមួយនេះចែកផ្លូវគ្នារៀងៗខ្លួននៅឆ្នាំ២០១២។ ក្រោយមក សុខ ស្រីនាង សុខចិត្តរស់នៅមានឈ្មោះជាស្រីមេម៉ាយទាំងវ័យក្មេង ដើម្បីបង្ហាញពីភាពស្មោះត្រង់រហូតសព្វថ្ងៃ។
តែយើងនៅចាំបានថា សុខ ស្រីនាង ធ្លាប់បានអះអាងថា «សម្រាប់ការជ្រើសរើសគូស្រករថ្មី ពេលណានោះគឺមិនទាន់កំណត់ទេ តែខ្ញុំមានលក្ខខណ្ឌផ្ទាល់ខ្លួន បុរសដែលខ្ញុំត្រូវសាងស្នេហ៍ ចាំបាច់មិនមែនជាគូកំណាន់ចិត្តបែបអាថ៌កំបាំងជាដាច់ខាត»។ មកដល់ឆ្នាំ២០២០នេះ សុខ ស្រីនាង ក៏រស់នៅក្នុងស្ថានភាពជាស្ត្រីមេម៉ាយដដែល ដោយរក្សាសម្ផស្ស និងសម្រស់ទាំងសាច់ឈាមរាងរៅមិនចាញ់ស្រីក្រមុំឡើយ តែក៏មិនដែលលេចឮថាមានស្នេហាថ្មី ឬមានអ្នកណាចាប់អារម្មណ៍ ឬក៏ថាមានហើយតែមិនទាន់បង្ហាញជាសារធារណៈយ៉ាងណានោះទេ? អ្វីដែលសំខាន់ទុកឲ្យពេលវេលាវិញ ពេលណានាងមានដំណឹងល្អនោះ ពិតជាមិនលាក់បានឡើយ។
* អំពីជំនួញក្រៅពីសិល្បៈ
ក្នុងជីវិតជាតារាចម្រៀងដ៏ជោគជ័យ និងមានកេរ្តិ៍ឈ្មោះតែបែរជាបរាជ័យរឿងស្នេហា អ្នកមេម៉ាយវ័យក្មេង សុខ ស្រីនាង ហាក់បីដូចជារស់នៅក្នុងជីវិតស្ងប់ស្ងៀម ពុំមានសកម្មភាពអ្វីលេចធ្លោ ឬប្រគួតប្រជែងក្នុងវិស័យជំនួញដូចរាតាដទៃឡើយ។ តែសម្រស់និងភាពស្រគត់ស្រគំរបស់នាង ត្រូវបានការទាក់ទាញផ្នែកធនាគា ដោយបានអញ្ជើញនាងធ្វើជាតំណាងឲ្យធនាគារ DGB ជាមួយនឹងកំពូលតារាចម្រៀងប្រុសលោក ព្រាប សុវត្ថិ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។
* អំពីរឿងល្បីក្នុងសារព័ត៌មាន
កន្លងមកនៅក្នុងប្រព័ន្ធសារព័ត៌មាន អ្នកមេម៉ាយវ័យក្មេង សុខ ស្រីនាង ក្រៅពីរឿងបែកបាក់ស្នេហាដែលជាចំណុចក្តៅ និងជាការចង់ដឹងចង់ឮពីអ្នកគាំទ្រ តែងតែចុះផ្សាយជាហូរហែនាពេលចន្លោះ ឆ្នាំ២០១២ តែក្រោយមកក៏ស្ងប់ស្ងាត់ ក្រោយពីពេលលទ្ធផលនៃការលែងលះគ្នា ដាច់ស្រេចជាមួយអតីតស្វាមី និងក្រោយមកដល់ពេលបច្ចុប្បន្ន មិនសូវមានដំណឹងអ្វីដែលថា ជាព័ត៌មានក្តៅឡើយ។ តែរឿងមួយដែលត្រូវបានសារព័ត៌មានចុះផ្សាយ ធ្វើឲ្យអ្នកអាន និងអ្នកគាំទ្រអត់សរសើមិនបាននោះ គឺក្រោយពីបានឮថា អតីតថៅកែខ្លួនគឺលោក គឹម ហេង (អតីតម្ចាស់ផលិតកម្ម KH Promotion) ធ្លាក់ខ្លួនលក់ភេសជ្ជៈនៅតាមផ្លូវភ្លាម នាងក៏ស្វែងរក និងទៅជួបព្រមទាំងជូនថាវិកាខ្លះជាការជួយជីវភាព។ នេះជាទង្វើមួយដែលបង្ហាញថា នាងមិនភ្លេចប្រភពដើមរបស់នាងឡើយ។
* អំពីទ្រព្យសម្បត្តិ ទម្លាប់នៃការរស់នៅ និងចំណង់ចំណូលចិត្ត
គ្មានអ្វីដែលចំឡែកនោះទេ ដែលអ្នកគាំទ្រចង់ដឹងពីទ្រព្យសម្បត្តិ ទម្លាប់នៃការរស់នៅ និងចំណង់ចំណូលចិត្ត នៃអ្នកជោគជ័យ ក៏ដូចជា Idol របស់ខ្លួនចូលចិត្តថា មានអ្វីខ្លះ ព្រោះថា នេះជាចំណុចពិសេសនាសម័យកាលថ្មីនេះ។ តាមការស្វែងរកបានឲ្យដឹងខ្លះៗថា អ្នកនាង សុខ ស្រីនាង មានវីឡាមួយកន្លែងក្នុងបុរី «សម្បត្តិមានហេង» ដែលមានតំលៃខ្ពស់គួរសម។ ចំណែករថយន្តផ្ទាល់ខ្លួន មានរថយន្ត Toyota sienna ដែលមានតំលៃជិត១០ម៉ឺនដុល្លារ។ ដោយឡែកយើងអាចសន្និដ្ឋានបានថា នាងអាចនៅមានអចលនទ្រព្យ និងគ្រឿងអលង្ការផ្សេងទៀត។
ចំពោះទម្លាប់ សុខ ស្រីនាង មិនសូវលេងសម្លៀកបំពាក់សិចស៊ី និយមភាពស្រគត់ស្រគំ ទាំងម៉ូដសក់មិនដែលលេងសក់ពណ៌។ និយមលេង IG ដែលមានអ្នក Follow 503K និងការផុសរូបភាពមិនមានរូបសិចស៊ី និងបង្អូតទ្រព្យសម្បត្តិ ឬដំណើរកំសាន្តលំដាប់ខ្ពស់ៗដូចតារាផ្សេងឡើយ។ នាងមិននិយមជាតិស្រវឹង មិនញ៉ាំភេសជ្ជៈផ្អែមខ្លាំង និយមញ៉ាំទឹកសុទ្ធច្រើនជាង២លីត្រក្នុងមួយថ្ងៃ។ ចូលចិត្តពណ៌ក្រហម។ មានទម្លាប់ល្អរួសរាយជាមួយក្រុមការងារ និងអ្នកគាំទ្រ៕