(អង់គ្លេស)៖ មុនសង្គ្រាមលោកលើកទី១ ចក្រភពអង់គ្លេសត្រូវបានគេចាត់ទុកជា «ព្រះសូរិយាមិនចេះអស្ដង្គត» ដោយសារតែនយោបាយពង្រីកដែនដីអាណានិគមកាន់តែរីកចម្រើនខ្លាំងឡើងៗ ពោលគឺខ្លាំងជាងចក្រភពបារាំង និងចក្រភពអាល្លឺម៉ង់នោះទៅទៀត។ តើអ្នកដឹងទេថា ប្រទេស និងដែនដីណាខ្លះដែលធ្លាប់នៅក្រោមអាណានិគមចក្រភពអឺរ៉ុបមួយនេះ?

ចក្រភពអង់គ្លេស ក៏ដូចជាមហាអំណាចដទៃទៀតនៅទ្វីបអឺរ៉ុបដែរ គឺបានខិតខំពង្រីកនយោបាយអាណានិគមរបស់ខ្លួនយ៉ាងខ្លាំងសម្បើម ចាប់ពីសតវត្សរ៍ទី១៦មក។ នយោបាយអាណានិគមរបស់ប្រទេសមហាអំណាចនេះ គឺតែងតែទទួលបានជ័យជម្នះជាងមហាអំណាចដទៃទៀត ។

សម្រាប់ចក្រអង់គ្លេស គេបានសម្រេចប្រតិបត្តិការសឹកចម្បាំង ដណ្ដើមយកបានដែនដីអាណានិគមពីប្រទេសជាច្រើន រួមមាន៖

* ទ្វីបអាស៉ី និងប៉ាស៉ីហ្វិក
នៅលើទ្វីបដ៏ធំមួយនេះ ចក្រភពអង់គ្លេសបានប្រើកម្លាំងយោធាទន្ទ្រានយកចក្រភពឥណ្ឌា រាជាណាចក្រភូមា រាជាណាចក្រម៉ាឡាយូ កោះសិង្ហបុរី ដែនដីហុងកុង និងផ្នែកមួយចំនួនទៀតនៃមហាឆេងរបស់ចិន ប្រទេសសាយព្រឺស (Cyprus) កំពង់ផែអាដិន (Aden) នៃប្រទេសយេមែនបច្ចុប្បន្ន ដែលស្ថិតនៅជិតច្រកចូលសមុទ្រក្រហម និងប្រទេសអាប់ហ្គានីស្ថាន។

នៅតំបន់ប៉ាស៉ីហ្វិក ចក្រភពដ៏ខ្លាំងក្លានេះក៏បានដាក់អាណានិគមនៅប្រទេសអូស្ត្រាលី និងណូវែលសេឡង់ផងដែរ។

* ទ្វីបអាមេរិក
នៅទ្វីបថ្មីនេះ ចក្រភពអង់គ្លេសបានធ្វើសញ្ជ័យលើពួកកុលសម្ពន្ធម្ចាស់ស្រុក រហូតដណ្ដើមយកបានដែនដីសហព័ន្ធអាមេរិក ដែលកាលណោះមានត្រឹមតែ ១៣ រដ្ឋប៉ុណ្ណោះ ប៉ុន្តែក្រោយមកសហរដ្ឋអាមេរិកក៏បានប្រកាសឯករាជ្យផ្ដាច់ខ្លួនពីអង់គ្លេស។ ក្រៅពីនោះមានប្រទេសកាណាដា ប្រទេសវេសអ៉ីនឌី (West Indies) ក្នុងសមុទ្រខារ៉ាបៀន និងប្រទេសគូយ៉ាណេ (Guyane) ដែលក្រោយមកបានធ្លាក់ក្រោមអាណានិគមរបស់បារាំង និងបន្តនៅជាដែនដីអាណានិគមរបស់ប្រទេសនេះរហូតមកដល់បច្ចុប្បន្ន ហៅថា ហ្វ្រេនច៍ ហ្គាយយ៉ាណា (French Guiana)។

* ទ្វីបអាហ្វ្រិក
នៅទ្វីបដែលសម្បូរដោយជនជាតិស្បែកខ្មៅមួយនេះ ចក្រភពអង់គ្លេសលុកលុយយកបានរាជាណាចក្រអេហ្ស៉ីប ប្រទេសនីសេរីយ៉ា អាហ្វ្រិកខាងកើត និងអាហ្វ្រិកខាងត្បូង។ ក្រៅពីប្រទេស និងដែនដីខាងលើនេះ ចក្រភពអង់គ្លេសក៏បានដាក់អាណានិគមនៅតាមបណ្ដាកោះតូចធំជាច្រើនទៀតជុំវិញពិភពលោកផងដែរ។

ការអនុវត្តនយោបាយអាណានិគមរបស់ពួកនេះ គឺដើម្បីសម្រេចគោលដៅសំខាន់ៗចំនួន ៤ រួមមាន៖

១៖ ប្រមូលយកវត្ថុធាតុដើមពីដែនដីអាណានិគម យកមកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសខ្លួន។

២៖ នៅពេលរោងចក្រឧស្សាហកម្មរបស់គេផលិតបានផលិតផលសម្រេចហើយ ពួកគេបានយកផលិតផលទាំងនោះមកលក់នៅតាមទីផ្សារក្នុងដែនដីអាណានិគមទាំងនោះវិញ។

ទី៣៖ ពង្រឹងមូលដ្ឋានទ័ពនៅលើដែនដីអាណានិគមស្រាប់ ដើម្បីបន្តវាយយកដែនដីថ្មីៗដាក់ក្រោមអាណានិគមបន្តទៀត។

ទី៤៖ ពង្រឹងកិត្យានុភាពរបស់ខ្លួនឱ្យខ្ពស់ត្រដែតឡើង ឬចង់គ្រប់គ្រងតំបន់សំខាន់ៗឱ្យបានច្រើនក្នុងពិភពលោក។

សូមជម្រាបថា នៅគ្រិស្ដសករាជ១៩១៤ ដែនដីដែលចំណុះក្រោមមហាអំណាចអង់គ្លេសមានទំហំដល់ ១ភាគ៤ នៃផ្ទៃដីពិភពលោក ហើយមានប្រជាជន ១ភាគ៤ នៃប្រជាជនពិភពលោកផងដែរ៕